នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្ត្រី ប្រធានគណៈប្រតិភូទទួលបន្ទុកសហគមន៍វប្បធម៌ - សង្គមនៃប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន។ គណៈប្រតិភូមកពីទីម័រឡេស្តេបានចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Luu Quang Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍វប្បធម៌ - សង្គមអាស៊ានលើកទី៣១ (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាម បានវាយតំលៃខ្ពស់ចំពោះអាទិភាពរបស់សហគមន៍វប្បធម៌-សង្គមអាស៊ាន ដែលឡាវលើកឡើងក្នុងឆ្នាំ ២០២៤ ហើយជឿជាក់ថា លទ្ធផលដែលសម្រេចបាននៅឆ្នាំ ២០២៤ ក្រោមការដឹកនាំរបស់ប្រទេសជាប្រធានឡាវ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយបញ្ជាក់ពីកិត្យានុភាព និងតួនាទីរបស់អាស៊ាននៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ដោយឯកភាពលើទិសដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ សិល្បៈ និងលើកកំពស់តួនាទីស្ត្រី និងកុមារ វៀតណាមបានអះអាងថា ក្រៅពីការគាំទ្រតួនាទីជាប្រធានសហគមន៍វប្បធម៌-សង្គមអាស៊ានក្នុងឆ្នាំ ២០២៤ វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួល និងជួយឧបត្ថម្ភក្នុងការអនុវត្តគំនិតផ្តួចផ្តើម និងអាទិភាពក្នុងវិស័យឯកទេស ដូចជាដំណើរការនៃការបញ្ចប់សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រយុទ្ធប្រឆាំង និងលុបបំបាត់ពលកម្មកុមារ សេចក្តីថ្លែងការណ៍ស្តីពីការចល័ត ការទទួលស្គាល់ទៅវិញទៅមក និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់ពលករចំណាកស្រុកដែលត្រូវដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន សេចក្តីណែនាំ និងរបាយការណ៍វាយតម្លៃអំពីតំបន់ ក៏ដូចជាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួន រួមទាំងវេទិកាកុមារអាស៊ានលើកទី៨ កិច្ចសន្ទនាអន្តរវិស័យកម្រិតខ្ពស់អាស៊ានស្តីពីសុខុមាលភាពសង្គម និងកិច្ចប្រជុំកំពូលស្ត្រីស្តីពីសេដ្ឋកិច្ច ថែទាំ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូទាំងឡាយបានចេញសេចក្តីថ្លែងការណ៍រួមមួយ និងឯកភាពអនុម័តលើគោលការណ៍សម្រាប់បញ្ជីឯកសារ និងសេចក្តីថ្លែងការណ៍នៃសហគមន៍វប្បធម៌ - សង្គមអាស៊ាន ដែលគ្រោងនឹងដាក់ជូនក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ នៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូក៏បានឯកភាពលើខ្លឹមសារនៃរបាយការណ៍នៃកិច្ចប្រជុំសហគមន៍វប្បធម៌ - សង្គមអាស៊ាន លើកទី៣១ ដើម្បីដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន៕

បកប្រែដោយ Huyen Trang