គំនាស់សម្រាប់ពាណិជ្ជកម្មវៀតណាម-អង់គ្លេស
កប.អនឡាញ - កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ អង់គ្លេសបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងជាសមាជិកទី ១២ ជាផ្លូវការនៃប្លុកពាណិជ្ជកម្មនេះ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះកំពុងបង្កើតសន្ទុះកំណើនយ៉ាងធំធេងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងអង់គ្លេស។
សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមានច្រើនណាស់
អង់គ្លេសចូលរួម CPTPP ដោយមានការគាំទ្រយ៉ាងខ្លាំងពីវៀតណាម។ តាមរយៈ CPTPP អង់គ្លេសក៏ចង់ពង្រីកទីផ្សារនាំចេញទៅកាន់សមាជិកដែលចូលរួមក្នុងកិច្ចព្រមព្រៀងដូចជា ជប៉ុន កាណាដា អូស្ត្រាលី វៀតណាម នូវែលសេឡង់ សិង្ហបុរី ម៉ិកស៊ិក ប៉េរូ ប្រ៊ុយណេ ឈីលី និងម៉ាឡេស៊ី។ ជាមួយនឹង CPTPP ផលិតផលវៀតណាមជាច្រើនដែលត្រូវបាននាំចេញទៅអង់គ្លេសនឹងត្រូវបានលើកលែង ឬកាត់បន្ថយពន្ធ។ អង់គ្លេសសន្យាលុបបំបាត់ ៩៤.៤% នៃបន្ទាត់ពន្ធសម្រាប់វៀតណាមភ្លាមៗនៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន (ប្រទេសសមាជិក CPTPP ផ្សេងទៀតគឺ ៩៣.៩%)។ ទន្ទឹមនឹងនោះ ជួយសហគ្រាសក្នុងស្រុកមានឱកាសរៀនសូត្រលើវិស័យបច្ចេកវិទ្យា ថាមពលស្អាត... ប្រការនេះរួមចំណែកយ៉ាងធំធេងក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងអង់គ្លេសសម្រេចបាន ៨.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨% បើធៀបនឹងឆ្នាំ២០២៣។ បច្ចុប្បន្ន អង់គ្លេសជាទីផ្សារនាំចេញធំទីបីរបស់វៀតណាមនៅអឺរ៉ុប។ ទោះយ៉ាងណាក៏សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានច្រើនណាស់។ បច្ចុប្បន្ន សមាមាត្រនៃទំហំពាណិជ្ជកម្មជាមួយទីផ្សារអង់គ្លេសមានត្រឹមតែប្រហែល ៦.៨% នៃទំហំពាណិជ្ជកម្មសរុបរបស់វៀតណាម ទន្ទឹមនឹងនេះ ទំហំពាណិជ្ជកម្មរបស់វៀតណាមមានត្រឹមតែ ០.៤% នៃទំហំនៃការនាំចូលសរុបរបស់អង់គ្លេសជាមួយដៃគូរបស់ខ្លួន។ នេះបង្ហាញថា មានឱកាសជាច្រើនសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការវិនិយោគលើវិស័យដែលជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក។
    |
 |
អង្ករជាផលិតផលដែលជាប្រៀបខ្លាំងរបស់វៀតណាមមានឱកាសជាច្រើនក្នុងការនាំចេញទៅកាន់ទីផ្សារអង់គ្លេស |
ស្តីអំពីអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់វៀតណាមពីការដែលអង់គ្លេសចូលរួម CPTPP មតិជាច្រើនពីសហគមន៍ធុរកិច្ចបង្ហាញថាអត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតដែល CPTPP នាំមកនូវគឺបទប្បញ្ញត្តិនៃប្រភពដើម។ អង្គភាពអាជីវកម្មលើភាគីទាំងពីរមានឱកាសកាន់តែច្រើនក្នុងការពង្រីកការផ្គត់ផ្គង់វត្ថុធាតុដើមដើម្បីបង្កើនផលិតកម្ម ការនាំចេញ និងពង្រីកទីផ្សារក្នុងប្លុក CPTPP។ លោក Nguyen Hoai Nam អគ្គលេខាធិការរងនៃសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ក៏បានអះអាងដែរថា ការដែលអង់គ្លេសចូលរួម CPTPP នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អង្គភាពអាជីវកម្មជលផលទាំងពន្ធគយ និងប្រភពក្នុងប្លុក... ជាពិសេសសម្រាប់ផលិតផលត្រីធូណា។ អង់គ្លេសជាទីផ្សារសំខាន់សម្រាប់ឧស្សាហកម្មជលផលវៀតណាមទាំងការនាំចេញ និងនាំចូល។
