កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១២ (MC 12) បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៥ ខែមិថុនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មកពីសមាជិក WTO ចំនួន ១៦៤ រូប។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien។

ក្នុងសុន្ទរកថានៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអះអាងនូវការគាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបញ្ជាក់ការខិតខំប្រឹងប្រែងរួមជាមួយសមាជិកទាំងឡាយដើម្បីពួតដៃគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ។ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ WTO ក្នុងពាណិជ្ជកម្មអន្តរជាតិ លោករដ្ឋមន្ត្រី Nguyen Hong Dien បាននិយាយថា វាដល់ពេលហើយដែល WTO ត្រូវអនុវត្តកំណែទម្រង់ជាមូលដ្ឋាន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងតម្រូវការថ្មីនៃសម័យកាល។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណា​ម (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Nguyen Hong Dien បានសង្កត់ធ្ងន់ថា ចាប់តាំងពីចូលជាសមាជិក WTO វៀតណាមបាន និងកំពុងបន្តចូលរួមដោយអស់ពីកម្លាំងកាយចិត្តក្នុងប្រព័ន្ធពាណិជ្ជកម្ម។ វៀតណាមមានឆន្ទៈសហការជាមួយសមាជិក WTO ក្នុងការរក្សា និងពង្រឹងប្រព័ន្ធពហុភាគីដែលដើរតួនាទីជាស្នូលជា WTO ក្នុងការជំរុញ និងសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធានានូវប្រភពផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមសំខាន់ៗក្នុងតំបន់ និងទូទាំងពិភពលោក។

យោងតាមលោករដ្ឋមន្ត្រី វៀតណាមកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចរចាសំខាន់ៗរបស់ WTO ដូចជាការឧបត្ថម្ភផ្នែកជលផល និងកសិកម្មជាដើម។ ទន្ទឹមនឹងនោះ វៀតណាមក៏ចង់ឱ្យសមាជិកទាំងឡាយអាចផ្តោតទៅលើប្រធានបទធានាការផ្គត់ផ្គង់ស្បៀងអាហារ និងរបស់របរជាចាំបាច់សម្រាប់ប្រជាជនយ៉ាងទូលំទូលាយ និងជាក់ស្តែង។

ក្នុងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សាស្តីពីពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំ MC12 លោករដ្ឋមន្ត្រី Nguyen Hong Dien បានលើកឡើងពីទស្សនៈរបស់វៀតណាមនោះគឺការបង្កើតសម្ព័ន្ធភាពរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងវិស័យអាកាសធាតុអាចជាវិធីមួយក្នុងចំណោមវិធីទាំងឡាយដើម្បីសម្រេចគោលដៅទាំងនេះ។ ដូច្នេះ រដ្ឋមន្ត្រីទាំងឡាយចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាប្រចាំ ដោយមិនត្រឹមតែក្នុងក្របខ័ណ្ឌ WTO ប៉ុណ្ណោះ ថែមទាំងក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគីទៀតផង។

លោករដ្ឋមន្ត្រី Nguyen Hong Dien ក៏បានចូលរួមសម័យកិច្ចប្រជុំមួយចំនួននៅខាងក្រៅកិច្ចប្រជុំ MC12 និងកិច្ចប្រជុំទ្វេភាគីជាមួយដៃគូមួយចំនួនដូចជាសហភាពអឺរ៉ុប (EU) អូស្ត្រាលី សិង្ហបុរី អ៊ីស្រាអែល ... ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី៕

បកប្រែដោយ Duy Hoan