ទស្សនាវដ្តី Forbes ជាភាសាអ៊ីស្រាអែលវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការទូតរបស់ប្រទេសវៀតណាម
កប.អនឡាញ - ទស្សនាវដ្តី Forbes ជាភាសាអ៊ីស្រាអែលទើបតែផ្សាយអត្ថបទក្រោមចំណងជើងថា “ហេតុអ្វីយើងគួរគិតបន្ថែមទៀតដល់ប្រទេសវៀតណាម”។
អត្ថបទនេះបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការទូត និងភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់វៀតណាម។
អត្ថបទបានវាយតម្លៃថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅលើពិភពលោក ខណៈផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០១៩ ទទួលបាន ៧.០២%។ វៀតណាមក៏ជាប្រទេសមានការនាំចេញអតិរេកក្នុងរយៈពេល ៤ ឆ្នាំជាប់គ្នា ខណៈពេលឱនភាពពាណិជ្ជកម្មកើនឡើងនៅប្រទេសជាច្រើន។ ទស្សនាវដ្តី Forbes បានឲ្យដឹងថា វៀតណាមទទួលបានសមិទ្ធិផលទាំងនេះគឺដោយសារវៀតណាមខិតខំធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ យោងតាមសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងសកលនៅឆ្នាំ២០១៩ វៀតណាមស្ថិតនៅចំណាត់ថ្នាក់លេខ៦៧ ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានការកើនឡើងយ៉ាងលឿនបំផុតនៅក្នុងឆ្នាំ។ ធនាគារពិភពលោក(WB) ក៏វាយតម្លៃថា វៀតណាមមានវឌ្ឍនភាពច្បាស់លាស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្មក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
ទស្សនាវដ្តី Forbes បានឲ្យដឹងថា ប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន១២ ជាមួយដៃគូ។ ទន្ទឹមនឹងនោះ ទស្សនាវដ្តី Forbes ក៏បានឲ្យដឹងថា វៀតណាមជាសមាជិករបស់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
អត្ថបទក៏វាយតម្លៃខ្ពស់ចំពោះដំណោះស្រាយរបស់វៀតណាមក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 ដែលកំពុងផ្ទុះឡើងនៅលើពិភពលោកផងដែរ៕
បកប្រែដោយ Thuy Anh