leftcenterrightdel
សមាជិកនៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - រុស្ស៊ី និងតំណាងលេខាធិការដ្ឋានអាស៊ាន (រូបថត៖ vnanet.vn)

 

នៅឯកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានលើវិស័យនយោបាយសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១៩,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ហើយទុនវិនិយោគផ្ទាល់ពីរុស្ស៊ីចូលមកអាស៊ានមានចំនួន ៥៨,០៣ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៨ ក្នុងនោះឆ្នាំ ២០១៧ គឺ ៤៧,៧៥ លានដុល្លារអាមេរិក។

រុស្ស៊ីបានបញ្ជាក់ថា អាស៊ានគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចំបងនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី ព្រមទាំងសន្យាថាគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការរួមចំណែកថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងរួមចំណែកយ៉ាងសកម្មនៃ​យន្ដការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។ រុស្ស៊ីស្វាគមន៍និងសន្យាថាគាំទ្រគំនិតផ្តួចផ្តើមនិងអាទិភាពរបស់វៀតណាមក្នុងឆ្នាំ២០២០ ជាប្រធានអាស៊ាននិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន” ដែលបានធ្វើឡើងជាលើកដំបូងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមករា កន្លងមក។

នាពេលខាងមុខ អាស៊ាននិងរុស្ស៊ីបានឯកភាពបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ ហើយសហការយ៉ាងជិតស្និទ្ធនិងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងវិស័យដែលបានឯកភាពក្នុងផែនការប្រតិបត្ដិគ្រប់ជ្រុងជ្រោយ (CPA) សម្រាប់ដំណាក់កាល ២០១៦ - ២០២០ ព្រមទាំងកំណត់លើខ្លឹមសារសហប្រតិបត្ដិការក្នុងរយៈពេលខាងមុខដើម្បីកសាង CPA សម្រាប់ដំណាក់កាល ២០២១ - ២០២៥ ។ ជាពិសេសភាគីទាំងពីរផ្ដោតលើវិស័យដែលរុស្ស៊ីមានប្រៀបខ្លាំងនិងអាស៊ានមានអាទិភាពដូចជាការបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល ការពង្រឹងការតភ្ជាប់ ការបង្រួមគម្លាតនិងការអនុវត្តបណ្តាញទីក្រុងឆ្លាត អភិវឌ្ឍន៍ធនធានមនុស្ស ជួយទ្រទ្រង់សហគ្រាសធុនតូចបំផុត សហគ្រាសធុនតូចនិងមធ្យម (MSMEs) ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការទប់ទល់នឹងជំងឺឆ្លងនិងការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។ អាស៊ាននិងរុស្ស៊ីបានឯកភាពជំរុញការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងឆ្នាំ២០២០៕

បកប្រែដោយ Thanh Cong