ដៃគូសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម

នេះជាយន្តការសហប្រតិបត្តិការដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយមានគោលបំណងផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចម្រុះដូចជា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការដឹកជញ្ជូន វប្បធម៌ អប់រំ ទេសចរណ៍ សុខាភិបាល...ដើម្បីកសាង “ច្រករបៀងពីរ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចមួយ” រវាងវៀតណាម និងចិន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ នាថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា។ នេះគឺជាព្រឹត្តិការណ៍បរទេសដ៏សំខាន់របស់ទីក្រុង ក្នុងបរិបទដែលវៀតណាម និងចិន បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងរំលឹកខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចវៀតណាម-ចិន

លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា ជាច្រើនឆ្នាំមកនេះ ចិនតែងតែរក្សាភាពជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម។ ទាក់ទងនឹងពាណិជ្ជកម្ម ចិនបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម។ នៅឆ្នាំ២០២២ ចំណូលនាំចេញសរុបរបស់វៀតណាម ជាមួយចិននឹងកើនដល់ ១៧៥.៦ ពាន់លានដុល្លារ។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ទំហំនៃការនាំចេញនាំចូលរបស់វៀតណាមជាមួយប្រទេសចិន ឈានដល់ ១៣៨.៩ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៥.៨៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

ទាក់ទិននឹងការវិនិយោគ មកទល់នឹងពេលនេះ អ្នកវិនិយោគចិនបានវិនិយោគនៅវៀតណាមចំនួន ៤.០៣២ គម្រោង ដោយមានទុនចុះបញ្ជីសរុបជាង ២៦ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៤ ដែលវិនិយោគនៅវៀតណាម។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រដ្ឋាភិបាលចិននាពេលថ្មីៗនេះបានផ្តល់ឱ្យវៀតណាមនូវកម្ចីឥណទានអនុគ្រោះ និងជំនួយឥតសំណងដើម្បីអនុវត្តគម្រោងនានាក្នុងវិស័យដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការថែទាំសុខភាព វប្បធម៌ ការអប់រំ... ដោយហេតុនោះបានរួមចំណែកជាវិជ្ជមានដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្សរបស់វៀតណាម។

លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យន្តការសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងខេត្តយូណាន (ចិន) បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ និងសង្វាក់ផលិតកម្ម បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញដឹកជញ្ជូន និងភស្តុភារ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងទេសចរណ៍ រួមចំណែកលើកកម្ពស់ជីវភាព​នៃប្រជាជន និងកសាងព្រំដែនសន្តិភាព និងមិត្តភាព។ នាពេលខាងមុខ ទោះបីភាគីទាំងពីរនៅមានការងារជាច្រើនដែលត្រូវធ្វើ និងមានការលំបាក និងបញ្ហាប្រឈមនានាដែលត្រូវជំនះ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា យើងមានមូលដ្ឋានរឹងមាំ និងកំពុងប្រឈមមុខនឹងកាលានុវត្តភាពដ៏អស្ចារ្យ ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការលើច្រករបៀងសេដ្ឋកិច្ច ៥ ខេត្ត ក្រុងវៀតណាម - ចិនដោយទាញយកសក្តានុពល ភាពខ្លាំង និងលំហកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់បានដើរតួនាទីជាមូលដ្ឋានក្នុងទំនាក់ទំនងចិន-វៀតណាម។ តាមនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តយូណាន បានពង្រីកជាអតិបរិមានូវសក្តានុពលនៃធម្មជាតិ ភូមិសាស្ត្រ មនុស្ស និងខឿនឧស្សាហកម្មបំពេញគ្នា រួមជាមួយនឹងទីក្រុង Ha Noi, Hai Phong, Quang Ninh និង Lao Cai នាំឱ្យកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ច ៥ ខេត្តក្រុងនេះកាន់តែមានភាពជាក់លាក់ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល និងការជួបជុំប្រាស្រ័យកម្មាភិបាល វប្បធម៌-ទេសចរណ៍... នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់គ្រប់ភាគី។ លោកឯកអគ្គរដ្ឋទូតបានរំពឹងថា ភាគីនានានឹងអនុវត្តយ៉ាងសកម្មនូវការយល់ដឹងរួមដ៏សំខាន់រវាងថ្នាក់ដឹកនាំនៃភាគី និងប្រទេសទាំងពីរ សម្របសម្រួល និងផ្លាស់ប្តូរកាន់តែជិតស្និទ្ធ និងទាញយកឱ្យបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចដើម្បីភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងរវាងខេត្តក្រុងទាំង៥ នៃប្រទេសទាំងពីរ។

