ជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការបង្ការ និងទប់ទល់នឹងរោគរាតត្បាត Covid-19
កប.អនឡាញ - នាថ្ងៃទី ៦ ខែមេសា លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានមន្រ្តីជាន់ខ្ពស់អាស៊ាន (SOM) នៃប្រទេសវៀតណាម បានពិភាក្សាតាមទូរស័ព្ទជាមួយលោក Justin Hayhurst អនុរដ្ឋមន្រ្តីស្តីទីក្រសួងការបរទេស ប្រធាន SOM អូស្ត្រាលីអំពីអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ក្នុងបរិបទដែល Covid-19 មានការវិវត្ដដ៏ស្មុគស្មាញ។
នៅកិច្ចសន្ទនា លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការរីករាលដាលនៃ Covid-19 គឺជាអាទិភាពចំបងរបស់អាស៊ាន។ លោកបានជម្រាបជូនថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានលើកកម្ពស់ស្មារតី “ផ្សាភ្ជាប់ និងការបន្ស៊ាំយ៉ាងសកម្ម” ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន និងសហប្រតិបត្តិការជាមួយដៃគូក្នុងការបង្ការ និងទប់ទល់នឹងរោគរាតត្បាតនេះ។
    |
 |
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានមន្រ្តីជាន់ខ្ពស់អាស៊ាន (SOM) នៃប្រទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
លោកអនុរដ្ឋមន្រ្តីស្តីទី Justin Hayhurst បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងរយៈពេលកន្លងមក ដោយអះអាងថា អូស្រ្តាលីនឹងបន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ និងទប់ទល់នឹងរោគរាតត្បាតតាមរយៈយន្តការសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះមានកិច្ចសហប្រតិបត្តិការអាស៊ាន - អូស្ត្រាលី និង EAS។
អនុរដ្ឋមន្រ្តីទាំងពីរបានឯកភាពថានឹងបន្តសម្របសម្រួលដើម្បីរក្សាការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភផ្នែកបច្ចេកទេសសម្រាប់ប្រទេសវៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច និងសង្គមដោយសារការរីករាលដាលនៃ Covid-19។ ទន្ទឹមនឹងនោះ លោកបានស្នើឲ្យភាគីអូស្រ្តាលីបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ពលរដ្ឋវៀតណាម និងនិស្សិតវៀតណាមនៅអូស្ត្រាលីក្នុងស្ថានភាពលំបាកនេះដែរ។ លោកអនុរដ្ឋមន្រ្តីស្តីទី Justin Hayhurst បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានគាំទ្រពលរដ្ឋអូស្រ្តាលី និងភ្ញៀវទេសចរអូស្រ្តាលី ដែលរងផលប៉ះពាល់ដោយសារ Covid-19។ លោកក៏បានអះអាងថា ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នឹងធ្វើការជាមួយក្រសួងមហាផ្ទៃ ក្រសួងអប់រំ និងស្ថាប័នមានសមត្ថកិច្ចដទៃទៀតដើម្បីដាក់ចេញគោលនយោបាយ និងវិធានការនានាដើម្បីជួយគាំទ្រនិស្សិតវៀតណាមឲ្យជំនះការលំបាក និងធានាការសិក្សានៅអូស្ត្រាលីផងដែរ៕
បកប្រែដោយ Huyen Trang