ព័ត៌មានខាងលើត្រូវបានផ្តល់ដោយលោក Lan Tianli នៅពេលឆ្លើយសំណួរអំពីតួនាទីរបស់ក្វាងស៊ី ក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិនរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំទីក្រុងប៉េកាំង ក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។

leftcenterrightdel
លោក Lan Tianli អភិបាលតំបន់ស្វយ័តក្វាងស៊ី 

យោងតាមលោក Lan Tianli បានឲ្យដឹងថា ដោយមានភាពជិតស្និទ្ធនៃភូមិសាស្ត្រ និងវប្បធម៌ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងខេត្តក្វាងស៊ី និងវៀតណាមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក៏កាន់តែជិតស្និទ្ធិ។ លោក Lan Tianli បានសង្កត់ធ្ងន់ថា ការដែលវៀតណាម និងចិនបានពួតដៃគ្នាកសាងសហគមន៍ចែករំលែកអនាគតរួមដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ បាននាំមកនូវឱកាសជាប្រវត្តិសាស្ត្រថ្មីសម្រាប់ការបើកចំហ និងការអភិវឌ្ឍរបស់ខេត្តក្វាងស៊ី។

យោងតាមទិន្នន័យដែលប្រកាសដោយខេត្តក្វាងស៊ី កាលពីឆ្នាំមុន ទំហំនៃការនាំចូល និងនាំចេញរវាងខេត្តក្វាងស៊ី និងវៀតណាមសម្រេចជិត ២៥៤ ពាន់លានយន់ចិន កើនឡើងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ទំហំនៃនាំចូល និងនាំចេញរវាងក្វាងស៊ី និងវៀតណាម សម្រេចជិត ១២១ ពាន់លានយន់ចិន កើនឡើងជិត ៣៧%។

លោក Lan Tianli បានឲ្យដឹងថា នាពេលខាងមុខ ខេត្តក្វាងស៊ី នឹងអភិវឌ្ឍក្លាយទៅជាតំបន់មានលក្ខណៈងាយស្រួលសម្រាប់សកម្មភាពធ្វើអាជីវកម្មក្នុងជាតិ និងអន្តរជាតិ។ ខេត្តក្វាងស៊ីនឹងបង្កើនការតភ្ជាប់ជាមួយវៀតណាមតាមផ្លូវដែក និងផ្លូវគោក ជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឧស្សាហកម្មឆ្លងព្រំដែន ក៏ដូចជាបង្កើនការផ្លាស់ប្តូររវាងភាគីទាំងពីរក្នុងវិស័យជាច្រើន ដូចជាវប្បធម៌ និងទេសចរណ៍៕

បកប្រែដោយ Thuy Anh