កាសែតនេះបានដកស្រង់ស្ថិតិពី Rosario Grain Exchange (BCR) ដែលជាគេហទំព័រពាណិជ្ជកម្មកសិកម្មធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មសំខាន់របស់ប្រទេសនេះ។

យោងតាម BCR ក្នុងរយៈពេល ៦ ឆ្នាំថ្មីៗនេះ អាហ្សង់ទីន ដែលជាប្រទេសផលិតកសិកម្មឈានមុខគេរបស់ពិភពលោក បាននាំចេញគ្រាប់ធញ្ញជាតិចំនួន ៥៣៦ លានតោន ដែលមានតម្លៃ ១៨៩ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
រូបថតអេក្រង់នៃអត្ថបទ

កាសែតនេះបានអត្ថាធិប្បាយថា នាពេលកន្លងមកនេះ សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយទម្រង់ប្រើប្រាស់អាហាររបស់បណ្ដាប្រទេសក្នុងតំបន់ក៏មានភាពសម្បូរបែបផងដែរ។ អាស៊ីអាគ្នេយ៍បានក្លាយជាទីផ្សារយុទ្ធសាស្ត្រសម្រាប់ផ្នែកកសិកម្មដែលស្មើនឹង ២៨% នៃពាណិជ្ជកម្មម្សៅសណ្តែកសៀងរបស់ពិភពលោក ១០% នៃការប្រើប្រាស់សាច់ជ្រូកទូទាំងពិភពលោក និង ៩% នៃការប្រើប្រាស់សាច់បសុបក្សី។ នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ វៀតណាមមានចំណែកពាក់កណ្តាលនៃចំនួនពោត និងម្សៅសណ្តែកសៀងដែលប្រទេសអាហ្សង់ទីននាំចេញទៅកាន់តំបន់។

យោងតាម La Nacion អាស៊ីអាគ្នេយ៍បានក្លាយជាគោលដៅសំខាន់សម្រាប់ផលិតផលកសិកម្មរបស់អាហ្សង់ទីនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ បច្ចុប្បន្ន ការនាំចេញរបស់ប្រទេសអាមេរិកខាងត្បូងនេះទៅកាន់អាស៊ីបានកើនឡើង ២.៧ ដងបើធៀបនឹងឆ្នាំ២០០៩ ប៉ុន្តែអាស៊ីអាគ្នេយ៍បានកើនឡើង ៤ ដង។

កំណើនសេដ្ឋកិច្ចក្នុងតំបន់ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនេះ។ ក្នុងដំណើរកាល ២០០៩-២០២៣ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅវៀតណាមបានកើនឡើងទ្វេដង ខណៈនៅប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីន កើនឡើងជាង ៦០%។ អត្រាកំណើនជាមធ្យមរបស់អាស៊ីអាគ្នេយ៍គឺ ៣.២%។

អត្ថបទនេះបានសន្និដ្ឋានថា តម្រូវការចំណីសត្វនៅអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងកើនឡើង។ តំបន់នេះនឹងមានចំនួន ២០% នៃការនាំចូលពោតនៅលើពិភពលោក និង ៧០% នៃចំណែកទីផ្សារម្សៅសណ្តែកសៀង។

វៀតណាមនឹងបន្តជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៃផ្នែកកសិកម្មរបស់ប្រទេសអាហ្សង់ទីន។ តាមគម្រោង វៀតណាមនឹងនាំចូលពោតបន្ថែម ៦ លានតោន និងម្សៅសណ្តែកសៀង ១.៧ លានតោននៅឆ្នាំ ២០៣៤ ដែលស្មើនឹង ៧% នៃការនាំចូលពោតនៅលើពិភពលោក និង ៩% នៃការនាំចូលម្សៅសណ្តែកសៀងនៅលើពិភពលោក៕

បកប្រែដោយ Thanh Cong