បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធីលេខ១៧១៩) ជនរួមជាតិភាគតិចនៅខេត្ត Ca Mau មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលទទួលបានការយកចិត្តទុកដាក់ជាក់ស្តែងពីបក្ស និងរដ្ឋ។

លោក Tran Hoang Nho ប្រធានគណៈកម្មការជនជាតិខេត្ត Ca Mau បានឲ្យដឹងថា ដោយអនុវត្តកម្មវិធី ១៧១៩ ក្នុងឆ្នាំ ២០២៣ ខេត្ត Ca Mau បានឧបត្ថម្ភដីលំនៅដ្ឋានសម្រាប់គ្រួសារចំនួន ៣០ គ្រួសារ ឧបត្ថម្ភលំនៅដ្ឋានសម្រាប់ ២៦៣ គ្រួសារ ជួយគាំទ្រការផ្លាស់ប្តូរការងារសម្រាប់ ១៤៩ គ្រួសារ ផ្ដល់ទឹកស្អាតដល់ ៣២៤ គ្រួសារ... ក្នុងដំណាក់កាល ២០២១-២០២៥ ខេត្ត Ca Mau ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចជាង ២% ក្នុងមួយឆ្នាំ។  ដល់ឆ្នាំ២០២៥ នឹងមានឃុំយ៉ាងហោចណាស់ចំនួនពីរ ដែលមានភូមិចំនួន ២២ រួចផុតពីតំបន់មានស្ថានភាពលំបាកខ្លាំង។

leftcenterrightdel
ដោយទទួលបានការជួយឧបត្ថម្ភដីផលិតកម្ម គ្រួសារលោក Thach Ky នៅភូមិ Tan Dien B ឃុំ Thanh Tung ស្រុក Dam Doi មានចំណូលបន្ថែមពីការចិញ្ចឹមបង្កង និងត្រី

Thanh Tung ជាឃុំដែលមានចំនួនប្រជាជនជនជាតិខ្មែរច្រើនជាងគេនៅស្រុក Dam Doi។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ Thanh Tung តែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ តាមរយៈនោះ ចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅសម្រាប់ប្រជាជន។ ដោយសារមានការអនុវត្តកម្មវិធី ១៧១៩ គ្រួសារលោក Thach Ky ជនជាតិខ្មែរនៅភូមិ Tan Dien B ដែលជាគ្រួសារក្រីក្រ មិនត្រឹមតែទទួលឧបត្ថម្ភលំនៅដ្ឋានប្រកបដោយស្ថិរភាព ថែមទាំងឧបត្ថម្ភដីផលិតកម្មបន្ថែមទំហំ ១,២០០ ម៉ែត្រការ៉េទៀតផង។ ជាមួយនឹងផ្ទៃដីនេះ គ្រួសារលោក Thach Ky បានចិញ្ចឹមបង្កង ក្តាម ត្រី... ជីវភាពរស់នៅរបស់គ្រួសារលោកកាន់តែមានស្ថិរភាព។

លោក Le Quoc Bay ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Tung បានឲ្យដឹងថា តាមរយៈការអនុវត្តកម្មវិធីលេខ ១៧១៩ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនៅឃុំ Thanh Tung មានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ គោលនយោបាយសុខុមាលភាពសង្គមត្រូវបានអនុវត្តព្រមៗគ្នា ទាន់ពេលវេលា និងការកាត់បន្ថយភាពក្រីក្រត្រូវបានយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ន ឃុំ Thanh Tung មានគ្រួសារក្រីក្រតែ ២៦ គ្រួសារប៉ុណ្ណោះ។

នៅស្រុក U Minh ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការវិនិយោគលើការសាងសង់ស្ពាន ផ្លូវជនបទ គម្រោងទឹកស្អាត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតការងារ... ជីវភាពរស់នៅរបស់ជនជាតិខ្មែរភាគច្រើនបានមានការរីកចម្រើន ជាពិសេសគ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់ក្រីក្រ និងគ្រួសារជួបការលំបាក។ ពីដើមទុនឧបត្ថម្ភ ឆ្នាំ២០២៣ ស្រុក U Minh បានបណ្តាក់ទុនលើការសាងសង់គម្រោងផ្លូវចំនួន ១៥ ដោយមានប្រវែង ២៨ គីឡូម៉ែត្រ នៅឃុំជួបការលំបាក ផ្តល់ដើមទុនជំនួយសម្រាប់គម្រោងចំនួន ១២ ដើម្បីកសាងគំរូកាត់បន្ថយភាពក្រីក្រដែលមានគ្រួសារជាង ២០០ គ្រួសារ និងបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៧ ដល់កម្មករជិត ៦០០ នាក់មកពីគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រ…

លោក Nguyen Minh Luan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានឲ្យដឹងថា នាពេលកន្លងមកនេះ ខេត្ត Ca Mau បានផ្តោតលើការឧបត្ថម្ភដីលំនៅដ្ឋាន ដីផលិតកម្ម លំនៅដ្ឋាន និងទឹកស្អាតសម្រាប់ជនរួមជាតិភាគតិចដែលមានស្ថានភាពលំបាកក្នុងជីវភាពរស់នៅ ជួយឧបត្ថម្ភទុនកម្ចី ឧបត្ថម្ភដំណាំ សត្វចិញ្ចឹម និងសម្ភារៈសម្រាប់ផលិតកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកទេសដើម្បីប្រជាពលរដ្ឋអនុវត្តក្នុងផលិតកម្ម ចូលរួមចំណែកបង្កើនប្រាក់ចំណូល ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ...។ នៅចុងឆ្នាំ២០២៣ ខេត្តទាំងមូលមានគ្រួសារក្រីក្រចំនួន ៤,៩០០ ស្មើនឹង ១.៦% (ថយចុះ ២,៥០៧ គ្រួសារ) គ្រួសារជិតបន្ទាត់ក្រីក្រមាន ៤,៧៨៨ គ្រួសារ ស្មើនឹង ១.៥៦% (ថយចុះចំនួន ៩២២ គ្រួសារ)៕

បកប្រែដោយ Thuy Anh