ជម្រុញសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងខេត្ត Fukuoka របស់ប្រទេសជប៉ុន
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា គណៈប្រតិភូទីក្រុងហាណូយ ដឹកនាំដោយលោកស្រី Nguyen Thi Tuyen លេខារងប្រចាំការគណៈកម្មាធិការបក្សទីក្រុងហាណូយ បានបំពេញទស្សនកិច្ចការងារនៅខេត្ត Fukuoka និងចូលរួមសកម្មភាពរំលឹកខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងមិត្តភាពរវាងទីក្រុងហាណូយ និងខេត្ត Fukuoka (ឆ្នាំ២០០៨-ឆ្នាំ២០២៣)។
ក្នុងជំនួបជាផ្លូវការ ភាគីទាំងពីរបានសម្តែងនូវក្ដីសប្បាយរីករាយចំពោះលទ្ធផលដែលភាគីទាំងពីរសម្រេចបាននាពេលកន្លងមក ដោយសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានរវាងទីក្រុងហាណូយ និងខេត្ត Fukuoka ដែលបានរួមចំណែកជម្រុញឲ្យទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន កាន់តែស៊ីជម្រៅ។
ចំពោះទិសដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ ថ្នាក់ដឹកនាំភាគីទាំងពីរបានឯកភាពរក្សា និងពង្រឹងបន្ថែមទៀតនូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការអប់រំ-បណ្តុះបណ្តាល ការជំរុញការវិនិយោគ ពាណិជ្ជកម្ម...ដើម្បីជម្រុញឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងទូលំទូលាយថែមទៀត។
    |
 |
ថ្នាក់ដឹកនាំទីក្រុងហាណូយ និងអគ្គកុងស៊ុលវៀតណាមប្រចាំ Fukuoka ធ្វើជាប្រធានកិច្ចពិភាក្សា (រូបថត៖ vnanet.vn) |
នាថ្ងៃទី១១ ខែវិច្ឆិកា គណៈប្រតិភូទីក្រុងហាណូយបានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ត Fukuoka រៀបចំកិច្ចពិភាក្សា "ជំរុញការវិនិយោគ និងពាណិជ្ជកម្មហាណូយ - Kyushu ឆ្នាំ២០២៣" ដើម្បីជំរុញការតភ្ជាប់ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងតំបន់ Kyushu។ តំបន់ Kyushu ដែលរួមទាំងខេត្តចំនួន ៨ នៅភាគនិរតីនៃប្រទេសជប៉ុន ជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងវិទ្យាសាស្ត្របច្ចេកវិទ្យានៅប្រទេសជប៉ុន ក្នុងនោះ Fukuoka គឺជាខេត្តធំបំផុត។
នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា “ពិធីបុណ្យវៀតណាម-ហាណូយឆ្នាំ២០២៣ នៅ Fukuoka” បានប្រព្រឹត្តទៅនៅឧទ្យានកណ្ដាល Tenjin នៅខេត្ត Fukuoka ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន និងខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងមិត្តភាពរវាងទីក្រុងហាណូយ និងខេត្ត Fukuoka៕
បកប្រែដោយ Thuy Anh