បារាំងឧបត្ថម្ភជាង ៧១០ ពាន់អឺរ៉ូ ដើម្បីស្រាវជ្រាវជួសជុលស្ពាន Long Bien
កប.អនឡាញ - សព្វថ្ងៃនេះ ស្ពាន Long Bien មិនត្រឹមតែជាផ្លូវចរាចរណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទៀតផង។
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទើបតែបានអនុម័តលើឯកសារគម្រោងគាំទ្របច្ចេកទេស "ស្រាវជ្រាវលើការជួសជុលស្ពាន Long Bien" ដោយប្រើជំនួយឥតសំណងរបស់ទីភ្នាក់ងារសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំនៅវៀតណាម តាមរយៈមូលនិធិជំនួយពិសេសសម្រាប់សហគ្រាស (FASEP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង។
    |
 |
ស្ពាន Long Bien គឺជាស្ពានដែកដំបូងគេឆ្លងកាត់ទន្លេក្រហម ដែលតភ្ជាប់ខ័ណ្ឌ Hoan Kiem, Ba Dinh និង Long Bien នៃទីក្រុងហាណូយ (រូបថត៖ vnanet.vn) |
គម្រោងនេះមានភារកិច្ចស្រាវជ្រាវ ហើយពីទីនោះផ្តល់លទ្ធផលអំពីលទ្ធភាពធានាសុវត្ថិភាពរចនាសម្ព័ន្ធ ក៏ដូចជាការប្រើប្រាស់ស្ពាន Long Bien នាពេលអនាគត រួមមាន៖ ការធានាសុវត្ថិភាពសម្រាប់មនុស្ស និងយានយន្ត។ គម្រោងនេះនឹងដំណើរការក្នុងរយៈពេល ១១ ខែ (រំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ) ជាមួយនឹងការវិនិយោគសរុបជាង ៧១០ ពាន់អឺរ៉ូ។
ស្ពាន Long Bien គឺជាស្ពានដែកដំបូងឆ្លងកាត់ទន្លេក្រហម ដែលតភ្ជាប់ខ័ណ្ឌ Hoan Kiem, Ba Dinh និង Long Bien នៃទីក្រុងហាណូយ។ ស្ពាននេះ បានសាងសង់កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៨៩៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩០២។ ស្ពាននេះត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុនបារាំង Daydé & Pillé។
ស្ពានមានប្រវែងសរុប ២,២៩០ ម៉ែត្រ ហើយស្ពាន Long Bien ធ្លាប់ជាស្ពានដែលមានប្រវែងជាងគេបំផុតនៅលើពិភពលោក ទីពីរបន្ទាប់ពីស្ពាន Brooklyn ឆ្លងកាត់ទន្លេ East-River នៅសហរដ្ឋអាមេរិក។
ឆ្លងកាត់ជាងមួយសតវត្ស ស្ពាន Long Bien បានមើលឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ ជាពិសេសក្នុងអំឡុងសង្រ្គាមតស៊ូពីរប្រឆាំងនឹងបារាំង និងអាមេរិក។ សព្វថ្ងៃនេះ ស្ពាន Long Bien មិនត្រឹមតែជាផ្លូវចរាចរណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទៀតផង៕
បកប្រែដោយ Pham Diep