នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិជប៉ុន រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo បានអះអាងថា ជប៉ុនគាំទ្រតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់។ លោករដ្ឋមន្ត្រី Kishi Nobuo បានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដូចជាការការពារសន្តិសុខនៅលើសមុទ្រ ការលើកកម្ពស់គុណភាពនៃធនធានមនុស្ស កិច្ចសហប្រតិបត្តិការលើសន្តិសុខតាមអ៊ីនធឺណិត និងការទប់ទល់ទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះសន្តិសុខក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

ប្រធានគណៈប្រតិភូនៃប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសជប៉ុនក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសជប៉ុនក្នុងការឆ្លើយតបនឹងជំងឺ Covid-19 នៅបណ្តាប្រទេសអាស៊ាន និងអះអាងការគាំទ្រចំពោះការអនុវត្ត “ចក្ខុវិស័យទីក្រុងវៀងច័ន្ទ ២.០” របស់ជប៉ុនស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយអាស៊ាន បង្កើតកម្លាំងចលកររក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

ថ្លែងមតិក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក  Kishi Nobuo លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងបញ្ជាក់ឡើងវិញនូវគោលជំហរឥតងាករេរបស់វៀតណាមចំពោះស្ថានភាពសន្តិសុខក្នុងតំបន់។ លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា គោលជំហររបស់វៀតណាមគឺដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ហើយភាគីពាក់ព័ន្ធត្រូវគោរពតាមដំណើរការផ្លូវច្បាប់ និងការទូត។

* នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិចិន រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានអះអាងថា អាស៊ានគឺជាដៃគូដ៏សំខាន់របស់ប្រទេសចិន ហើយស្នើឲ្យអាស៊ាន និងចិន បន្តបង្កើនថែមទៀតនូវការជឿទុកចិត្តជាយុទ្ធសាស្ត្រ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បន្តអនុវត្តកិច្ចសហប្រតិបត្តិការ ក្នុងការទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខដែលមិនមែនជាប្រពៃណី ជាពិសេសការស្តារឡើងវិញក្រោយជំងឺរាតត្បាត។

ប្រធានគណៈប្រតិភូអាស៊ានបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានជួយដល់ប្រទេសអាស៊ានក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសចិនក្នុង ADMM+ ជាពិសេសនៅក្នុងតួនាទីជាសហប្រធានក្រុមអ្នកជំនាញ ហើយបានស្នើថា ភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។

ថ្លែងមតិក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Phan Van Giang បានសម្ដែងនូវការគាំទ្រចំពោះសំណើរបស់ចិនដែលឆ្ពោះបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្តរវាងភាគីទាំងឡាយ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រធានគណៈប្រតិភូវៀតណាមបានស្នើថា ភាគីទាំងឡាយបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ DOC ក៏ដូចជាកិច្ចសន្យាក្នុងតំបន់ បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC ដើម្បីឈានទៅដល់ការសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982៕

បកប្រែដោយ Thuy Anh