លោកឧត្តមសេនីយ៍ឯក Phung Si Tan ចុះត្រួតពិនិត្យការរៀបចំសម្រាប់លំហាត់សម VINBAX 2025
កប.អនឡាញ - នៅថ្ងៃទី ៧ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងក្រុមការងារ បានចុះត្រួតពិនិត្យការងាររៀបចំសម្រាប់លំហាត់សមទ្វេភាគីវៀតណាម-ឥណ្ឌា ស្តីពីការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិឆ្នាំ ២០២៥ (VINBAX 2025) ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤។
លោកអនុប្រធានអគ្គសេនាធិការបានស្នើឱ្យនាយកដ្ឋានរក្សាសន្តិភាពវៀតណាម សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសាងសង់ទីលានហ្វឹកហាត់ឲ្យដូចនឹងស្ថានភាពជាក់ស្តែង ដោយធានាបាននូវគ្រឿងបរិក្ខារ និងឧបករណ៍សម្រាប់លំហាត់សម។
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាឲ្យពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីតំបន់សម្រាប់ដាក់ពង្រាយកងកម្លាំង និងផែនការសម្របសម្រួលសម្រាប់លំហាត់និមួយ។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានកត់សម្គាល់ថា ការងាររៀបចំត្រូវតែអនុវត្តលម្អិត ហ្មត់ចត់ រួមចំណែកដល់ការបញ្ជាក់ពីតួនាទីរបស់កងទ័ពប្រជាជនវៀតណាម។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Phung Si Tan ចុះត្រួតពិនិត្យការរៀបចំសម្រាប់លំហាត់សម VINBAX 2025 |
ក្នុងពេលជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យស្ថាប័ន និងអង្គភាពនានា សម្របសម្រួលយ៉ាងជិតស្និទ្ធ បន្តពិនិត្យ និងបំពេញខ្លឹមសារពាក់ព័ន្ធរួមចំណែកដល់ការរៀបចំលំហាត់សម VINBAX 2025 ប្រកបដោយជោគជ័យ បង្កើនកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងកងទ័ពវៀតណាម និងឥណ្ឌា ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លំហាត់សម VINBAX គឺជាសកម្មភាពសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពរវាងកងទ័ពវៀតណាម និងឥណ្ឌា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ VINBAX គឺជាលំហាត់សមទ្វេភាគីតែមួយគត់របស់កងទ័ពប្រជាជនវៀតណាម ជាមួយប្រទេសដៃគូបរទេស ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ការដែលថាវៀតណាម និងឥណ្ឌារួមគ្នារៀបចំលំហាត់សមស្តីពីការរក្សាសន្តិភាពទ្វេភាគីជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នានៅក្នុងប្រទេសនីមួយៗ បង្ហាញពីកម្រិតនៃការជឿទុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយក្នុងពេលជាមួយគ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កងទ័ពប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ក្នុងក្របខ័ណ្ឌនៃលំហាត់សម VINBAX នឹងមានសកម្មភាពដូចជា៖ ការបណ្តុះបណ្តាលទ្រឹស្តីទូទៅស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាលជំនាញឯកទេស លំហាត់រួមបញ្ចូលគ្នា ការប្រកួតកីឡា ការស្រាវជ្រាវលើប្រវត្តិសាស្ត្រយោធារបស់វៀតណាម និងទៅទស្សនាតំបន់ប្រវត្តិសាស្ត្រវប្បធម៌មួយចំនួនជាដើម។
បកប្រែដោយ Duy Hoan