ស្វីសមានបំណងចង់ជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម
កប.អនឡាញ - នៅក្នុងជំនួបប្រចាំឆ្នាំដែលរៀបចំដោយសមាគមអ្នកកាសែតបរទេសនៅប្រទេសស្វីស និង Liechtenstein (APES) នៅរដ្ឋធានី Bern នៅថ្ងៃទី៣ ខែវិច្ឆិកា លោកស្រី Karin Keller-Sutter ប្រធានាធិបតីស្វីស បានលើកឡើងពីបញ្ហាដែលនៅសេសសល់នៅក្នុងប្រទេសនេះក្នុងរយៈពេលថ្មីៗនេះ រួមទាំងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ពន្ធគយរបស់សហរដ្ឋអាមេរិក ឬ គោលនយោបាយរបស់ប្រទេសចំពោះតំបន់មជ្ឈិមបូព៌ា។
ឆ្លើយតបទៅនឹងការរំពឹងទុកសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) (រួមមានអ៊ីស្លង់ Liechtenstein ន័រវែស និងស្វីស) ជាមួយវៀតណាម លោកស្រីប្រធានាធិបតី Karin Keller-Sutter ចែករំលែកថា៖ "ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីដើមឆ្នាំនេះនៅទីក្រុងដាវ៉ូស។ គោលបំណងនិងការរំពឹងទុករបស់យើងគឺពន្លឿនដំណើរការចរចា។ អ្វីៗកំពុងដំណើរការ ហើយខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងនឹងនាំមកនូវអត្ថប្រយោជន៍ដល់ភាគីចូលរួម។ សម្រាប់ស្វីសនិយាយដោយឡែក និងប្លុក EFTA និយាយរួម ឯកសារបែបនេះដើរតួនាទីយ៉ាងសំខាន់"។
    |
 |
|
ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter (អង្គុយខាងស្តាំ) ចូលរួមព្រឹត្តិការណ៍ APES ( រូបថត៖ VNA) |
មុននេះ ក្នុងបទថ្លែងសុន្ទរកថា លោកស្រី Karin Keller-Sutter បានព្រមានអំពីអស្ថិរភាពសកលលោកកាន់តែខ្លាំងឡើង និងបញ្ហាប្រឈមបច្ចុប្បន្នចំពោះប្រព័ន្ធពហុភាគី។ លោកស្រី Karin Keller-Sutter សង្កត់ធ្ងន់ថា ស្ថានភាពសេដ្ឋកិច្ចនយោបាយមានភាពអស្ថិរភាពជាច្រើន ហើយនេះជាប្រធានបទដែលត្រូវបានលើកយកពិភាក្សាជាច្រើន។ អាចនិយាយបានថា ពាណិជ្ជកម្មសេរី និងពហុភាគីនិយមកំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរ។ ស្វីសមិនមែនជាសមាជិកនៃប្លុកនយោបាយ ឬពាណិជ្ជកម្មធំណាមួយទេ ប៉ុន្តែទីក្រុង Bern តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ស្វិស។
លោកស្រី Karin Keller-Sutter បន្ថែមថា ស្វីសកំពុងជំរុញការនាំចេញទៅកាន់ទីផ្សារថ្មីៗ។ ទីក្រុង Bern កំពុងខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី និងទំនើបកម្មនូវកិច្ចព្រមព្រៀងដែលមានស្រាប់។ ដោយឡែកឆ្នាំនេះ ស្វីសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗជាមួយប្រទេសថៃ ម៉ាឡេស៊ីនិងទីផ្សារមើរខូសឺរ ហើយបានធ្វើបច្ចុប្បន្នភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ុយក្រែន... លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់របស់ស្វីសជាមួយប្រទេសចិន ចក្រភពអង់គ្លេស ម៉ិកស៊ិក និងសហភាពគយអាហ្វ្រិកខាងត្បូងកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព៕
បកប្រែដោយ Pham Diep