ឃុំ Dinh Hoa (ស្រុក Go Quao) ជាឃុំមួយដែលមានជនជាតិខ្មែរជាង ៦៥%។ នាពេលថ្មីៗនេះ ឃុំ Dinh Hoa បានអនុវត្តទាន់ពេល និងមានប្រសិទ្ធភាពនូវគោលនយោបាយរបស់រដ្ឋក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដូចជាការ​ជួយឧបត្ថម្ភផ្ទះសម្បែង ដីធ្លី និងជួយផលិតកម្មសម្រាប់គ្រួសារក្រីក្រ និងគ្រួសារកៀកនឹងបន្ទាត់នៃភាពក្រីក្រ។ ចាប់តាំងពីពេលនោះមក ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគ និងធ្វើឱ្យប្រសើរឡើង ជាពិសេសប្រព័ន្ធដឹកជញ្ជូនតាមជនបទ សាលារៀន ផ្ទះវប្បធម៌... បង្កើតលក្ខខណ្ឌអំណោយផលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ ផ្លាស់ប្ដូរយោបល់ជាមួយយើងខ្ញុំ លោក Pham Thanh Hai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dinh Hoa បានឲ្យដឹងថា៖ “នាពេលកន្លងមក ការអនុវត្តគម្រោងជួយឧបត្ថម្ភជនជាតិខ្មែរទទួលបានលទ្ធផលជាវិជ្ជមានរួមចំណែកលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម ជួយប្រជាជនមានកន្លែងស្នាក់នៅ និងដើមទុនដើម្បីផ្លាស់ប្តូរមុខរបរ ក្រៅពីនេះ ប្រជាជនបានផ្លាស់ប្តូរផ្នត់គំនិតក្នុងផលិតកម្ម ដោយ​ហេតុនេះកាត់បន្ថយចំនួនគ្រួសារក្រីក្រ”។

leftcenterrightdel
កម្មាភិបាលស្រុក Giong Rieng ណែនាំបងប្អូនជនជាតិខ្មែរចិញ្ចឹមបង្កងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

ខណៈដែលនៅភូមិ Thanh Trung ឃុំ Thanh Hung ស្រុក Giong Rieng ដែលជាមូលដ្ឋានមានប្រជាពលរដ្ឋជិត ៥០% ជាជនជាតិខ្មែរ ដែលជាភូមិ ក្រីក្របំផុតក្នុងឃុំ និងស្រុក ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកជាច្រើន។ ដោយការជួយគាំទ្រពីគ្រប់លំដាប់ថ្នាក់ បច្ចុប្បន្នភូមិ Thanh Trung គ្មានគ្រួសារក្រីក្រទេ ចំនួនគ្រួសារដែលមានជីវភាពធូរធារ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់គ្រួសារដែលទើបរួចផុតពីភាពក្រីក្រ ពួកគេនឹងត្រូវបានធានាឲ្យខ្ចីដើមទុនអនុគ្រោះដើម្បីអភិវឌ្ឍផលិតកម្ម និងធ្វើអាជីវកម្ម ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។ ប្រសិនបើកាលពីមុន ជារៀងរាល់ឆ្នាំ ភូមិ Thanh Trung បានចលនាសប្បុរសធម៌ជួយឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១ ដល់ ២ ខ្នង ជូនគ្រួសារក្រីក្រ និងគ្រួសារកៀកនឹងបន្ទាត់នៃភាពក្រីក្រ ប៉ុន្ដែក្រោយពីអនុវត្តកម្មវិធី  ១៧១៩ មក  ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភូមិ Thanh Trung មានការអភិវឌ្ឍន៍ខ្លាំងជាងមុន។ ពីការចូលរួមចំណែកពីប្រជាពលរដ្ឋ ផ្លូវជនបទភាគច្រើនត្រូវបានចាក់បេតុង។ ៧៥% នៃគ្រួសារនៅក្នុងភូមិមានជីវភាពរស់នៅធូរធា; ៩៨% នៃចំនួនប្រជាជនចូលរួមធានារ៉ាប់រងសុខភាព; ៧០% នៃចំនួនគ្រួសារមានកូនរៀននៅសកលវិទ្យាល័យ...

តាមរយៈការស្វែងយល់ យើងខ្ញុំដឹងថា ក្នុងរយៈពេល ៣ ឆ្នាំ (២០២១-២០២៣) ទុនសរុបនៃកម្មវិធី ១៧១៩ ត្រូវបាន​បែង​ចែកទៅខេត្ត Kien Giang គឺជាង ៤៤៦ ពាន់លានដុង ដើម្បីអនុវត្តគម្រោងតូចចំនួន ១១ ចំណុះ ៩ គម្រោងនៃកម្មវិធី ១៧១៩។ ចាប់តាំងពីពេលនោះមក ខេត្ត Kien Giang បានផ្តោតលើការអនុវត្តដំណោះស្រាយស្របគ្នា ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័ស កែលម្អជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច និងបង្រួមគម្លាតជីវភាពរស់នៅរវាងបណ្ដាជនជាតិ ។ ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាព ខេត្ត Kien Giang បានដាក់ចេញគោលដៅជាក់លាក់ ដោយផ្តល់អាទិភាពដល់ឃុំ ជួបការលំបាកខ្លាំងដើម្បីវិនិយោគ។

ទន្ទឹមនឹងនោះ កៀរគរការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជាការឃោសនា និងចលនាប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តកម្មវិធីនេះ។ លោក Nguyen Luu Trung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា៖ “ដើម្បីបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធី ១៧១៩ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Kien Giang បានចេញសេចក្តីណែនាំលេខ ១៦-CT/TU ចុះថ្ងៃទី​ ១០ ខែតុលា ឆ្នាំ ២០២៣ ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំក្នុងការអនុវត្តកម្មវិធី។ អាស្រ័យហេតុនេះ នាពេលខាងមុខ គ្រប់លំដាប់ថ្នាក់ត្រូវសហការយ៉ាងជិតស្និទ្ធក្នុងដំណើរការអនុវត្តកម្មវិធី; ពិនិត្យបញ្ជីគម្រោង លទ្ធភាពនៃការបញ្ចេញថវិកា ដើម្បីសម្រេចចិត្តលើការកែតម្រូវទាន់ពេលវេលា។ ពន្លឿនការអនុវត្តគម្រោងដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅ សកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ"។

ដោយការអនុវត្តកម្មវិធី ១៧១៩ រហូតមកដល់បច្ចុប្បន្ន ជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរនៅខេត្ត Kien Giang ប្រសើរឡើងជាបណ្តើរៗ ដោយហេតុនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ជនជាតិភាគតិច៕

បកប្រែដោយ Pham Diep