ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយអាស៊ាន គាំទ្រអាស៊ានដើរតួនាទីជាមជ្ឈភាព និងប្តេជ្ញាសម្របសម្រួលជាមួយអាស៊ានក្នុងការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) តាមរយៈកម្មវិធី និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ កូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អាស៊ានក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម ធ្វើជាសហប្រធាននៃកិច្ចសន្ទនាអាស៊ាន និងកូរ៉េខាងត្បូងលើកទី ២៦ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា កូរ៉េខាងត្បូងគឺជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន ហើយរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពលើសសរស្តម្ភទាំងបីក្នុងការកសាងសហគមន៍អាស៊ាន។ លោកបានស្នើឲ្យអាស៊ាន និងកូរ៉េខាងត្បូងជំរុញសកម្មភាពសហប្រតិបត្តិការឆ្ពោះទៅរកប្រជាជន ក្នុងស្មារតីដែលយកប្រជាជនជាស្នូល ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតប និងស្តារឡើងវិញ ធានាឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន ព្រមៗគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើការធ្វើសមាហរណកម្មពាណិជ្ជកម្មពហុភាគី និងការចងសម្ព័ន្ធសេដ្ឋកិច្ច ហើយបញ្ជាក់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីរួមចំណែកក្នុងការងើបឡើងវិញ។

ទាក់ទិននឹងស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ អាស៊ាន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាក្នុងការខិតខំប្រឹងប្រែងដើម្បីរួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ីឦសាន និងអាស៊ីអាគ្នេយ៍ ដើម្បីចូលរួមចំណែកកសាងបរិយាកាសអាស៊ី-ប៉ាស៊ីហ្វិក-មហាសមុទ្រឥណ្ឌាមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍ។ កូរ៉េខាងត្បូងបញ្ជាក់ថា នឹងរក្សាទំនាក់ទំនង និងកិច្ចសន្ទនា ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដោយសន្តិវិធីនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងត្បូងក៏បានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះគោលជំហរជាគោលការណ៍របស់អាស៊ាននៅសមុទ្រខាងកើត រួមទាំងការខិតខំប្រឹងប្រែងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ហើយលើកកំពស់តួនាទីរបស់អាស៊ានក្នុងការជម្រុញកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងជួយប្រទេសមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយរក្សាស្ថិរភាពស្ថានការណ៍៕

បកប្រែដោយ Thuy Anh