លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ១១ ខែមីនា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម។
ក្នុងជំនួប លោក Tran Thanh Man ប្រធានរដ្ឋសភា ថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក Takebe Tsutomu ក្នុងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសគឺការជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ លោកប្រធានរដ្ឋសភាបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ជប៉ុន អភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព។ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៃការធ្វើឱ្យប្រសើរឡើងទំនាក់ទំនង ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍលើគ្រប់វិស័យ ហើយទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ពលកម្ម ទេសចរណ៍... ត្រូវបានពង្រឹងតទៅទៀត។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Takebe Tsutomu |
លោក Takebe Tsutomu បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះក្នុងបំណងចូលរួមពិធីបុណ្យវប្បធម៌វៀតណាម-ជប៉ុនលើកទី១០។ លោក Takebe Tsutomu បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍របស់វៀតណាម ក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ហើយបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
នៅក្នុងជំនួបនេះ លោក Takebe Tsutomu បានពិភាក្សា និងលើកឡើងវិធានការមួយចំនួនដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន រួមទាំងការអភិវឌ្ឍសាកលវិទ្យាល័យវៀតណាម-ជប៉ុន ហើយសង្ឃឹមថា លោក Tran Thanh Man ប្រធានរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន។
ដោយយល់ស្របនឹងការវាយតម្លៃជាវិជ្ជមានអំពីទំនាក់ទំនងវៀតណាម-ជប៉ុន របស់លោក Takebe Tsutomu លោក Tran Thanh Man ប្រធានរដ្ឋសភា មានប្រសាសន៍ថា នាពេលខាងមុខ ភាគីទាំងពីរគប្បីតែបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រួមទាំងការជំរុញការផ្លាស់ប្តូររវាងសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម និងវៀតណាម-ជប៉ុន ការសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង និងសមាជិកា។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។
ចំពោះគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន លោកប្រធានរដ្ឋសភាបានអះអាងថា គម្រោងនេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ និងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh