កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យអប់រំឧត្តមសិក្សា
កប.អនឡាញ - នាថ្ងៃទី ១ ខែមេសា ជំនួបពិភាក្សារវាងគណៈប្រតិភូនៃបណ្តាសាកលវិទ្យាល័យអាមេរិក និងតំណាងនៃសាកលវិទ្យាល័យវៀតណាមមួយចំនួនបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការសិក្សាអន្តរជាតិ (IAPP) ដែលរៀបចំឡើងដោយក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងស្ថានបេសកកម្មការទូតអាមេរិកប្រចាំនៅវៀតណាម និងវិទ្យាស្ថានអប់រំអន្តរជាតិអាមេរិក (IIE) ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាមេរិក (១៩៩៥ - ២០២៥)។
តាមនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាង ៤០ នាក់មកពីសកលវិទ្យាល័យល្បីឈ្មោះចំនួន ២១ របស់សហរដ្ឋអាមេរិកបានចូលរួមក្នុងការពិនិត្យជាក់ស្តែងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ៣១ ខែមិនាដល់ថ្ងៃទី ៤ ខែមេសា) ក្នុងគោលបំណងបង្កើតទំនាក់ទំនងសហប្រតិបត្តិការថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការសិក្សាជាមួយដៃគូវៀតណាម។
    |
 |
លោកស្រី Mary Beth Polley ថ្លែងក្នុងជំនួប |
ក្នុងជំនួបនេះ លោកស្រី Mary Beth Polley ទីប្រឹក្សាវប្បធម៌ និងព័ត៌មាននៃស្ថានទូតអាមេរិកប្រចាំនៅវៀតណាម បានចែករំលែកថា គណៈប្រតិភូនៃបណ្តាសាកលវិទ្យាល័យអាមេរិកមានឱកាសជួបពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យចំនួន ១៥ របស់វៀតណាម ដើម្បីស្វែងរកវិធីសាស្រ្តសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងផ្លាស់ប្ដូរថ្មី។ យោងតាមលោកស្រី Mary Beth Polley កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វៀតណាម-សហរដ្ឋអាមេរិកត្រូវបានជម្រុញជាយូរមកហើយតាមរយៈកម្មវិធីមួយចំនួន ហើយភាគីទាំងពីរមានឱកាសជាច្រើនសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ។
ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូ មានគោលបំណងស្វែងយល់អំពីប្រព័ន្ធអប់រំឧត្តមសិក្សារបស់វៀតណាម ស្វែងរកឱកាសសហប្រតិបត្តិការ និងផ្លាស់ប្តូរកម្មវិធីបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យវៀតណាម ជាពិសេសលើវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ...។
យោងតាមលោកសាស្ត្រាចារ្យ និងបណ្ឌិត Nguyen Thanh Hieu នាយករងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ អាមេរិកជាប្រទេសមួយដែលមានប្រព័ន្ធអប់រំឈានមុខគេលើពិភពលោក ដូច្នេះមិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសាកលវិទ្យាល័យនៅប្រទេសផ្សេងទៀត ក៏ចង់សហការជាមួយសាលារៀនឈានមុខរបស់អាមេរិក។ ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះរបស់គណៈប្រតិភូ មានការចូលរួមពីតំណាងសាលា Harvard, Stanford និងសាលាជាច្រើនដែលមានប្រៀបខ្លាំងខាងបច្ចេកវិទ្យាព័ត៌មាន និង AI។ នេះជាឱកាសដ៏មានតម្លៃក្នុងការជួយសាកលវិទ្យាល័យវៀតណាមជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើវិស័យទាំងនេះ៕
បកប្រែដោយ Thuy Anh