ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងយូណេស្កូ
កប.អនឡាញ - នារសៀលថ្ងៃទី ១៩ ខែឧសភា នៅទីក្រុងហាណូយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Lazare Eloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។
ក្នុងជំនួប លោក Bui Thanh Son បានចែករំលែកថា ក្នុងយុគសម័យថ្មី វៀតណាមកំពុងផ្តោតទៅលើ “របកគំហើញយុទ្ធសាស្ត្រទាំងបួន” ដែលក្នុងនោះការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាកម្លាំងចលករសំខាន់ក្នុងការជំរុញទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ សមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ស្មារតីនេះស្របនឹងទិសដៅរបស់អង្គការយូណេស្កូក្នុងការរួមបញ្ចូលវិទ្យាសាស្ត្រ និងវប្បធម៌ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោក Lazare ផ្ទាល់នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការធានាសុខដុមរមនារវាងការអភិរក្ស និងការអភិវឌ្ឍនៅតំបន់បេតិកភណ្ឌពិភពលោក។
    |
 |
លោក Bui Thanh Son ជូនមេដាយអនុស្សាវរីយ៍“ដើម្បីបុព្វហេតុការទូតរបស់វៀតណាម” ដល់លោក Lazare |
លោក Lazare បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរជាវិជ្ជមានរបស់វៀតណាមបន្ទាប់ពីរយៈពេលពីរឆ្នាំ ជាពិសេសក្នុងការអភិវឌ្ឍទីក្រុងដែលតភ្ជាប់នឹងការអភិរក្សបេតិកភណ្ឌ។ លោក Lazare បានអះអាងថា វៀតណាមជាដៃគូដែលអាចទុកចិត្តបាន តែងតែទទួលយក និងអនុវត្តអនុសាសន៍របស់អង្គការ UNESCO។ លោក Lazare បានអះអាងថា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនឹងរួមដំណើរ និងគាំទ្រវៀតណាមក្នុងការអភិរក្ស និងលើកកំពស់តំលៃបេតិកភណ្ឌពិភពលោក ព្រមទាំងប្តេជ្ញាបន្តផ្ដល់យោបល់ និងជួយគាំទ្រការគ្រប់គ្រង ការអភិរក្ស និងការលើកកំពស់តំលៃនៃតំបន់បេតិកភណ្ឌពិភពលោកចំនួន ៨ របស់វៀតណាម។
ក្នុងឱកាសនេះ តាងនាមឲ្យក្រសួងការបរទេស លោក Bui Thanh Son បានជូនមេដាយអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុការទូតរបស់វៀតណាម” ដល់លោក Lazare ក្នុងបំណងទទួលស្គាល់នូវការរួមចំណែករបស់លោកក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌរបស់វៀតណាម និងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការ UNESCO៕
បកប្រែដោយ Thuy Anh