រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក ថោង ខុន បានអះអាងថា ការរៀបចំកម្លាំងសរុប មធ្យោបាយសរុប និងការរៀបចំផែនការផ្សេងៗទៀតរបស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បាននិងកំពុងបង្ហាញពីវឌ្ឍនភាពល្អប្រសើរ ដើម្បីឈានទៅរកការសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ និងកិត្តិយសសម្រាប់ប្រទេសជាតិ ចំពោះការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នេះ។

ក្រៅពីការបង្ហាញពីតួលេខផ្លូវការរបស់ប្រតិភូកីឡាតំណាងឱ្យប្រទេសទាំង១១ ដែលត្រូវចូលរួមការប្រកួតស៊ីហ្គេម នាថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ខាងមុខនេះ ដោយមានចំនួន ១២ ៤០៤ នាក់ លោក ថោង ខុន ក៏បានបង្ហាញពីសកម្មភាពការងារ ដែល CAMSOC-CAMAPGOC សម្រេចបាន និងកំពុងតែធ្វើបន្ត ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយលោកបានបញ្ជាក់ថា មិនមានផ្នែកណាមួយមានបញ្ហាទេ។

leftcenterrightdel
ស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅនៅខែឧសភា (រូបថត៖ vietnamplus.vn)

លោក ថោង ខុន បានបញ្ជាក់ថា៖ «គ្រប់កម្លាំងទាំងអស់របស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC អាជ្ញាធររាជធានី-ខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បាននិងកំពុងសហការគ្នាយ៉ាងសកម្ម និងស្អិតល្មួតក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមគោលការណ៍ និងគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការ CAMSOC-CAMAPGOC ឆ្ពោះទៅរកជោគជ័យត្រចះត្រចង់ ដើម្បីកិត្តិយស និងកិត្យានុភាពជាតិ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះលើកដំបូង»។

វឌ្ឍនភាពការងារ ត្រៀមគ្រប់ជ្រុងជ្រោយ ដែលលោក ថោង ខុន បានលើកមកបង្ហាញ នៅក្នុងពិធីទទួលទានអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាជាតិ កាលពីថ្ងៃទី៣ ខែមីនា កន្លងមកនេះ បានលម្អិតទៅតាមផ្នែកមួយៗយ៉ាងច្បាស់លាស់។ អំពីការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន តាមគម្រោងផែនការ ត្រូវបានគិតគូររៀបចំទុកមុនរួចជាស្រេច តាំងពីកិច្ចប្រជុំ នាថ្ងៃទី៣១ ខែមីនា ដោយក្នុងនោះ ប្រតិភូកីឡាចំនួន ៣ ៥០០ នាក់ ត្រូវស្នាក់នៅ ហូបចុក ក្នុងភូមិកីឡា។ រីឯប្រតិភូកីឡាជាង ២ ០០០ នាក់ ត្រូវបានរៀបចំរួចរាល់ ឱ្យស្នាក់នៅ ហូបចុក តាមសណ្ឋាគារមួយចំនួន កម្រិតចាប់ពីផ្កាយ ៤ ឡើង ដែលនៅជិតទីតាំងប្រកួត។ ចំណែកប្រតិភូកីឡាជាង ២ ០០០ នាក់ទៀត ដែលត្រូវប្រកួត នៅតាមខេត្តគោលដៅទាំង៤ ក៏ត្រូវបានរៀបចំការស្នាក់នៅ ហូបចុក តាមសណ្ឋាគារល្អៗ ដែលបានកំណត់យ៉ាងហ្មត់ចត់។

ចំពោះការងារសន្តិសុខ-សណ្តាប់ធ្នាប់ ការសង្គ្រោះព្យាបាល ការរៀបចំកម្លាំងសរុប មធ្យោបាយសរុប គឺបានកសាងផែនការប្រកបដោយភាពហ្មត់ចត់ និងលម្អិតគួរជាទីកក់ក្តៅ ក្នុងនោះមានកងកម្លាំងសមត្ថកិច្ចសរុបជាង ៥០០០ នាក់ និងមន្ត្រីសុខាភិបាល ប្រមាណ ៣០០០ នាក់។ រីឯពិធីបើក-បិទ បាននិងកំពុងធ្វើការហ្វឹកហាត់សម្តែងយ៉ាងសកម្ម ដែលមានសិល្បករ-សិល្បការិនី មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមាណ ១០០០ នាក់ កីឡាករ កីឡាការិនី និងកងទ័ព ចំនួនប្រមាណ ២០០០ នាក់ សរុបប្រមាណ ៣០០០ នាក់ ដើម្បីសម្តែងទស្សនីយភាពដ៏អស្ចារ្យ។

សម្រាប់អ្នកស្ម័គ្រចិត្ត ដែលជាប្រព័ន្ធសរសៃឈាម (DNA) របស់ព្រឹត្តិការណ៍ គឺជាកម្លាំងការងារដ៏សំខាន់ក្នុងដំណើរការអនុវត្តការងារ ដែលត្រូវបានជ្រើសរើស និងបំពាក់បំប៉នរួចរាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រមាណ ៥០០០ នាក់ សម្រាប់ SEA Games និង ២០០០ នាក់ សម្រាប់ ASEAN Para Games។

ចំណែកការរៀបចំទីលានប្រកួត រួមទាំងការបំពាក់ឧបករណ៍សម្ភារបរិក្ខា និងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមបទដ្ឋានបច្ចេកទេសកីឡា បាននិងកំពុងរៀបចំ និងជំរុញយ៉ាងសកម្មផងដែរ ហើយការតុបតែងលម្អតាមគោលដៅ និងតាមទីតាំងប្រកួត រដ្ឋបាលរាជធានី-ខេត្ត និងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បាននិងកំពុងសហការគ្នាជំរុញបន្តយ៉ាងសកម្ម។

លោក ថោង ខុន បានបន្ថែមថា៖ «ការផ្សព្វផ្សាយព័ត៌មាន និងផ្សាយបន្តផ្ទាល់ ត្រូវបានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC ដែលដឹកនាំដោយក្រសួងព័ត៌មាន កំពុងធ្វើការយ៉ាងសកម្មក្នុងក្របខ័ណ្ឌបច្ចេកទេស ជាមួយបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុក ដោយគោរពតាមគោលការណ៍របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្តី ក្នុងការផ្តល់សិទ្ធិផ្សាយដោយមិនគិតថ្លៃ»។

បកប្រែដោយ Duy Hoan