នេះចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការគ្រប់គ្រងយ៉ាងឆាប់រហ័សនូវការរីករាលដាលនៃមេរោគ SARS-CoV-2 បំប្លែងថ្មីពីព្រំដែនថៃចូលមកប្រទេសកម្ពុជាមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅខែក្រោយនេះ។

មន្ត្រីកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃការកើនឡើង​ករណីឆ្លង​កូវីដ-១៩ ជាថ្មីម្តងទៀត ខណៈពលករខ្មែរត្រឡប់មកស្រុកកំណើតពីប្រទេសថៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ។ បច្ចុប្បន្នពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាង ១ ពាន់នាក់ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ​នៅព្រំដែន។

leftcenterrightdel
បុគ្គលិកពេទ្យយកសំណាកសម្រាប់ធ្វើតេស្ដរកជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ (រូបថត៖ AFP/ vnanet.vn)

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួងនៅព្រឹកថ្ងៃទី២៨ ខែមីនា នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងក្ដីបារម្ភចំពោះមេរោគ SARS-CoV-2 បំប្លែងថ្មី ដែលកំពុងរីករាលដាលជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសជិតខាងមួយចំនួន ហើយបានគូសបញ្ជាក់ថាត្រូវមានការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ឱ្យបានឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៧ ខែមីនានេះ ទូទាំងប្រទេសមានអ្នកជំងឺកូវីដ១៩ ជាង​ ៦០០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងនោះ​​ ៣៤ នាក់ មានស្ថានភាពធ្ងន់ធ្ងរ។ ទោះបីសម្រេចបានអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជានៅតែបន្តសាងសង់មជ្ឈមណ្ឌលព្យាបាលដែលអាចថែទាំអ្នកជំងឺបាន ១០ ម៉ឺននាក់ ត្រៀមទប់ទល់នឹងលទ្ធភាពនៃការឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំងម្តងទៀត។

ទោះជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងអាកាសចរណ៍ ដូចជាតម្រូវការសម្រាប់ការធ្វើតេស្ត PCR មុនពេលឡើងយន្តហោះមកកម្ពុជាត្រូវបានដកចេញ ហើយការចេញទិដ្ឋាការសម្រាប់អ្នកចូលមកកម្ពុជាបានដំណើរការឡើងវិញក្នុងបរិបទនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ។

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក ហុក គឹមចេង នៅថ្ងៃទី២៨ ខែមីនា ក៏បានសម្តែងក្តីព្រួយបារម្ភចំពោះការ​ដែល​ពលករចំណាកស្រុករបស់ប្រទេសនេះក្នុង​ចំនួន​ដ៏​ច្រើន​នឹងត្រឡប់មកប្រទេសវិញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ក្រសួងសុខាភិបាលនឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនៃខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីគ្រប់គ្រងករណីឆ្លងប្រកបដោយប្រសិទ្ធភាព តាមរយៈការធ្វើតេស្តរហ័ស។

បើតាមអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានឱ្យដឹងថា ខេត្តបានបន្តការធ្វើតេស្តរហ័សសម្រាប់ពលករចំណាកស្រុកដែលបានចាក់វ៉ាក់សាំង និងមិនទាន់ចាក់វ៉ាក់សាំងទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ។ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃៗ មានពលករជាង ៦០០ នាក់ ត្រឡប់មកផ្ទះវិញ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរជាមួយក្រុមគ្រួសារ ដែលក្នុងនោះ ៤០-៥០% មិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវនៅដាច់ដោយឡែកពីគេ។ ពលករដែលមិនបានចាក់វ៉ាក់សាំងដែលធ្វើតេស្តអវិជ្ជមាននឹងត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រំដែនតែម្តង៕

បកប្រែដោយ Duy Hoan