ពេលវេលាល្អសម្រាប់ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅបារាំង
កប.អនឡាញ - នាពេលថ្មីៗនេះ កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមទើបតែត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌វៀតណាម ក្នុងទីក្រុងប៉ារីស ជាមួយនឹងផលិតផលថ្មីៗ ដែលសមស្របនឹងលក្ខណៈនៃទីផ្សារអឺរ៉ុប។
កម្មវិធីនេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលរៀបចំដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) គណៈកម្មាធិការប្រជាជនទីក្រុង Hue មូលនិធិគាំទ្រអភិវឌ្ឍន៍ទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងដៃគូនានានៅទីក្រុង Milan (អ៊ីតាលី) ទីក្រុងហ្សឺណែវ (ស្វីស) និងទីក្រុងប៉ារីស (បារាំង) ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៣ ខែឧសភា។
    |
 |
ការសម្តែងសិល្បៈនៅក្នុងកម្មវិធី (រូបថត៖ vnanet.vn) |
មានប្រសាសន៍ក្នុងឱកាសនេះ លោក Nguyen Trung Khanh ប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានអះអាងថា កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅបារាំងមានអត្ថន័យពិសេស ជានិមិត្តរូបដ៏រស់រវើកនៃការតភ្ជាប់រវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងរយៈពេលជាងកន្លះសតវត្សរ៍។
យោងតាមលោក Nguyen Trung Khanh ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងរយៈពេលជាង ២ ទស្សវត្សរ៍ ដោយមានឯកសារសំខាន់ៗជាច្រើនដូចជា កិច្ចព្រមព្រៀងសហប្រតិបត្តិការទេសចរណ៍ឆ្នាំ១៩៩៦ ពិធីសារស្ដីពីការអនុវត្តនៅឆ្នាំ២០០៥ និងលិខិតបញ្ជាក់បំណងស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឆ្នាំ២០១៨...ភាគីទាំងពីរក៏បានសហការរៀបចំព្រឹត្តិការណ៍ជម្រុញទេសចរណ៍ជាច្រើន ហើយមានការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍផលិតផលនិងសេវាកម្មទេសចរណ៍។
លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង បានអះអាងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពផ្សព្វផ្សាយទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងស្ថិតក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការជំរុញទេសចរណ៍វៀតណាមឆ្នាំ ២០២៥ ផងដែរ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលផ្នែកទេសចរណ៍ពិភពលោកបានងើបឡើងវិញក្រោយជំងឺរាតត្បាត Covid-19 ឥឡូវនេះគឺជាពេលវេលាល្អសម្រាប់វៀតណាមក្នុងការជំរុញទេសចរណ៍ មិនត្រឹមតែក្នុងគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើនការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងមិត្តភាពរវាងបណ្ដាប្រទេសទៀតផង៕
បកប្រែដោយ Thanh Cong