វៀតណាមស្ថិតក្នុងចំណោមទីផ្សារទាំង ១៥ ដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេរបស់សិង្ហបុរី
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ខែឧសភា អគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរី ក្រុមហ៊ុន Vietnam Airlines និងសាជីវកម្ម Sentosa Development Corporation បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីជំរុញទេសចរណ៍ និងបង្កើនការតភ្ជាប់រវាងវៀតណាម និងសិង្ហបុរីក្នុងបរិបទនៃការកើនឡើងគួរឲ្យចាប់អារម្មណ៍នៃចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសសិង្ហបុរី។
តាមនោះ ភាគីទាំងបីនឹងសហការអនុវត្តសកម្មភាពផ្សព្វផ្សាយសិង្ហបុរីដែលជាគោលដៅដ៏ល្អសម្រាប់ការលេងកម្សាន្តផង និងដំណើរបេសកកម្មផងពីវៀតណាម ហើយការផ្សព្វផ្សាយ Sentosa ជាជម្រើសកំពូលសម្រាប់ភ្ញៀវទេសចរវៀតណាម ព្រមទាំងបញ្ជាក់ពីតួនាទីរបស់ក្រុមហ៊ុន Vietnam Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលផ្ដោតទៅលើដំណើរទៅកាន់ប្រទេសសិង្ហបុរី។
    |
 |
អគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរី ក្រុមហ៊ុន Vietnam Airlines និងសាជីវកម្ម Sentosa ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការបង្កើនចំនួនភ្ញៀវទេសចរ (រូបថត៖ vietnamplus.vn) |
យោងតាមលោក Dang Anh Tuan អគ្គនាយករងនៃក្រុមហ៊ុន Vietnam Airlines សិង្ហបុរីតែងតែជាទីផ្សារដ៏សំខាន់មួយរបស់ក្រុមហ៊ុន Vietnam Airlines នៅអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលជាង ៣០ ឆ្នាំចាប់តាំងពីបើកជើងហោះហើរលើកដំបូងរវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍នេះបានបម្រើអ្នកដំណើរជាង ៨.១ លាននាក់នៅលើផ្លូវហោះហើរនេះ។ លោកជឿជាក់ថា ការអនុវត្តយុទ្ធនាការនានាប្រកបដោយប្រសិទ្ធភាពដែលស្របតាមនិន្នាការទេសចរណ៍ទំនើប មិនត្រឹមតែបង្កើនចំនួនអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរវប្បធម៌ ការតភ្ជាប់សហគមន៍ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
យោងតាមការស្ថិតិពីអគ្គនាយកដ្ឋានទេសចរណ៍សិង្ហបុរី ក្នុងឆ្នាំ២០២៤ សិង្ហបុរីបានស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ១៦.៥ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរជាង ៣៩៣,០០០ នាក់មកពីប្រទេសវៀតណាម។ វៀតណាមបន្តស្ថិតក្នុងចំណោមទីផ្សារទាំង ១៥ ដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេរបស់សិង្ហបុរី៕
បកប្រែដោយ Thuy Anh