ការអភិវឌ្ឍទម្រង់នៃមណ្ឌលឧស្សាហកម្ម-នគរ-សេវាកម្ម

ប្រសិនបើកាលពីមុន និយាយដល់ខេត្ត Binh Duong គឺត្រូវបានគេស្គាល់តែជាមណ្ឌលឧស្សាហកម្មធំៗប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ បណ្តា “ទីក្រុង” ឧស្សាហកម្មទាំងនេះមិនត្រឹមតែមានបេសកកម្មទាក់ទាញទុនវិនិយោគ និងបង្កើតការងារសម្រាប់កម្មករប៉ុណ្ណោះទេ ថែមទាំងបានផ្សារភ្ជាប់ជាមួយនឹងនគរទំនើបៗទៀតផង។ លោកបណ្ឌិត Pham Tuan Anh នាយកការិយាល័យទីក្រុងឆ្លាតវៃ Binh Duong បានមានប្រសាសន៍ថា៖ “មណ្ឌលឧស្សាហកម្មទាំងឡាយអាចអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសង្គមយ៉ាងពេញលេញនៅជុំវិញវាតែប៉ុណ្ណោះ។ មណ្ឌលឧស្សាហកម្មកាន់តែអភិវឌ្ឍ នាំឱ្យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសង្គមក៏ល្អប្រសើរជាងផងដែរ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សាជីវកម្មវិនិយោគ និងអភិវឌ្ឍន៍ឧស្សាហកម្ម (Becamex IDC) គឺជាអង្គភាពអាជីវកម្មឈានមុខគេក្នុងការអភិវឌ្ឍទម្រង់មណ្ឌលឧស្សាហកម្ម-នគរ-សេវាកម្មនៅខេត្ត Binh Duong។ ពីការផ្លាស់ប្តូរ ស្វែងយល់ និងសិក្សានៅប្រទេសមួយចំនួនដូចជា សិង្ហបុរី ហូឡង់ កូរ៉េខាងត្បូង ជប៉ុន ថៃ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀត ខេត្ត Binh Duong បានកសាងទម្រង់នៃមណ្ឌលចម្រុះឧស្សាហកម្ម-នគរ-សេវាកម្ម ដែលសមស្របទៅនឹងលក្ខណៈនៃស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន។ មណ្ឌលចម្រុះទាំងនេះរួមមាន មណ្ឌលនគរ មណ្ឌលឧស្សាហកម្ម មណ្ឌលពាណិជ្ជកម្ម សេវាកម្មកម្សាន្តដែលមានគុណភាពខ្ពស់ តំបន់លំនៅដ្ឋាន ការតាំងទីលំនៅថ្មីសម្រាប់ប្រជាជន សាលារៀន មន្ទីរពេទ្យទំនើប...ដែលបង្កើតបរិយាកាសរស់នៅបែបទំនើប សុខដុមរមនា ដើម្បីឱ្យប្រជាជនមានការងារប្រកបដោយស្ថិរភាព មានប្រាក់ចំណូលខ្ពស់ មានកន្លែងលេងកម្សាន្ត ទទួលបានការសិក្សា ការពិនិត្យសុខភាព និងបំពេញតម្រូវការផ្សេងៗទៀត។

leftcenterrightdel
ទីក្រុងថ្មី Binh Duong - បេះដូងនៃ "តំបន់នវានុវត្តន៍" និង "ទីក្រុងឆ្លាតវៃ Binh Duong"

ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចអន្តរជាតិ

ដោយកំណត់ថា ការធ្វើបរិវត្តកម្មឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.0 ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខេត្ត Binh Duong បានផ្តោតលើធនធានទាំងអស់ដើម្បីសុក្រឹតប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិកថ្នាក់ខេត្ត និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ យោងតាមលោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា ធនធានទាំងឡាយត្រូវផ្តោតលើការអភិវឌ្ឍ និងអនុវត្តបច្ចេកវិទ្យាស្នូលនៃបដិវត្តន៍ឧស្សាហកម្ម ៤.0 ។  ខេត្តក៏បន្តធានានូវហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ផងដែរ។

នៅឆ្នាំ២០២២ ខេត្ត Binh Duong បន្តមានសកម្មភាពសេដ្ឋកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាពជាច្រើន ពោលគឺការជំរុញការវិនិយោគជាមួយដៃគូនានាដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបូរី ហូឡង់ និងឥណ្ឌាជាដើម។ល។ នៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច Horasis ឥណ្ឌាឆ្នាំ២០២២ មូលដ្ឋានបានពន្លឿនការអនុវត្តគម្រោងទីក្រុងឆ្លាតវៃ Binh Duong បង្កើនការទាក់ទាញវិនិយោគពីបរទេស និងផ្សព្វផ្សាយម៉ាកយីហោ Binh Duong ដល់ដៃគូក្នុង និងក្រៅប្រទេស។ ក្នុងវេទិកានេះ លោកបណ្ឌិត Frank Jurgen Richter ប្រធាន Horasis បានមានប្រសាសន៍ថា៖ “វៀតណាមឥឡូវនេះជាសមាជិកសកម្ម ដ៏សំខាន់នៃសហគមន៍អាស៊ាន និងអាស៊ាន+៣។ ប្រឈមមុខនឹងអស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ វៀតណាមគឺជាគោលដៅនៃជម្រើស ហើយខេត្ត Binh Duong មិនត្រឹមតែត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីទៀតផង”។

លោក Nguyen Van Loi លេខាគណៈកម្មាធិការបក្សខេត្ត Binh Duong បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទនៃការរាតត្បាត និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរ និងជំរុញពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មបរទេសមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ”។ នៅទីក្រុង Binh Duong មានគម្រោងវិនិយោគជាង ៨០០ របស់វិនិយោគិនកូរ៉េខាងត្បូង ដែលមានដើមទុនសរុបជាង ៣.៣ ពាន់លានដុល្លារអាមេរិក។

ក្នុងឆ្នាំថ្មីនេះ សង្ឃឹមថា ខេត្ត Binh Duong មិនត្រឹមតែជាតំបន់ឧស្សាហកម្មរបស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងជាកន្លែងគួរឲ្យរស់នៅបំផុតដែលជាសេចក្តីប្រាថ្នានៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍទៀតផង៕

បកប្រែដោយ Huyen Trang