ថាមពលខ្យល់នៅឆ្នេរសមុទ្រគឺជាឱកាសពីរដ៏ល្អសម្រាប់វៀតណាម
កប.អនឡាញ - លោក Nicolai Prytz ឯកអគ្គរដ្ឋទូតដាណឺម៉ាក ប្រចាំវៀតណាម បានគូសបញ្ជាក់ថា "ថាមពលខ្យល់នៅឆ្នេរសមុទ្រ គឺជាឱកាសពីរដ៏ល្អសម្រាប់វៀតណាម។ នេះជាឱកាសផ្តល់ប្រភពថាមពលបៃតង ដែលមានចំណាយប្រកបដោយប្រសិទ្ធិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងជួយឧបត្ថម្ភវៀតណាមសម្រេចបាននូវការប្តេជ្ញាចិត្តនៅកិច្ចប្រជុំ COP26 គឺសម្រេចបានគោលដៅបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៥០"។
    |
 |
លោក Nicolai Prytz អះអាងថា វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនក្នុងការអភិវឌ្ឍវិស័យថាមពលខ្យល់នៅឆ្នេរសមុទ្រ |
ថ្លែងមតិក្នុងសិក្ខាសាលាស្តីពីការ "ជម្រុញការអភិវឌ្ឍវិស័យថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម៖ បទពិសោធន៍អន្តរជាតិ និងផ្ដល់យោបល់សម្រាប់គោលនយោបាយ" នាព្រឹកថ្ងៃទី ១៦ ខែមីនា នៅទីក្រុងហាណូយ ដែលរៀបចំដោយគណៈសេដ្ឋកិច្ចមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងស្ថានទូតដាណឺម៉ាកប្រចាំទីក្រុងហាណូយ លោក Nicolai Prytz ឯកអគ្គរដ្ឋទូត បានចាត់ទុកថា វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ការអភិវឌ្ឍវិស័យថាមពលខ្យល់នៅឆ្នេរសមុទ្រ ដូចជា៖ មានឆ្នេរសមុទ្រវែង ល្បឿនខ្យល់ខ្លាំង និងបាតសមុទ្ររាក់ល្មមសម្រាប់ការសាងសង់ប្រព័ន្ធគ្រឹះរឹងមាំ។ល។ ដោយមានសមត្ថភាពផ្តល់ថាមពលស្អាតក្នុងតម្លៃសមរមនិងគួរឲ្យទាក់ទាញ ព្រមទាំងបង្កើតការងារថ្មី និងការទាក់ទាញការវិនិយោគ វិស័យថាមពលខ្យល់នៅឆ្នេរសមុទ្រនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធថាមពលរបស់ប្រទេសវៀតណាម នាពេលអនាគត។
លោក Henrik Scheinemann សហនាយកប្រតិបត្តិនៃក្រុមហ៊ុន Copenhagen Offshore Partners (COP) បានចាត់ទុកថា ដើម្បីអភិវឌ្ឍវិស័យថាមពលខ្យល់នៅឆ្នេរសមុទ្រ វៀតណាមគប្បីផ្តោតលើការចាប់ផ្តើមដំណើរការវិស័យថាមពលកកើតឡើងវិញ រៀនពីបទពិសោធន៍នៃទីផ្សារអភិវឌ្ឍ និងមានសមិទ្ធផលក្នុងវិស័យនេះ។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍សំខាន់ៗចំនួន ៥ ពីអ្នកគ្រប់គ្រង អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលមានបទពិសោធន៍។ របាយការណ៍សំខាន់ៗបានផ្តោតលើការពិភាក្សា និងបង្ហាញដំណើរការអភិវឌ្ឍថាមពលខ្យល់នៅឆ្នេរសមុទ្រជាសាកល និងលក្ខខណ្ឌចាំបាច់ដើម្បីដាក់ឲ្យដំណើរការគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រដំបូងបង្អស់របស់វៀតណាម ក៏ដូចជាបទពិសោធន៍នៃការអភិវឌ្ឍគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រក្នុងប្រទេសមួយចំនួនដូចជា៖ ដាណឺម៉ាក សហរដ្ឋអាមេរិកនិងជប៉ុន។ល៕
បកប្រែដោយ Thuy Anh