ជាមួយនឹងបេសកកម្មរបស់ខ្លូន ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) ជាស្ពានតភ្ជាប់រវាងវៀតណាមនិងពិភពលោក រួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឈានចូលយុគសម័យថ្មី យុគសម័យរីកចម្រើនរបស់ប្រទេសជាតិ។
ចំណុចភ្លឺពីគុណភាពសេវាកម្ម
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានបិទឆ្នាំ ២០២៤ ជាមួយនឹងចំណុចលេចធ្លោក្នុងផលិតកម្ម និងលទ្ធផលអាជីវកម្ម។ ក្នុងនោះ ប្រាក់ចំណូល របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ជាក់ស្តែង ចំណូលសម្រេចបានជិត ១១៣.០០០ ពាន់លានដុង កើនឡើង ៣៣.៤% បើធៀបនឹងឆ្នាំ២០២៣ ប្រាក់ចំណេញសម្រេចបានជាង ៧.៧០០ពាន់លានដុង។ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានដឹកជញ្ជូនអ្នកដំណើរបានជាង ២២ លាននាក់ក្នុងឆ្នាំ ២០២៤ កើនឡើង ៨,១% បើធៀបនឹងឆ្នាំ ២០២៣ ។ ការដឹកទំនិញតាមផ្លូវអាកាសណ៍ឈានដល់ ៣១២.៦ ពាន់តោន កើនឡើង ៣៩% បើធៀបនឹងឆ្នាំ ២០២៣ ។
ជាមួយនឹងគោលការណ៍យុទ្ធសាស្ត្រដ៏ទូលំទូលាយ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានយកឈ្នះលើបញ្ហាប្រឈមធំៗពីការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងទីផ្សារអាកាសចរណ៍។ ការធ្វើអាជីវកម្មបានកើនឡើងនិងមានប្រសិទ្ធភាព ហើយគុណភាពសេវាកម្មបន្តក្លាយជាចំណុចភ្លឺរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ជាមួយនឹងសន្ទស្សន៍ពេញចិត្តរបស់អតិថិជនខ្ពស់ទាំងទីផ្សារក្នុងប្រទេស និងអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលពានរង្វាន់ជាច្រើន ទន្ទឹមនឹងនោះបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ ពិភពលោកឆ្នាំ ២០២៤ និងក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ៥ ល្អបំផុតឆ្នាំ ២០២៥ ប្រគល់ដោយ APEX (អង្គការវាយតម្លៃពីអ្នកដំណើរ)។
    |
 |
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ |
នៅដើមឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ២០ នៅលើពិភពលោក (World's Best Airlines) ដោយ AirlineRatings និងទទួលបានរង្វាន់ "World's Best Value Premium Economy" ជាលើកទីពីរជាប់ៗគ្នា។ ដើម្បីសម្រេចបានរង្វាន់នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានបង្ហាញពីគុណភាព ដោយនាំមកនូវការពេញចិត្តដល់អតិថិជន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ក៏ជាតំណាងតែមួយគត់របស់ប្រទេសវៀតណាមដែលបាន AirlineRatings ជ្រើសរើសជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតទាំង ២៥ នៅលើពិភពលោកក្នុងឆ្នាំ ២០២៥ ។
សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម សុវត្ថិភាពតែងតែជាអាទិភាពលេខ ១ ហើយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅវៀតណាមដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាពប្រតិបត្តិការ IOSA ដោយសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) ហើយបានបន្តទទួលវិញ្ញាបនបត្រនេះតាំងពីឆ្នាំ ២០០៦ មក។ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមក៏បានបង្កើតប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព (SMS) ដោយជោគជ័យតាំងពីឆ្នាំ២០០៧ មក និងឆ្លើយតបស្តង់ដាសុវត្ថិភាពខ្ពស់បំផុតរបស់អន្ដរជាតិ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាមួយនឹងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិជិត ១០០ ដោយភ្ជាប់ទៅកាន់គោលដៅជាង ១,១៥០ ជុំវិញពិភពលោក។ ជាមួយនឹងយន្តហោះទំនើបជាង ១០០ គ្រឿង ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក ប្រើប្រាស់យន្តហោះតួធំទូលាយជំនាន់ថ្មីពីរគឺ Boeing ៧៨៧-៩ និង Airbus A៣៥០-៩០០ ហើយក៏ជាក្រុមហ៊ុនដំបូងគេ និងតែមួយគត់នៅក្នុងប្រទេសវៀតណាមប្រើប្រស់យន្តហោះ Boeing B៧៨៧-១០ Dreamliner ដែលជាយន្តហោះធំបំផុតនៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ។ ស្តីអំពីដំណើរអភិវឌ្ឍន៍របស់ក្រុមហ៊ុន លោក Le Hong Ha អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសង្កត់ធ្ងន់ថា ជាមួយនឹងបេសកកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ នោះ Vietnam Airlines តែងតែរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស ហើយជាស្ពានតភ្ជាប់រវាងវៀតណាមនិងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមមិនត្រឹមតែរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវវប្បធម៌វៀតណាមទៅកាន់ទូទាំងពិភពលោកទៀតផង។ ក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានបញ្ជាក់ពីការត្រួសត្រាយរបស់ខ្លួននៅក្នុងឧស្សាហកម្មអាកាសចរណ៍។
