ផ្សព្វផ្សាយស្មារតីស្នេហាជាតិ និងតម្លៃវប្បធម៌វៀតណាមនៅកាណាដា
កប.អនឡាញ - ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ ក្រុមប្រឹក្សាវប្បធម៌ និងអប់រំកាណាដា-វៀតណាម (CVCEC) បានសហការជាមួយអង្គការតភ្ជាប់អភិវឌ្ឍវប្បធម៌ និងអប់រំ នៃគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេសវៀតណាម និងសាលា Oxford College Canada ដើម្បីរៀបចំព្រឹត្តិការណ៍នានាក្នុងបំណងផ្សព្វផ្សាយស្មារតីស្នេហាជាតិ និងតម្លៃវម្បធម៌ អប់រំរបស់ប្រជាជនវៀតណាមនៅកាណាដា។
ក្នុងសិក្ខាសាលា “ដំណើរការតភ្ជាប់៖ ពីផ្កាឈូកនៃវៀតណាមដល់ស្លឹកដើមម៉េផលនៃកាណាដា” CVCEC និងអង្គការមួយចំនួនដែលកំពុងប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីជម្រុញគម្រោងវប្បធម៌នាពេលអនាគត។ គម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ដែលកំពុងអនុវត្តគឺការរៀបចំពិព័រណ៍វប្បធម៌វៀតណាមនៅសារមន្ទីរ Royal Ontario ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៥។
លោក Nguyen Phu Binh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានសមាគមទាក់ទងជាមួយជនជាតិវៀតណាមនៅឯបរទេស មានចាត់ទុកថា គំនិតផ្តួចផ្តើមដូចជាព្រឹត្តិការណ៍នេះគឺជាភស្តុតាងនៃការតភ្ជាប់ដ៏រឹងមាំរវាងសហគមន៍ជនវៀតណាមលើពិភពលោក ជាមួយមាតុភូមិ។
    |
 |
សមាជិក CVCEC និងដៃគូក្នុងសិក្ខាសាលា “ដំណើរការតភ្ជាប់៖ ពីផ្កាឈូកនៃវៀតណាមដល់ស្លឹកដើមម៉េផលនៃកាណាដា” (រូបថត៖ vnanet.vn) |
ការពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ជាពិសេសនៅប្រទេសកាណាដា ដែលជាប្រទេសពហុវប្បធម៌និងមនុស្សធម៌ នឹងរួមចំណែកផ្សព្វផ្សាយរូបភាពរបស់វៀតណាមដល់ពិភពលោក។
ព្រឹត្តិការណ៍ខាងលើត្រូវបានរំពឹងថា មិនត្រឹមតែបង្កើតឱកាសផ្លាស់ប្តូររវាងសហគមន៍អ្នកស្រឡាញ់វប្បធម៌ និងការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការ និងអ្នកជំនាញក្នុង និងក្រៅប្រទេស ពិភាក្សាអំពីគំរូសហប្រតិបត្តិការលើវិស័យអប់រំ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសមាហរណកម្មអន្តរជាតិ។
សិក្ខាសាលា “ដំណើរការតភ្ជាប់៖ ពីផ្កាឈូកនៃវៀតណាមដល់ស្លឹកដើមម៉េផលនៃកាណាដា” ត្រូវបានចាត់ទុកថាជាឱកាសសម្រាប់សហគមន៍និស្សិតវៀតណាមនៅកាណាដា សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សជំនាន់មុនៗ ដែលបានលះបង់ដើម្បីឯករាជ្យ សន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងបង្ហាញពីអត្តសញ្ញាណវប្បធម៌វៀតណាម និងបេសកកម្មរបស់យុវជនវៀតណាមនៅក្រៅប្រទេសក្នុងការថែរក្សា ពង្រីក និងផ្សព្វផ្សាយតម្លៃនៃប្រជាជាតិ៕
បកប្រែដោយ Thuy Anh