ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងរដ្ឋធានីហាណូយ និងមូលដ្ឋានម៉ុងហ្គោលី
កប.អនឡាញ - នាថ្ងៃទី ២៣ ខែវិច្ឆិកា លោក Pham Qui Tien អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ បានជួបធ្វើការជាមួយគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុងចំនួន ២១ នៃប្រទេសម៉ុងហ្គោលី ដែលដឹកនាំដោយលោក Batbyabma Battulga អគ្គលេខាធិការក្រុមប្រឹក្សាប្រជាជនទីក្រុង Ulan Bator។
នៅក្នុងជំនួបនេះ លោក Pham Qui Tien បានបញ្ជាក់ថា ក្នុងការតម្រង់ទិសដៅគោលនយោបាយការបរទេស រដ្ឋធានីហាណូយតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋានក្នុងប្រទេសនានាលើពិភពលោក រួមមានរដ្ឋធានី Ulan Bator និងខេត្តទីក្រុងនានានៃប្រទេសម៉ុងហ្គោលី។
    |
 |
លោក Pham Qui Tien និងលោក Batbyabma Battulga |
លោក Pham Qui Tien ចែករំលែកអំពីស្ថានភាពអភិវឌ្ឍរបស់រដ្ឋធានីហាណូយ ហើយសង្ឃឹមថា រដ្ឋធានីហាណូយ និងទីក្រុង Ulan Bator នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងសកម្មភាពផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍រវាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍...
លោក Batbyabma Battulga បានបញ្ជាក់ថា វៀតណាមជាអាទិភាពសំខាន់ក្នុងគោលនយោបាយការបរទេសរបស់ម៉ុងហ្គោលី ក្នុងនោះ ហាណូយ - Ulan Bator មានទីតាំងសំខាន់ណាស់។ លោក Batbyabma Battulga បានបញ្ជាក់ថា រាជធានីទាំងពីរនៅតែមានសក្ដានុពលអភិវឌ្ឍជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស...
លោក Batbyabma Battulga ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនដោយចាត់ទុកថា នេះជាកម្លាំងចលករដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ុងហ្គោលី ក៏ដូចជារវាង Ulan Bator និងហាណូយ ហើយរវាងបណ្ដាមូលដ្ឋាននៃប្រទេសពីរ៕
បកប្រែដោយ Thuy Anh