នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc មានប្រសាសន៍ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក និងមានបំណងចង់ឲ្យ​មានគម្រោងសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅក៏ដូចជាចូលរួមវិភាគទានក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក​និងអាស៊ាន។

លោកឯកអគ្គរដ្ឋទូតក៏បានស្នើដល់ទីភ្នាក់ងារនានានៃសហរដ្ឋអាមេរិកបង្កើតយុទ្ធសាស្ត្រសហប្រតិបត្តិការរួមមួយដោយមានចក្ខុវិស័យ គោលដៅ និងការសន្យារយៈពេលវែងនៅតំបន់អាស៊ីអាគ្នេយ៍ និងចាត់ទុកអាស៊ានជាដៃគូអាទិភា​ព រួម​ទាំង​ពង្រឹងការពិគ្រោះយោបល់ជាមួយដៃគូនានាក្នុងតំបន់ ពង្រឹងការជួយគាំទ្រសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ជំនួយបច្ចេកទេស និងតភ្ជាប់កម្មវិធី ផែនការសហប្រតិបត្តិការ និងផែនការមេស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់អាស៊ាន ក៏ដូចជាផែនការសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា ដូចជាជប៉ុន អូស្ត្រាលីជាដើម។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc ប្រធានធនាគារ Export - Import Bank លោកស្រី Kimberly Reed និងប្រធានស្តីទីនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (USTDA) លោក Thomas Hardy  (រូបថត៖ vnanet.vn)

 

លោក Thomas Hardy បានសង្កត់ធ្ងន់ថា អាស៊ានជាអាទិភាព​មួយ​នៃ​កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិក (IPS) ។ USTDA ស្វាគមន៍បណ្តាប្រទេសអាស៊ាន​​ចែករំលែកអាទិភាពក្នុងវិស័យមួយចំនួនដូចជា ហេដ្ឋា​រចនាសម្ព័ន្ធ ថាមពល ការដឹកជញ្ជូន បច្ចេកវិទ្យាព័ត៌មាន និង​សុខាភិបាល ព្រមទាំងចង់ឲ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អាស៊ានក្នុង​ការ​​រៀបចំវេទិកាធុរកិច្ចឥណ្ឌា - ប៉ាស៊ីហ្វិក ដែលគ្រោងនឹងធ្វើ​ឡើងនាខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងហាណូយ។

រីឯខ្លួនវិញ លោកស្រី Kimberly Reed បានអះអាងថា Eximbank ត្រៀមខ្លួនជាស្រេចសហការជាមួយ USTDA ក្នុង​ការស្វែងរក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានក្នុងវិស័យអាទិភាពទាំងនេះ និងថ្លែងអំណរគុណដល់វៀតណាមដែលក្នុងនាមជាប្រធានអាស៊ានបានដាក់ចេញសំណើសមស្រប​ដើម្បីជំរុញកិច្ចសហប្រតិបត្តិ​ការរវាងអាស៊ាន ជាមួយ Eximbank និង USTDA ៕

បកប្រែដោយ Duy Hoan