នៅឆ្នាំ២០២៥ ស្ថានភាពពាណិជ្ជកម្មពិភពលោកនិយាយរួម វៀតណាម-សិង្ហបុរីនិយាយដោយឡែក នៅមានការលំបាកជាច្រើន ដូច្នេះគប្បីពង្រឹងសកម្មភាពជួយឧបត្ថម្ភធុរកិច្ចក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងជំរុញការនាំចេញទៅកាន់ទីផ្សារសិង្ហបុរី។

នៅឆ្នាំ២០២៤ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្មធំទី១១ របស់សិង្ហបុរី ដោយមានទំហំនៃការនាំចូលនិងនាំចេញទ្វេភាគីសម្រេចបានជាង ៣១.៦៧ ពាន់លាន SGD កើនឡើង ៩.៤៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នៅខែមករា ឆ្នាំ២០២៥ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៩ របស់សិង្ហបុរី ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ៣.៣៩ ពាន់លាន SGD កើនឡើង ១៦.៨៣% បើធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។ ប៉ុន្តែ តាមការវាយតម្លៃរបស់ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំសិង្ហបុរី សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរី នៅតែមានច្រើនក្នុងការវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម ការនាំចេញ ការនាំចូល និងសេវាកម្មដែលវៀតណាមត្រូវការជំរុញ។ វៀតណាមមានគុណសម្បត្តិជាប្រទេសផលិតផលិតផលជាច្រើន រីឯសិង្ហបុរីជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃតំបន់និងពិភពលោក ចម្ងាយភូមិសាស្ត្ររវាងប្រទេសសិង្ហបុរី និងវៀតណាមគឺនៅជិត។ សិង្ហបុរី និងវៀតណាម គឺជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប និងចក្រភពអង់គ្លេស។

leftcenterrightdel
កសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនភាគហ៊ុនរួម Hoa Phat

យោងតាមលោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសសិង្ហបុរី ស្ថានភាពពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយពិភពលោកក្នុងខែដំបូងនៃឆ្នាំ២០២៥ បន្តរក្សាសន្ទុះវិជ្ជមានពីប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២៤។ ប៉ុន្តែ យោងតាមការវាយតម្លៃយថាទស្សន៍នៅក្នុងឆ្នាំ២០២៥ នៅតែមានការលំបាកជាច្រើន ជាពិសេសភាពតានតឹងពាណិជ្ជកម្មរវាងខឿនសដ្ឋកិច្ចធំៗ ហានិភ័យនៃការបង្កើនជម្លោះភូមិសាស្ត្រនយោបាយអាចធ្វើឲ្យថ្លៃដើមផលិតកម្មកើនឡើង ក៏ដូចជាបង្កើនអស្ថិរភាពនៅក្នុងគោលនយោបាយសេដ្ឋកិច្ចពិភពលោក...

ដើម្បីបន្តរក្សាសន្ទុះកំណើន ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរីនឹងបន្តធ្វើបច្ចុប្បន្នភាពស្ថានភាព យន្តការ និងគោលនយោបាយរបស់សិង្ហបុរី ជួយគាំទ្រធុរកិច្ចវៀតណាមក្នុងការតភ្ជាប់ពាណិជ្ជកម្ម ការតាំងបង្ហាញទំនិញ ការផ្សព្វផ្សាយពាណិជ្ជកម្មនិងម៉ាកផលិតផល បង្កើនវត្តមានទំនិញវៀតណាមនៅសិង្ហបុរី ជួយគាំទ្រការនាំចេញទំនិញទៅកាន់ទីផ្សារសិង្ហបុរី ជួយគាំទ្រគណៈប្រតិភូពីសឹង្ហបុរីទៅកាន់វៀតណាម ដើម្បីស្វែងរកប្រភពទំនិញ ជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

ទាក់ទិននឹងបញ្ហាស្បៀងអាហារ លោក Tran Phuoc Anh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសិង្ហបុរី បានស្នើឲ្យទីភ្នាក់ងារស្បៀងអាហារ និងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសសិង្ហបុរីបញ្ចប់ការវាយតម្លៃធុរកិច្ច និងកសិដ្ឋានរបស់វៀតណាមនាពេលឆាប់ៗ ដើម្បីវៀតណាមអាចនាំចេញជាផ្លូវការនូវសាច់មាន់ និងផលិតផលស៊ុតមាន់ទៅកាន់ទីផ្សារសិង្ហបុរី។ ទាក់ទិននឹងបញ្ហានេះ លោក Damian Chan អគ្គនាយកទីភ្នាក់ងារអាហារសិង្ហបុរី (SFA) មានប្រសាសន៍ថា SFA បានពិនិត្យនៅធុរកិច្ចមួយចំនួនរបស់ប្រទេសវៀតណាម និងវាយតំលៃថា សក្តានុពលសម្រាប់ផលិតផលសាច់មាន់ដែលកែច្នៃដោយកម្ដៅពីប្រទេសវៀតណាម អាចត្រូវបានពិចារណាការអនុម័តលើការនាំចូលជាផ្លូវការទៅកាន់ប្រទេសសិង្ហបុរី ដោយសង្ឃឹមថាស៊ុតមាន់ និងផលិតផលសាច់ផ្សេងទៀតអាចបំពេញតម្រូវការនាពេលអនាគត។

ដើម្បីបន្តរក្សាសន្ទុះកំណើននៅក្នុងទីផ្សារដ៏មានសក្តានុពលនេះ សមាគមធុរកិច្ចគប្បីតាមដានគោលនយោបាយ និងបទប្បញ្ញត្តិថ្មីស្តីពីស្តង់ដារគុណភាពផលិតផល ផ្លាស់ប្តូរថ្មីវិធីសាស្រ្តគ្រប់គ្រង និងធ្វើបរិវត្តកម្មឌីជីថលនៅក្នុងធុរកិច្ច ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែង បង្កើនសកម្មភាពជម្រុញពាណិជ្ជកម្ម តាំងបង្ហាញទំនិញនៅពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដើម្បីបង្កើនវត្តមានទំនិញវៀតណាម ផ្សព្វផ្សាយផលិតផល និងម៉ាកយីហោវៀតណាមដល់អ្នកប្រើប្រាស់នៅសិង្ហបុរី៕

បកប្រែដោយ Thuy Anh