លោកស្រីបណ្ឌិត Nguyen Phuong Hoa ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) បានចែករំលែកជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនអំពីបញ្ហាផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់វៀតណាម និងប្រទេសនានាក្នុងសហគមន៍អាស៊ាន។
អ្នកយកព័ត៌មាន៖ យោងតាមលោកស្រី តើធ្វើយ៉ាងដូចម្តេចដើម្បីឲ្យវប្បធម៌វៀតណាម បន្តផ្សព្វផ្សាយក្នុងប្រទេសអាស៊ាន?
លោកស្រីបណ្ឌិត Nguyen Phuong Hoa៖ ខ្ញុំពិតជារីករាយ និងមានមោទនភាពណាស់នៅពេលដែលវៀតណាមបានធ្វើសមាហរណកម្មក្នុងអាស៊ាន រួមចំណែកយ៉ាងសកម្ម និងដើរតួនាទីឈានមុខគេក្នុងអាស៊ានទៀតផង។ នៅក្នុងដំណើរការទាំងមូលនោះ វប្បធម៌មានមោទនភាពក្នុងការក្លាយជាបេសកជននៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវប្បធម៌ រួមចំណែកតភ្ជាប់ប្រទេសនានា។
|
|
លោកស្រីបណ្ឌិត Nguyen Phuong Hoa ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) |
ប្រហែលជាមានការខ្វែងគំនិតគ្នាខាងនយោបាយ សេដ្ឋកិច្ច និងសង្គមរវាងប្រទេសនានា ប៉ុន្តែដោយសារតែតន្ត្រីល្អ ឬបទភ្លេងដ៏ពិរោះនោះ ទើបប្រជាជននឹងងាយតភ្ជាប់ជាមួយគ្នាទៅវិញទៅមក។ វប្បធម៌គឺជាកត្តាមូលដ្ឋានដើម្បីតភ្ជាប់ប្រជាជាតិនានា និងជំរុញប្រទេសទាំងឡាយឱ្យកាន់តែខិតមកជិតជាមួយគ្នា ជាពិសេសជាមួយនឹងអត្តសញ្ញាណវប្បធម៌ពិសេសរបស់វៀតណាម និងបណ្តាប្រទេសអាស៊ាន។
កត្តាវប្បធម៌រួមចំណែកលើកកម្ពស់ និងកសាងទំនុកចិត្ត ដើម្បីអភិវឌ្ឍរួមគ្នាក្នុងសហគមន៍នៃបណ្តាប្រទេសអាស៊ាន។ សហគមន៍សង្គម-វប្បធម៌ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការអាស៊ាន ដែលមានយន្តការចាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ រហូតដល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃអង្គការវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ រដ្ឋបង្កើតបរិយាកាសគតិយុត្តិអំណោយផលសម្រាប់អង្គការវប្បធម៌ អ្នកទទួលបន្ទុកការងារវប្បធម៌ និងជាពិសេសប្រជាជន ដើម្បីលើកកម្ពស់ការច្នៃប្រឌិត និងជំរុញការផ្លាស់ប្តូរវប្បធម៌។
|
|
ការសម្តែងតន្ត្រី និងរបាំដែលពោរពេញទៅដោយពណ៌វប្បធម៌អាស៊ាន |
អ្នកយកព័ត៌មាន៖ តើធ្វើដូចម្តេចដើម្បីកសាងអត្តសញ្ញាណវប្បធម៌អាស៊ាន ខណៈដែលនៅតែរក្សាអត្តសញ្ញាណនៃប្រទេសនីមួយៗ?
លោកស្រីបណ្ឌិត Nguyen Phuong Hoa៖ នៅឆ្នាំ២០២០ នៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាន គំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមរបស់វៀតណាមគឺ របាយការណ៍អំពីអត្តសញ្ញាណអាស៊ាន ដែលសង្កត់ធ្ងន់ទៅលើសហគមន៍វប្បធម៌អាស៊ានដែលរួបរួមក្នុងភាពចម្រុះដែលប្រកាន់យកមនុស្សជាស្នូល រួមគ្នាឆ្ពោះទៅគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
វៀតណាម និងប្រទេសនានាបានចូលរួមក្នុងគម្រោងសហប្រតិបត្តិការជាច្រើនចាប់ពីការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌លើវិស័យជាច្រើនដូចជា ភាពយន្ត សិល្បៈទស្សនីយភាព តន្ត្រី។ល។ គម្រោងទាំងនេះ បានរួមចំណែកពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិនានា និងរួមចំណែកកសាងសហគមន៍អាស៊ានដ៏ស្អិតរមួត។
អាចនិយាយបានថា នៅពេលដែលខ្ញុំមានឱកាសចូលរួមក្នុងវេទិកាពហុភាគី និងជួបជុំជាមួយមិត្តអាស៊ាន ខ្ញុំមានមោទនភាពខ្លាំងណាស់ ព្រោះវប្បធម៌បានរួមចំណែកក្នុងការតភ្ជាប់គ្រួសារអាស៊ានដ៏រឹងមាំ ហើយអត្តសញ្ញាណវប្បធម៌អាស៊ានភ្លឺស្វាងជានិច្ច។
នៅក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរវប្បធម៌ យើងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ C asean ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានគោលដៅផ្សារភ្ជាប់វប្បធម៌ និងប្រជាជន ដើម្បីបង្កើតវេទិកាសកម្មភាពមួយសម្រាប់សហគមន៍អាស៊ាន។
ខ្ញុំវាយតម្លៃខ្ពស់ជាពិសេសចំពោះគម្រោងរបស់ C asean ក្នុងការបង្កើតក្រុមតន្ត្រីអាស៊ានដែលរួមមានសិល្បករចំនួន ១០ រូបដែលប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណីមកពីប្រទេសអាស៊ាននីមួយៗដើម្បីច្រៀងបទចម្រៀងរួមអំពីអាស៊ាន។ ក្រុមតន្រ្តីនេះមិនត្រឹមតែសម្តែងក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាមអំពីវប្បធម៌ប្រពៃណីរបស់អាស៊ានទៅកាន់ប្រទេសជាច្រើនទៀតជុំវិញពិភពលោក ដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងទៀតផង។
នាពេលថ្មីៗនេះ C asean Vietnam បានរៀបចំសិក្ខាសាលាប្រកបដោយជោគជ័យ៖ “វៀតណាមក្នុងអាស៊ាននៅទីក្រុងហាណូយ” ដោយមានការចូលរួមពីវាគ្មិនដូចជា៖ លោក Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អតីតប្រធាន SOM អាស៊ានរបស់វៀតណាម; លោក Phan Chi Thanh អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រថៃ។ល។
ព្រឹត្តិការណ៍នេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាថ្នាក់តំបន់ និងបើកទស្សនវិស័យថ្មីអំពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់វៀតណាម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការតភ្ជាប់អាស៊ាន។ តាមរយៈសិក្ខាសាលាដ៏មានអត្ថន័យនេះ C asean Vietnam សង្ឃឹមថានឹងជំរុញការយល់ចិត្ត និងបង្កើតកម្លាំងចលករដ៏រឹងមាំ ដើម្បីអភិវឌ្ឍសហគមន៍អាស៊ានកាន់តែស្អិតរមួត និងវិបុលភាពនាពេលអនាគត៕
បកប្រែដោយ Huyen Trang