“កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី ១ ឆ្នាំ ២០២២”ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ដើម្បីជំរុញទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងបណ្តាទីក្រុងជុំវិញពិភពលោក ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយទឹកដី និងមនុស្សវៀតណាមទៅកាន់មិត្តភ័ក្តិអន្តរជាតិ។

ថ្លែងមតិក្នុងពិធីបើក លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ទីក្រុងជាមួយមូលដ្ឋាននានាកំពុងពង្រីកដោយឥតឈប់ឈរ។ វត្តមានរបស់ប្រតិភូអន្តរជាតិគឺជាការគាំទ្រដ៏ធំធេងសម្រាប់ទីក្រុងហូជីមិញ ដែលបង្ហាញយ៉ាងច្បាស់នូវចំណងមិត្តភាព ទំនុកចិត្ត និងការប្តេជ្ញាចិត្តរួមគ្នាជំរុញសកម្មភាពសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋានជុំវិញពិភពលោកនាពេលខាងមុខ។

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុង និងប្រតិភូអន្តរជាតិថតរូបទុកជាអនុស្សាវរីយ៍

លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស បានវាយតំលៃខ្ពស់ចំពោះគំនិតរៀបចំព្រឹត្តិការណ៍ “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី ១ ឆ្នាំ ២០២២”។ លោករដ្ឋមន្ត្រីសង្ឃឹមថា មូលដ្ឋានជុំវិញពិភពលោក និងទីក្រុងហូជីមិញនឹងបន្តរួបរួម និងបង្កើនសកម្មភាពសហប្រតិបត្តិការលើគ្រប់វិស័យ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសនីមួយៗ។

បន្ទាប់ពីការបើក “កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី ១ ឆ្នាំ ២០២២” បានប្រព្រឹត្តទៅកម្មវិធី “សន្និសីទអភិបាលក្រុង” ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំគណៈប្រតិភូមូលដ្ឋានមកពីប្រទេសនានាលើសាកលលោកចំនួន២៤។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញបានបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានចំនួន ៥៣ នៃទ្វីបទាំង ៥៕

បកប្រែដោយ Huyen Trang