តម្រូវការខ្ពស់ណាស់លើការទទួលខុសត្រូវរបស់អង្គភាពអាជីវកម្ម
ទីផ្សារអង់គ្លេសគឺជាទីផ្សារដែលមានភាពតឹងតែងជាមួយនឹងស្តង់ដារខ្ពស់ឈានមុខគេលើពិភពលោកលើសុវត្ថិភាពចំណីអាហារ និងការធ្វើចត្តាឡីស័កលើរុក្ខជាតិ ហើយនាពេលថ្មីៗនេះ អង់គ្លេសក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចវិលជុំ។ តម្រូវការទាំងនេះត្រូវបានកំណត់ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់អង់គ្លេស ហើយប៉ះពាល់ដល់ការជ្រៀតចូលក្នុងទីផ្សារដោយផ្ទាល់។ លោក Nguyen Canh Cuong អតីតទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអង់គ្លេស បានចែករំលែកថា អ្នកប្រើប្រាស់អង់គ្លេសវាយតម្លៃខ្ពស់ចំពោះទំនួលខុសត្រូវសង្គម ការការពារបរិស្ថាន និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយតម្លាភាព។ លោក Nguyen Canh Cuong បានឲ្យដឹងថា “និន្នាការនៃការប្រើប្រាស់ប្រកបដោយនិរន្តរភាពកំពុងកើនឡើងកាន់តែខ្លាំង ហើយត្រូវបានរដ្ឋាភិបាល អង្គភាពអាជីវកម្ម អ្នកប្រើប្រាស់ និងសហគមន៍នៅអង់គ្លេសចាត់ទុកថាជាតម្លៃ និងតម្រូវការដ៏សំខាន់បំផុតមួយ។ ដូច្នេះ ទំនិញវៀតណាមត្រូវតែកសាងម៉ាកយីហោបៃតង វិនិយោគលើបច្ចេកវិទ្យាបៃតង និងយល់ច្បាស់អំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់”។
តាមទស្សនៈធុរកិច្ច លោកស្រី Nguyen Thi Huyen អគ្គនាយិកាក្រុមហ៊ុន Vinasamex បានឲ្យដឹងថា វៀតណាមបានត្រៀមរៀបចំយ៉ាងសកម្ម ហើយចាត់វិធានការយ៉ាងច្បាស់លាស់ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមក្នុងការបំពេញតម្រូវការសេដ្ឋកិច្ចបៃតង និងពាណិជ្ជកម្មបៃតងនៃទីផ្សារនាំចេញនិយាយរួម និងទីផ្សារអង់គ្លេសនិយាយដោយឡែក។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពអាជីវកម្មដែលចង់នាំចេញផលិតផលទៅកាន់ទីផ្សារនេះ ត្រូវតែគ្រប់គ្រងគុណភាពជាមុនសិន ហើយត្រូវបំពេញតាមស្តង់ដារគុណភាពសមស្របទៅនឹងតម្រូវការរបស់អ្នកនាំចូល។ លោកស្រី Nguyen Thi Huyen បានចែករំលែកថា “អង្គភាពអាជីវកម្មត្រូវផ្តោតលើគុណភាពផលិតផល និងបង្កើនតម្លៃផលិតផលជំនួសឱ្យបរិមាណ។ នេះមិនត្រឹមតែបង្កើតគុណសម្បត្តិប្រកួតប្រជែងសម្រាប់ផលិតផលនាំចេញរបស់វៀតណាមនៅក្នុងទីផ្សារអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងបង្កើតការធានាគុណភាព បន្ទាប់មកពង្រីកទៅកាន់ទីផ្សារធំៗ និងសំខាន់ៗ ផ្សេងទៀត”។
CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ទូលំទូលាយ និងស្វាហាប់បំផុតមួយរបស់ពិភពលោក ដែលនាំមកនូវឱកាសដ៏ធំសម្រាប់កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមរបស់អង់គ្លេស CPTPP នឹងគ្របដណ្តប់ ១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានប្រជាជនជាង ៥០០ លាននាក់។ ទន្ទឹមនឹង CPTPP វៀតណាម និងអង់គ្លេសក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អង់គ្លេស (UKVFTA) ដែលចូលជាធរមាននៅឆ្នាំ២០២១។ ដូច្នេះហើយ ឱកាសដើម្បីជ្រៀតចូលទីផ្សារអង់គ្លេសគឺធំធេងណាស់ ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវស្វែងយល់ និងទាញយកអត្ថប្រយោជន៍ពីការផ្តល់អនុគ្រោះពន្ធពីកិច្ចព្រមព្រៀងទាំងនេះ៕
បកប្រែដោយ Huyen Trang