នៅខែមីនា ឆ្នាំ២០០៣ ដោយអនុវត្តគោលនយោបាយសាងសង់ទំនប់វារីអគ្គិសនី Son La លោក Tuoi និងក្រុមគ្រួសារបានធ្វើចំណាកស្រុកពីទីប្រជុំជន It Ong (ស្រុក Muong La) មកតាំងទីលំនៅថ្មីនៅភូមិ Na Tan វិញ។ ក្នុងឆ្នាំ ២០០៨ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈអគ្គិសនី (សាលាមធ្យមសិក្សាសំណង់ហាណូយ) លោក Tuoi បានត្រឡប់មកភូមិវិញ ហើយត្រូវបានប្រជាជនទុកចិត្តបោះឆ្នោតជ្រើសរើសធ្វើជាមេភូមិ។

បច្ចុប្បន្ននេះ ភូមិ Na Tan មាន ២៤០ គ្រួសារ មានប្រជាជនចំនួន ១,០៤៥ នាក់ ភាគច្រើនជាជនជាតិ Thai និង Kinh ដែលក្នុងនោះមាន ១៣៦ គ្រួសារត្រូវបានតាំងទីលំនៅថ្មីពីស្រុក Muong La នៅសល់ជាប្រជាជនក្នុងស្រុក និងប្រជាជនមកពីខេត្តផ្សេងៗនៅតំបន់វាលទំនាបបានមកគាស់រានដីចោលទំនេដើម្បីសាងសង់តំបន់សេដ្ឋកិច្ចថ្មី។

leftcenterrightdel
លោក Leo Van Tuoi លេខាបក្ស និងជាមេភូមិ Na Tan ថែទាំដើមតែ

គ្រួសារដែលតាំងលំនៅថ្មីនោះ តែងតែសិក្សាយ៉ាងសកម្មពីប្រជាជនក្នុងតំបន់របៀបធ្វើស្រែចម្ការ កែលម្អដីដើម្បីដាំតែ ដាំដើមឈើហូបផ្លែ និងដំណាំដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំ ២០១៩-២០២១ ក្រុមហ៊ុនភាគហ៊ុនតែទង់ក្រហមខេត្ត Moc Chau ជួបប្រទះការលំបាកក្នុងការទិញលក់ និងប្រើប្រាស់តែរបស់ប្រជាពលរដ្ឋធ្វើឱ្យតម្លៃតែមិនស្ថិតស្ថេរ ទើបមានគ្រួសារខ្លះកាប់ដើមតែចោលទៅ។

ដោយបារម្ភថា ផ្ទៃដីតែជិត ៦០ ហិកតា របស់ប្រជាពលរដ្ឋនៅក្នុងភូមិគ្មានច្រកចេញទេ លោក Tuoi បានរៀបចំការទិញប្រមូលតែស្រស់ពីប្រជាពលរដ្ឋក្នុងភូមិដើម្បីលក់ឱ្យសហករណ៍ និងអាជីវករឯកជនក្នុងតំបន់នោះ។ ដើម្បីឲ្យប្រជាពលរដ្ឋបន្តប្រកបអាជីពដាំតែនោះ លោក Tuoi បានរៀបចំជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសុំយោបល់ពីថ្នាក់ដឹកនាំឃុំ និងស្រុក ស្តីពីការបង្កើតសហករណ៍ទិញប្រមូល និងផលិតតែស្ងួត។

នៅឆ្នាំ ២០២២ សហករណ៍តែ Na Tan ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន ៧ នាក់ ទុនវិនិយោគចំនួន ១២ ពាន់លានដុង។ ក្នុងមួយឆ្នាំៗ សហករណ៍តែ Na Tan ប្រមូលទិញតែស្រស់ចំនួន ៨០០ តោន ផលិតតែស្ងួតបានចំនួន ១៧០ តោន លក់ទៅកាន់ទីផ្សារ ដោយហេតុនេះដោះស្រាយបានបញ្ហាច្រកចេញសម្រាប់តែរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះ បង្កើតការងារជូនពលករចំនួន ៦០ នាក់ក្នុងមូលដ្ឋាន ជាមួយនឹងប្រាក់ចំណូលប្រចាំខែ ១២ លានដុង/ម្នាក់។

មិនត្រឹមតែបង្កើតសហករណ៍ជួយប្រជាជនមានច្រកចេញតែប៉ុណ្ណោះទេ លោក Tuoi ក៏បានធ្វើការជាមួយគណៈគ្រប់គ្រងភូមិ ដើម្បីផ្សព្វផ្សាយយ៉ាងសកម្ម បំផុសប្រជាជនឱ្យរួបរួមកសាងជីវភាពវប្បធម៌នៅតំបន់លំនៅដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងរាល់ចលនាក្នុងមូលដ្ឋាន។  អាស្រ័យហេតុនេះ ដើមឆ្នាំ ២០២៤ ភូមិ Na Tan បានបញ្ចប់ការដំឡើង និងដាក់ឱ្យប្រើប្រាស់ខ្សែភ្លើងជនបទប្រវែង ៤ គីឡូម៉ែត្រ ដោយចំណាយថវិកាសរុបជិត ១.៥ ពាន់លានដុង ដែលក្នុងនោះប្រជាជនបានចូលរួមចំណែកចំនួន ៤៧៥ លានដុង ហើយនៅសល់ត្រូវបានឧបត្ថម្ភដោយរដ្ឋ។

ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បន្ថែមពីលើដីទំហំ ២,០០០ ម៉ែត្រការ៉េ ដែលត្រូវបានរដ្ឋប្រគល់ទៅឱ្យនៅពេលតាំងទីលំនៅថ្មីនោះ លោក Tuoi និងភរិយាបានខ្ចីប្រាក់ជាង ២០ លានដុងពីមូលនិធិឥណទានប្រជាជននៃទីប្រជុំជនកសិដ្ឋាន Moc Chau ដើម្បីទិញគោចំនួន ៤ ក្បាលមកចិញ្ចឹម។ រហូតមកដល់ពេលនេះ ហ្វូងគោបានកើនដល់ ១៤ ក្បាលហើយ។ លើសពីនេះ លោក Tuoi ក៏បានទិញដីបន្ថែមទៀតដើម្បីពង្រីកតំបន់សម្រាប់ដាំតែ និងបន្លែ។ បច្ចុប្បន្ននេះ គ្រួសាររបស់គាត់មានផ្ទៃដីតែ ០.៦ ហិកតា ក្នុងមួយឆ្នាំប្រមូលផលតែស្រស់ ១៥ តោន និង ០.៦ ហិកតាដាបន្លែស៊ូ ជួយគ្រួសាររបស់គាត់រកចំណូលបានជាង ២៥០ លានដុងក្នុងមួយឆ្នាំបន្ទាប់ពីបានកាត់រាល់ការចំណាយទាំងអស់ និងបង្កើតការងារតាមរដូវសម្រាប់កម្មករក្នុងស្រុកចំនួន ១០ នាក់។

ជាមួយនឹងការរួមវិភាគទានរបស់ខ្លួន លោក Leo Van Tuoi តែងតែត្រូវបានប្រជាជននៅក្នុងភូមិជឿទុកចិត្ត និងស្រលាញ់។ លោកក៏ជាគំរូលេចធ្លោមួយក្នុងការរួមចំណែកអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ដើម្បីធានា “កន្លែងរស់នៅថ្មី ប្រសើរជាងកន្លែងរស់នៅចាស់” សម្រាប់ប្រជាជននៅតំបន់តាំងលំនៅថ្មី៕

បកប្រែដោយ Minh Trung