វៀតណាម-ជប៉ុនជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលស្អាតក្នុងក្របខ័ណ្ឌ AZEC
កប.អនឡាញ - នាព្រឹកថ្ងៃទី៣១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Yamada Takio ទីប្រឹក្សាក្រសួងការបរទេស ឯកអគ្គរដ្ឋទូតទទួលបន្ទុកគំនិតផ្តួចផ្តើមសហគមន៍បំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅអាស៊ី (AZEC) របស់រដ្ឋាភិបាលជប៉ុន។
ដោយអបអរសាទរចំពោះលោក Yamada Takio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទទួលបន្ទុក AZEC នៃរដ្ឋាភិបាលជប៉ុន លោក Tran Hong Ha បានអះអាងថា ខ្លឹមសារក្នុងក្របខ័ណ្ឌរបស់ AZEC ត្រូវបានពិភាក្សា ឯកភាពនិងទទួលបានការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងជប៉ុន ព្រមទាំងបណ្ដាប្រទេសជាដៃគូ។
|
|
លោក Tran Hong Ha ទទួលជួបលោក Yamada Takio (រូបថត៖ vnanet.vn) |
រហូតមកទល់ពេលនេះ នាយកដ្ឋានអគ្គិសនី និងថាមពលកកើតឡើងវិញ (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) រួមជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម និងធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) បានបង្កើតក្រុមការងារជម្រុញ AZEC ដែលមានគោលដៅជំនួយមួយចំនួនដូចជា៖ ការធ្វើបរិវត្តកម្មថាមពល ការផ្លាស់ប្តូរបៃតងនៅរោងចក្រថាមពលដែលប្រើប្រាស់ប្រភពឥន្ធនៈហ្វូស៊ីលរបស់ប្រទេសវៀតណាម ការផលិតថាមពលកកើតឡើងវិញដូចជា ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ថាមពលខ្យល់នៅឆ្នេរសមុទ្រ...។ លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា គម្រោងថាមពលក្នុងក្របខ័ណ្ឌ AZEC គប្បីអនុវត្តតាមយន្តការទីផ្សារ ធានាការផ្គត់ផ្គង់និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព អព្យាក្រឹតភាពកាបូន និងការអនុវត្តការប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យនៅត្រឹមឆ្នាំ ២០៥០។
ក្នុងជំនួបនេះ លោក Yamada Takio បានឲ្យដឹងថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតមួយក្នុងការអនុវត្ត AZEC ហើយលើកឡើងគម្រោងមួយចំនួនដែលអាចធ្វើទៅបាន ដើម្បីភាគីទាំងពីរពន្លឿនការអនុវត្តដោយមានការចូលរួមរបស់សាជីវកម្ម និងធនាគារធំៗរបស់ជប៉ុន៕
បកប្រែដោយ Thuy Anh