សិក្ខាសាលានេះត្រូវបានរៀបចំរួមគ្នាដោយសហភាពអង្គការមិត្តភាពវៀតណាម (VUFO) ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-អង់គ្លេស និងសាកលវិទ្យាល័យសេដ្ឋកិច្ចវៀតណាម។

ព្រឹត្តិការណ៍សំខាន់ៗ

នៅឆ្នាំ ២០២៣ គឺជាឆ្នាំពិសេសក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអង់គ្លេស ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។  នេះនឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការក្រឡេកមើលដំណើរអតីតកាលឡើងវិញ និងទាញយកមេរៀនបទពិសោធន៍ដើម្បីនាំឱ្យទំនាក់ទំនងវៀតណាម-អង់គ្លេស ឡើងដល់កម្ពស់ថ្មីមួយ។

សក្ដានុពលដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺជាមូលដ្ឋានសម្រាប់វៀតណាម និងអង់គ្លេសដើម្បីឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខសម្រាប់ទំនាក់ទំនងទ្វេភាគី។

ឆ្លងកាត់ការពិភាក្សាទាំងបីវេននៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងអស់បានវិភាគយ៉ាងទូលំទូលាយលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វាយតំលៃសមិទ្ធផលដែលសម្រេចបាន និងផ្តល់យោបល់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី។

យោងតាមលោក Phan Anh Son អនុប្រធានអគ្គលេខាធិការ VUFO បានឱ្យដឹងថា ពាណិជ្ជកម្មសរុបលើទំនិញ និងសេវាកម្មរវាងវៀតណាម និងចក្រភពអង់គ្លេសនៅដំណាច់ឆ្នាំ ២០២២ ឈានដល់ប្រហែល ៥.៩ ពាន់លាន GBP កើនឡើង ១២.៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ការពារជាតិ និងសន្តិសុខទាំងអស់បានកត់ត្រានូវការអភិវឌ្ឍថ្មីៗ។ វៀតណាម និងអង់គ្លេស ក៏បានពង្រឹងជានិច្ចនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសទាំងពីរកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកកម្មវិធីភាពជាដៃគូធ្វើបរិវត្តកម្មថាមពលដោយសមភាព (JETP)។ ក្រៅពីនោះ ភាគីទាំងពីរក៏មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងវេទិកាអន្តរជាតិ និងតំបន់ផងដែរ។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមសិក្ខាសាលា

ឆ្ពោះទៅអនាគត

យ៉ាងណាក៏ដោយ តាមរយៈការវិភាគលើស្ថានភាពរួមនៃកិច្ចសហប្រតិបត្តិការវៀតណាម-អង់គ្លេស ប្រតិភូបានដឹងថា នៅមានសក្តានុពលជាច្រើនដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អង់គ្លេស ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម អប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក Bui The Giang អតីតប្រធាននាយកដ្ឋានអឺរ៉ុបខាងលិច និងអាមេរិកខាងជើង នៃគណៈទាក់ទងបរទេសមជ្ឈិមបក្ស និងជាអតីតអនុប្រធានតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ “ទំនិញនាំចេញរបស់វៀតណាម ទៅកាន់ទីផ្សារចក្រភពអង់គ្លេស នាពេលបច្ចុប្បន្នគឺមានចំនួនតិចជាង ១% នៃតម្រូវការនាំចូលរបស់ចក្រភពអង់គ្លេស។ ចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ ១៦  ប៉ុណ្ណោះក្នុងចំណោមប្រទេស និងតំបន់ដែនដីជិត ១៤០  ដែលមានគម្រោងវិនិយោគនៅវៀតណាម ទោះបីជាចក្រភពអង់គ្លេសជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគនៅបរទេសច្រើនជាងគេលើពិភពលោកក៏ដោយ”។

យោងតាមលោក Bui The Giang បើទោះបីជាមានកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាលរវាងប្រទេសទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលក្នុងឆ្នាំ ២០០៨ ពោលគឺ ១៥ ឆ្នាំកន្លងមកហើយ។ ចក្រភពអង់គ្លេសគឺជាប្រទេសមួយដែលមានប្រព័ន្ធអប់រំដែលមានការអភិវឌ្ឍ និងយូរអង្វែង ហើយជាប្រទេសផ្តល់អាហារូបករណ៍នាំមុខគេក្នុងពិភពលោក ប៉ុន្តែអាហារូបករណ៍រដ្ឋាភិបាលអង់គ្លេសសម្រាប់ប្រជាជនវៀតណាមនៅមានកម្រិតទាបនៅឡើយ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរងរបស់ចក្រភពអង់គ្លេសប្រចាំនៅវៀតណាម លោក Marcus Winsley បានឲ្យដឹងថា ចក្រភពអង់គ្លេសត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងគាំទ្ររដ្ឋាភិបាលវៀតណាម ក្នុងវិស័យលើកកំពស់សមត្ថភាពភាសាអង់គ្លេសសម្រាប់ប្រជាជន។ តាមលោកថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវពង្រឹងការចែករំលែកព័ត៌មានស្តីពីការទាក់ទាញការវិនិយោគ ការបើកទីផ្សារ និងការអភិវឌ្ឍបច្ចេកវិទ្យាដើម្បីបំពេញការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវគោលដៅសម្រេចបាននូវកម្រិតនៃការបំភាយកាបូណសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០ ព្រមទាំងសហការដើម្បីឆ្ពោះទៅរក JETP។

វៀតណាម និងអង់គ្លេសកំពុងឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ ដូច្នេះហើយ ក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ វាទំនងជាថា ការអភិវឌ្ឍប្រកបដោយចីរភាពនឹងក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការវៀតណាម-អង់គ្លេស។ ក្នុងបរិបទនេះ លោក Ta Hoang Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម បានចាត់ទុកថា អាជីវកម្មវៀតណាមត្រូវរៀបចំឡើងវិញនូវការអភិវឌ្ឍរបស់ខ្លួនឡើងវិញ ដើម្បីឲ្យស្របទៅនឹងនិន្នាការរបស់ពិភពលោក និងកសាងធាតុផ្សំដើម្បីបំពេញតម្រូវការប្រកបដោយនិរន្តរភាព ហើយចូលកាន់តែជ្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ទីផ្សារចក្រភពអង់គ្លេស៕

បកប្រែដោយ Minh Trung