ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ និងអប់រំរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី និងចូលរួមសកម្មភាពការទូតវប្បធម៌ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី នាថ្ងៃទី ២៤ ខែកក្កដា លោកស្រី Ngo Phuong Ly ជាភរិយាលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាជាមួយលោក Dmitry Nikolayevich Chernyshenko ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្រុស្ស៊ី លើវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវប្បធម៌ សិល្បៈ និងការអប់រំ។
លោកស្រី Ngo Phuong Ly បានថ្លែងអំណរគុណចំពោះភាគីរុស្ស៊ី ដែលបានបង្កើតលក្ខខណ្ឌអំណោយផលជួយឧបត្ថម្ភវៀតណាមក្នុងការរៀបចំពិធីបុណ្យវប្បធម៌វៀតណាមនៅទីលាន Manezhnaya ចាប់ពីថ្ងៃទី២៥ ខែកក្កដាដល់ថ្ងៃទី៣ ខែសីហា។ លោកស្រី Ngo Phuong Ly បានអះអាងថា នេះជាឱកាសមិនត្រឹមតែផ្សព្វផ្សាយ និងឧទ្ទេសនាមពីវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលរបស់វៀតណាមដល់ប្រជាជនរុស្ស៊ីប៉ុណ្ណោះទេ តែថែមទាំងដល់ប្រជាជននៃបណ្តាប្រទេសដែលកំពុងរស់នៅរដ្ឋធានីម៉ូស្គូទៀតផង។ លោកស្រី Ngo Phuong Ly បានអះអាងថា ទំនាក់ទំនងវប្បធម៌គឺជាខ្សែអក្សរដ៏ជិតស្និទ្ធ ទំនាក់ទំនងអប់រំជាស្ពានមិត្តភាពឆ្លងកាត់ជំនាន់ជាច្រើន ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ ហើយចាំបាច់ត្រូវទទួលមរតក និងអភិវឌ្ឍ។
    |
 |
លោកស្រី Ngo Phuong Ly និងលោក Dmitry Nikolayevich Chernyshenko ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី (រូបថត៖ vov.vn) |
រីឯលោក Dmitry Nikolayevich Chernyshenko ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃថា ដំណើរទស្សនកិច្ចការងាររបស់លោកស្រី Ngo Phuong Ly លើកនេះ បានរួមចំណែកបង្ហាញពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការអភិវឌ្ឍរួមនៃទំនាក់ទំនងទ្វេភាគី។
លោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានអះអាងនូវបំណងចង់បន្តសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងសង្កត់ធ្ងន់លើការជួយបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម ដែលកំពុងសិក្សាជំនាញវប្បធម៌ វិទ្យាសាស្ត្រមូលដ្ឋាន និងសិល្បៈ និងគាំទ្រគំនិតផ្តួចផ្តើមបើកថ្នាក់រៀនភាសាវៀតណាមនៅតាមសាលារៀនដែលមានសិស្ស និងនិស្សិតវៀតណាមជាច្រើនដែលកំពុងសិក្សា។ ភាគីរុស្ស៊ីក៏មានបំណងចង់ជំរុញគម្រោងវិទ្យាល័យរុស្ស៊ី-វៀតណាម នៅទីក្រុងហាណូយ ហើយប្រែក្លាយវិទ្យាស្ថាន Pushkin នៅទីក្រុងហាណូយ ទៅជាមជ្ឈមណ្ឌលសម្រាប់ការសិក្សាភាសារុស្ស៊ីនៅអាស៊ីអាគ្នេយ៍៕
បកប្រែដោយ Huyen Trang