ការស្វែងរកអំពីគោលដៅទេសចរណ៍នៅវៀតណាមរបស់ភ្ញៀវទេសចរអន្តរជាតិកើនឡើងពី១០-២៥%
កប.អនឡាញ - នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានឲ្យដឹងថា យោងតាម Google Destination Insights ការស្វែងរកអន្តរជាតិអំពីទេសចរណ៍វៀតណាមបានកើនឡើងប្រហែល ១០% ដល់ ២៥% ចាប់តាំងពីដើមឆ្នាំ២០២៥។
បច្ចុប្បន្ន វៀតណាមជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីប្រទេសដែលត្រូវបានស្វែងរកអំពីទេសចរណ៍។ វៀតណាមក៏ជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ក្នុងចំណាត់ថ្នាក់គោលដៅទាំង ១០ ដែលត្រូវបានស្វែងរកច្រើនជាងគេ ដោយវ៉ាដាច់ប្រទេសជាច្រើនក្នុងតំបន់ដូចជា៖ ហ្វីលីពីន (ចំណាត់ថ្នាក់ទី ១៨) សិង្ហបុរី (ចំណាត់ថ្នាក់ទី ២៥) ថៃ (ចំណាត់ថ្នាក់ទី៣៦) ឥណ្ឌូនេស៊ី (ចំណាត់ថ្នាក់ទី ៣៧) ម៉ាឡេស៊ី (ចំណាត់ថ្នាក់ទី ៣៩)។
ជាមួយនឹងគោលនយោបាយទិដ្ឋាការអំណោយផល ប្រព័ន្ធផលិតផលទេសចរណ៍ដ៏សម្បូរបែប និងការបើកផ្លូវហោះហើរអន្តរជាតិថ្មីជាច្រើន វៀតណាមកំពុងក្លាយជាចំណុចភ្លឺនៅលើផែនទីទេសចរណ៍ពិភពលោក ដែលទទួលបានការចូលចិត្តនិងការជ្រើសរើសពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ។ ទាំងនេះគឺជាសញ្ញាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ផ្នែកទេសចរណ៍ ក្នុងការសម្រេចបាននូវគោលដៅទទួលភ្ញៀវអន្តរជាតិពី ២២-២៣ លាននាក់នៅឆ្នាំ២០២៥។
យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់វៀតណាមត្រូវបានអភិវឌ្ឍដោយព្រមៗគ្នា និងទំនើប។ ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រមានភាពងាយស្រួល រួមទាំងការបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងធំៗលើពិភពលោកជាមួយប្រទេសវៀតណាម... បានបង្កភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងការទៅកាន់ប្រទេសវៀតណាម។ ជាពិសេស គោលនយោបាយបន្ធូបន្ថយទិដ្ឋាការ លិខិតឆ្លងដែន និងស្ថិរភាពនៃសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសវៀតណាម គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិជ្រើសរើសគោលដៅទេសចរណ៍វៀតណាម។ ទន្ទឹមនឹងនោះ ផ្នែកទេសចរណ៍វៀតណាមតែងតែជំរុញទេសចរណ៍នៅទីផ្សារសំខាន់ៗ ហើយផ្សព្វផ្សាយរូបភាព និងម៉ាកយីហោទេសចរណ៍វៀតណាមដល់ភ្ញៀវអន្តរជាតិ៕
បកប្រែដោយ Thuy Anh