វៀតណាមនាំមុខក្នុងវិស័យសំខាន់ៗជាច្រើននៅក្នុង "របាយការណ៍សន្ទស្សន៍ភាពជាអ្នកដឹកនាំរបស់នារី និងកុមារីឆ្នាំ២០២៤"
កប.អនឡាញ - ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មិនា អង្គការ Plan International វៀតណាមបានចែករំលែក "របាយការណ៍សន្ទស្សន៍ភាពជាអ្នកដឹកនាំរបស់នារី និងកុមារីឆ្នាំ២០២៤ - GLI 2024" ដែលវៀតណាមមានសន្ទស្សន៍នាំមុខក្នុងវិស័យសំខាន់ៗជាច្រើន។
របាយការណ៍នេះធ្វើឡើងដោយ Plan International អាស៊ី-ប៉ាស៊ីហ្វិក ដែលទទួលព័ត៌មានអាចទុកចិត្តបាននៅទូទាំងពិភពលោក។ លទ្ធផល GLI 2024 បង្ហាញថា វៀតណាមបន្តបញ្ជាក់ពីតួនាទីត្រួសត្រាយរបស់ខ្លួនក្នុងតំបន់ ដោយសម្រេចបានសមិទ្ធិផលល្អ បង្ហាញពីការប្តេជ្ញាចិត្តបន្តលើកកម្ពស់សមភាពយេនឌ័រ លើកកំពស់តួនាទីស្ត្រី និងកុមារីក្នុងសង្គម។
ក្នុងតំបន់ វៀតណាមនាំមុខគេក្នុងការលើកកម្ពស់សំឡេង បង្កើនចូលរួមរបស់ស្ត្រីនិងកុមារីក្នុងវិស័យនយោបាយ។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ (ក្រោយប្រទេសសិង្ហបុរី) ក្នុងសន្ទស្សន៍ "សំឡេង និងការចូលរួម" ដែលបង្ហាញពីវត្តមានកាន់តែច្រើនរបស់ស្ត្រីនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាក់ស្តែង វៀតណាមមានអត្រាសមាជិការដ្ឋសភាច្រើនជាងគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមាន ៣០.២៦%។ សមិទ្ធិផលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ធានាឲ្យមានការចូលរួមដោយស្មើភាព និងសំឡេងរបស់ស្ត្រីក្នុងគោលនយោបាយសំខាន់ៗ។
    |
 |
គោលនយោបាយលើកកម្ពស់គុណភាពនៃការថែទាំសុខភាពសម្រាប់ស្ត្រី ធ្វើឲ្យសុខភាពស្ត្រីមានភាពប្រសើរឡើង និងធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់កុមារីអភិវឌ្ឍ (រូបថត៖ Plan International Vietnam) |
វៀតណាមបន្តរក្សាលទ្ធផលវិជ្ជមានក្នុងសន្ទស្សន៍ “សុខភាព”។ ខណៈពេលដែលប្រទេសជាច្រើននៅក្នុងតំបន់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នោះ វៀតណាមបានរក្សាស្ថិរភាព និងរក្សាបាននូវលទ្ធផលវិជ្ជមានយ៉ាងខ្លាំង។ វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានការបង្កើនគួរឲ្យចាប់អារម្មណ៍ក្នុងសន្ទស្សន៍ "ការការពារ" បង្ហាញពីការប្តេជ្ញាចិត្តបង្កើនវិធានការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងកុមារី បង្កើតបរិយាកាសសុវត្ថិភាព និងយុត្តិធម៌សម្រាប់ស្ត្រីដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ក្រសួងនគរបាលវៀតណាម ចំនួនករណីអំពើហិង្សាក្នុងគ្រួសារបានថយចុះ ២០% ក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន។
វៀតណាមទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងសន្ទស្សន៍ "សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ" ដែលបង្ហាញពីតួនាទីត្រួសត្រាយរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយបរិស្ថានប្រកបដោយនិរន្តរភាព។ សមិទ្ធិផលនេះបង្ហាញពីការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វៀតណាមក្នុងការកសាងអនាគតបៃតង និរន្តរភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យុវជនជំនាន់ក្រោយ ជាពិសេសកុមារី អភិវឌ្ឍក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។
លទ្ធផល GLI 2024 បានបញ្ជាក់ជាថ្មីម្តងទៀតថា លទ្ធផលដែលវៀតណាមសម្រេចបានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី និងកុមារីមានឱកាសពង្រីកសមត្ថភាពរបស់ខ្លួន។ Plan International Vietnam សន្យាថា បន្តរួមដំណើរជាមួយស្ថាប័ន អង្គការ និងសហគមន៍ ដើម្បីរក្សា និងពង្រីកសមិទ្ធិផលទាំងនេះ រួមចំណែកកសាងសង្គមយុត្តិធម៌ អភិវឌ្ឍន៍ និងនិរន្តរភាព៕
បកប្រែដោយ Thuy Anh