ស្រុក Tan Bien គឺជាតំបន់មួយក្នុងចំណោមមូលដ្ឋានរបស់ខេត្ត Tay Ninh ដែលទទួលផលប្រយោជន៍ពីកម្មវិធី ១៧១៩ ដោយហេតុនេះជួយជនជាតិភាគតិចនៅស្រុក Tan Bien លើកកំពស់ជីវភាពសេដ្ឋកិច្ច អភិរក្សវប្បធម៌ បង្កើនសមត្ថភាព និងឱកាសក្នុងការទទួលបានការអប់រំ សុខាភិបាល និងសមភាពយេនឌ័រ។

បច្ចុប្បន្ននេះ ស្រុក Tan Bien មានគ្រួសារជនជាតិភាគតិចជាង ៨៦០ គ្រួសារ ដែលមានប្រជាជនចំនួន ២,៨៩០ នាក់ រស់នៅភាគច្រើនក្នុងឃុំចំនួន ៤ គឺ Tan Lap, Hoa Hiep, Tan Phong និង Thanh Binh។ ក្នុងរយៈពេលកន្លងមក ការអនុវត្តកម្មវិធី និងគោលនយោបាយជនជាតិតែងតែទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំទាន់ពេលវេលាពីគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ និងអង្គការនយោបាយ និងសង្គម ដោយហេតុនោះ ជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជនក៏ប្រសើរឡើង។

លោក Huynh Bich នៅឃុំ Hoa Hiep ជាអ្នកមានប្រជាប្រិយភាព បានឲ្យដឹងថា៖ “កាលពីមុន ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅឃុំ Hoa Hiep ជួបការលំបាកខ្លាំងណាស់ពីព្រោះ ខ្វះការងារធ្វើ ការធ្វើដំណើរជួបការពិបាក។ល។ ចាប់តាំងពីការអនុវត្តកម្មវិធី ១៧១៩ ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ក្នុងការជួយឧបត្ថម្ភមូលដ្ឋាន កសាងផ្លូវ ជួយប្រជាជនលក់កសិផល... ដូច្នេះជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងដែរ”។

leftcenterrightdel
រូបថតឧទាហរណ៍ (baotayninh.vn)

នាពេលថ្មីៗនេះ ស្រុក Tan Bien បានអនុវត្តគោលនយោបាយវិនិយោគជាច្រើននៅតំបន់ជនជាតិភាគតិច រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនបទ ក៏ដូចជាលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។ កម្មវិធីគោលនយោបាយ និងគម្រោងលើវិស័យអប់រំ សុខាភិបាល វប្បធម៌ កីឡា ពលកម្ម និងការងារ... ត្រូវបានយកចិត្តទុកដាក់ និងដឹកនាំដោយគ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ន ដើម្បីអនុវត្តព្រមៗគ្នា នៅតំបន់ជន​ជាតិភាគតិច។ ការលើកកំពស់ជីវភាពទាំងខាងសម្ភារៈ និងស្មារតីនៅតំបន់ជនជាតិភាគតិចតែងតែជាគោលដៅដែលទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយហេតុនោះរួមចំណែកកាត់បន្ថយគម្លាតអំពីជីវភាពរស់នៅរវាងបណ្តាជនជាតិក្នុងតំបន់។ នាពេលបច្ចុប្បន្ននេះ ដោយអនុវត្តកម្មវិធី ១៧១៩ ស្រុក Tan Bien កំពុងអនុវត្តគម្រោងលើកកម្រិតគុណភាពស្ថានីយ៍ផ្គត់ផ្គង់ទឹកសម្រាប់ជនជាតិខ្មែរនៅឃុំ Hoa Hiep; ជួសជុលកេរ្តិ៍ដំណែលជាតិរបស់ជនជាតិភាគតិច។ល។

ក្រៅពីលទ្ធផលដែលសម្រេចបាននោះ ក្នុងការអនុវត្តកម្មវិធី ១៧១៩ ស្រុក Tan Bien នៅតែជួបប្រទះការលំបាកមួយចំនួន។ សេដ្ឋកិច្ចក្នុងមូលដ្ឋានមានការយឺតយ៉ាវក្នុងការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅតែជួបការលំបាកជាច្រើន ពួកគេពឹងផ្អែកភាគច្រើនលើផលិតកម្មកសិកម្ម ហើយការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិតនៅមានកម្រិតនៅឡើយ។ល។ ដើម្បីជួយប្រជាជនលើកកំពស់គុណភាពជីវភាពរស់នៅរបស់ពួកគេ នាពេលខាងមុខ ស្រុក Tan Bien នឹង​ផ្តោតលើការអនុវត្តកម្មវិធី ១៧១៩ ប្រកបដោយប្រសិទ្ធភាព ក្នុងនោះ វិនិយោគប្រកបដោយនិរន្តរភាព ដោយផ្តល់អាទិភាពដល់ការជួយគ្រួសារក្រីក្រ គម្រោងទឹកស្អាត គម្រោងចរាចរណ៍ និងគម្រោងបម្រើជីវភាពរស់នៅរបស់ជនជាតិភាគតិច។ល។

អាចនិយាយបានថា កម្មវិធី ១៧១៩ ត្រូវបានចាត់ទុកថាជាការសម្រេចចិត្តដ៏សំខាន់ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិចនៅស្រុក Tan Bien។ គម្រោងនៃកម្មវិធីនឹងបង្កើតការងារធ្វើ ដើម្បីជួយប្រជាជនមានឱកាសលើកកំពស់ជីវភាពរស់នៅ មុខមាត់ជនបទនៃតំបន់ជនជាតិភាគតិចនឹងកាន់តែមានភាពរីកចម្រើន ហើយហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជននឹងកាន់តែល្អប្រសើរជាងដែរ៕

បកប្រែដោយ Huyen Trang