ផ្តោតលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព
ក្នុងឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនឹងប្រារព្ធខួបលើកទី ៣០ នៃការបង្កើត នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងដំណើរការកសាង និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ នៅឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមគ្រោងនឹងដឹកជញ្ជូនអ្នកដំណើរចំនួន ២៥.៤ លាននាក់ និងទំនិញចំនួន ៣៣៦.៣ ពាន់តោន ជាមួយនឹងគោលដៅសម្រេចប្រាក់ចំណូលចំនួន ៩៥,៦០០ ពាន់លានដុង និងប្រាក់ចំណេញមុនការបង់ពន្ធចំនួន ២,១៧៦ ពាន់លានដុង។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រុមហ៊ុនផ្តោតលើការបង្កើនការហោះហើរ និងលើកកម្ពស់ការធ្វើបរិវត្ដកម្មឌីជីថលក្នុងប្រតិបត្តិការ និងផ្តល់អាទិភាពដល់ការពង្រីកទីផ្សារអន្តរជាតិ និងលើកកម្ពស់គុណភាពសេវាកម្មដល់អតិថិជន។
ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំដែលកំណត់លទ្ធផលនៃការអនុវត្តគោលដៅសម្រាប់អាណត្តិ ២០២០-២០២៥ និងជាឆ្នាំដែលបង្កើតមូលដ្ឋានសម្រាប់ផែនការ និងគោលដៅនៃអាណត្តិ ២០២៥-២០៣០ លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានលើកច្បាស់ថា បាវចនាក្នុងឆ្នាំ ២០២៥ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម គឺផ្លាស់ថ្មីផ្នត់គំនិត ប្រតិបត្ដិការខ្លាំងក្លា ហោះហើរឈានទៅមុខ ។ ជាមួយនឹងបាវចនានេះ អង្គភាពនីមួយៗ និងនិយោជិតម្នាក់ៗនៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមត្រូវមានរបកគំហើញក្នុងការផ្លាស់ថ្មីនូវវិធីសាស្រ្តការងារ និងខិតខំប្ដេជ្ញាក្នុងការងារ។
ទាក់ទិននឹងទិសដៅនាពេលខាងមុខ លោក Le Hong Ha អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានចែករំលែកថា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺជាអាទិភាពក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍នេះផ្តោតលើការវិនិយោគលើយន្តហោះទំនើប ឆ្ពោះទៅបង្កើនយន្តហោះចំនួន ១៦៩ គ្រឿងនៅឆ្នាំ ២០៣៥ រួមទាំងយន្តហោះតួធំទូលាយចំនួន ៥២ ដែលបម្រើជើងហោះហើរផ្លូវឆ្ងាយទៅកាន់អឺរ៉ុប អាមេរិក និងឥណ្ឌា។ ក្រុមហ៊ុនក៏បង្កើនការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយការបំភាយឧស្ម័ន និងបំពេញតាមស្តង់ដារអន្តរជាតិស្តីពីការការពារបរិស្ថាន។ ក្នុងតួនាទីជាកម្លាំងស្នូលនៃឧស្សាហកម្មអាកាសចរណ៍ នៅឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនឹងបើកផ្លូវហោះហើរថ្មី និងជើងហោះហើរឡើងវិញជាច្រើន។ ដោយឡែកជើងហោះហើរអន្តរជាតិនឹងមានបន្ថែមផ្លូវហោះហើរចំនួន ១៤ ទៅកាន់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម (UAE) រុស្ស៊ី អ៊ីតាលី...
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមក៏ផ្ដោតលើការអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង និងការកែលម្អប្រព័ន្ធគ្រប់គ្រង ដើម្បីបង្កើនផលិតភាពការងារ។ ការវិនិយោគលើធនធានមនុស្សត្រូវបានក្រុមហ៊ុនកំណត់ថាជាការវិនិយោគសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ ចំណុចសំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមឈានទៅដល់កម្រិតពិភពលោកបានមកពីសមត្ថភាពគ្រប់គ្រងដែលកាន់តែប្រសើរឡើង រួមជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយ និងសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ថ្មី និងរៀបចំរចនាសម្ព័ន្ធឡើងវិញបានជួយក្រុមហ៊ុនបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីយកឈ្នះលើការលំបាក និងបន្តអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Pham Diep