ពង្រឹងការអនុវត្តបច្ចេកវិទ្យាឌីជីថល

ប្រធានមន្ទីរផែនការ និងវិនិយោគទីក្រុងហាណូយ លោក Le Anh Quan បានឲ្យដឹងថា ក្នុងរាល់សម័យប្រជុំពិភាក្សា គណៈប្រតិភូទាំងអស់បានចែករំលែកបទពិសោធន៍ក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក... សំដៅជំរុញការតភ្ជាប់ពាណិជ្ជកម្ម បម្រើទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពតភ្ជាប់តំបន់ ការតភ្ជាប់ការផ្គត់ផ្គង់ទំនិញរវាងមូលដ្ឋាន និងមូលដ្ឋានក្នុងច្រករបៀងសេដ្ឋកិច្ចជាមួយគ្នាទៅវិញទៅមក និងជាមួយខេត្ត ក្រុងនានាទូទាំងប្រទេស។

សម្រាប់វិស័យទេសចរណ៍ ជំរុញការបង្កើតសម្ព័ន្ធភាពជំរុញរវាងធុរកិច្ចទេសចរណ៍នៃភាគីទាំងពីរ ដើម្បីកសាងដំណើរទេសចរណ៍នៅលើច្រករបៀង ពង្រឹង និងគាំទ្រដល់សកម្មភាពធ្វើអាជីវកម្មទេសចរណ៍ទាក់ទងនឹងយន្តការ គោលនយោបាយ និងនីតិវិធីចូល និងចេញ ដើម្បីបង្កើតលក្ខខណ្ឌទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរ... ទាក់ទងនឹងវិស័យដឹកជញ្ជូន និងភស្តុភារ គណៈប្រតិភូបានឯកភាពលើភាពចាំបាច់នៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថល នៅក្នុងវិស័យដឹកជញ្ជូន ដែលទាក់ទងនឹងការអភិវឌ្ឍសេវាកម្មដឹកជញ្ជូន។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ “ច្រករបៀងពីរ ខ្សែក្រវាត់សេដ្ឋកិច្ចមួយ” និយាយរួម និងកិច្ចសហប្រតិបត្តិការក្នុងច្រករបៀងសេដ្ឋកិច្ចនៃខេត្ត-ក្រុងចំនួន៥ រួមមាន Lao Cai, Ha Noi, Hai Phong, Quang Ninh (វៀតណាម) និងនៅយូណាន (ចិន) និយាយដោយឡែក។ លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ បានលើកឡើងនូវដំណោះស្រាយមួយចំនួនគឺ៖ ជំរុញការធ្វើឱ្យប្រសើរឡើង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន ច្រកទ្វារព្រំដែន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ  ពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម ជាពិសេសសម្រាប់ទំនិញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ពង្រឹងការអនុវត្តបច្ចេកវិទ្យាឌីជីថល និងឌីជីថលនិយកម្មក្នុងដំណើរការបោសសម្អាតគយនៅច្រកព្រំដែននៃប្រទេសទាំងពីរ។ មូលដ្ឋាននានានៅតាមច្រករបៀងសេដ្ឋកិច្ចត្រូវពង្រឹងការរៀបចំកម្មវិធីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅភាគីនីមួយៗ ដើម្បីឲ្យធុរកិច្ចទាំងសងខាងយល់កាន់តែច្បាស់អំពីបរិស្ថាន និងគោលនយោបាយវិនិយោគធុរកិច្ចរបស់គ្នា៕

បកប្រែដោយ Minh Trung