ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយកំណត់អត្តសញ្ញាណវប្បធម៌ជាធនធានដ៏មានតម្លៃ ខេត្ត Gia Lai បានអនុវត្តនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងស៊ីចង្វាក់គ្នាជាច្រើនដើម្បីរក្សា អភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ប្រកបដោយនិរន្តរភាពជួយកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។

នៅចុងឆ្នាំ ២០២៣ សិល្បករគងឃ្មោះ Y Byun រួមនិងសិល្បករជិត ៥០ នាក់ទៀតនៅភូមិ Kon Mah ឃុំ Ha Tay ស្រុក Chu Pah មានក្តីរំភើបរីករាយដែលបានទៅកាន់ទីក្រុង Pleiku (Gia Lai) ដើម្បីសម្តែងគងឃ្មោះបម្រើប្រជាជន និងភ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍ “ភាពសម្បូរបែបនៃវប្បធម៌ Gia Lai - ការអភិរក្ស និងអភិវឌ្ឍន៍” ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gia Lai រៀងរាល់ព្រឹកថ្ងៃអាទិត្យ។ ជាការពិតណាស់ការសម្តែងគងឃ្មោះរបស់ជនរួមជាតិ Ba Na និង Gia Rai ដែលពីមុនសម្តែងតែនៅក្នុងភូមិ ឬក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ខេត្តឬស្រុកតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះត្រូវបានសម្តែងជាប្រចាំនៅតាមដងផ្លូវដើម្បីឱ្យប្រជាជនបានចូលរួមយ៉ាងសប្បាយរីករាយផងដែរ។ “ការនាំយកនូវភាពសម្បូរបែប និងតម្លៃពិសេសនៃលំហវប្បធម៌គងឃ្មោះដល់មហាជន គឺជាអ្វីដែលយើងទន្ទឹងរង់ចាំជាយូរមកហើយ។ "យើងចង់ឱ្យសម្រស់វប្បធម៌របស់ជាតិយើងហោះហើររីកសាយភាយទៅឆ្ងាយ ហើយត្រូវបានគេគ្រប់រូបស្គាល់ទាំងអស់គ្នា” នេះជាក្តីសង្ឃឹមនៃសិល្បករ Y Byun។

leftcenterrightdel
សិល្បករឃុំ Ha Tay ស្រុក Chu Pah (Gia Lai) សម្តែងគងឃ្មោះក្នុងព្រឹត្តិការណ៍ “ភាពសម្បូរបែបនៃវប្បធម៌ Gia Lai - អភិរក្ស និងអភិវឌ្ឍន៍”

ភាពសប្បាយរីករាយរបស់សិល្បករភូមិ Kon Mah ក៏ជាអារម្មណ៍រួមរបស់ជនជាតិ Gia Lai ជាពិសេសជនជាតិភាគតិច។ ព្រឹទ្ធាចារ្យភូមិ Dinh Mlenh នៅភូមិ៤ ឃុំ Po To ស្រុក Ia Pa បានសម្តែងថា៖ “ព្រឹត្តិការណ៍ក្នុងឆ្នាំ២០២៣ និងព្រឹត្តិការណ៍មួយចំនួននៅដើមឆ្នាំ ២០២៤ ដូចជា៖ សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Gia Lai; ពិធីបុណ្យវប្បធម៌គងឃ្មោះ Gia Lai និងការសម្តែងនូវគងឃ្មោះនារាល់យប់ថ្ងៃសៅរ៍... បានរួមចំណែកពង្រីកលំហវប្បធម៌ និងនាំវប្បធម៌ឱ្យកាន់តែជិតស្និទ្ធជាមួយប្រជាជន និងភ្ញៀវទេសចរ...”។

ជាការពិត នៅក្នុងខេត្ត Gia Lai បានបង្ហាញថា នៅពេលដែលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាជនឯកភាពគ្នាក្នុងការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ លទ្ធផលវិជ្ជមានជាច្រើននឹងសម្រេចបានទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច។ ភ័ស្តុតាងបង្ហាញថា ក្នុងចំណោមគងឃ្មោះជាង ១ ម៉ឺនកំប៉្លេ ដែលត្រូវបានរក្សាទុកដោយជនជាតិភាគតិចនៅតំបន់ខ្ពង់រាបភាគកណ្តាល គឺខេត្ត Gia Lai មានប្រមាណ ៥០០០ កំប៉្លេ រួមជាមួយនោះគឺសកម្មភាពបង្រៀនពីរបៀបលេងគង ឃ្មោះ និងស្តារឡើងវិញនូវពិធីបុណ្យប្រពៃណី ដែលធ្វើឡើងយ៉ាងទូលំទូលាយនៅតាមភូមិឃុំនានា និងសាលារៀន។ ការតម្បាញសំពត់ត្រូវបានស្តារ និងអភិវឌ្ឍយ៉ាងខ្លាំងក្លា សហករណ៍ និងក្លឹបតម្បាញជាច្រើនត្រូវបានបង្កើតឡើងមានទំនាក់ទំនងជាមួយសហគ្រាសអាជីវកម្ម និងក្រុមហ៊ុនទេសចរណ៍ ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ និងប្រើប្រាស់ផលិតផលកសិកម្មធម្មតា បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ នៅឆ្នាំ ២០២៣ គោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Gia Lai ទាំងអស់សុទ្ទតែសម្រេចបានលើសពីផែនការដែលបានកំណត់ គិតត្រឹមតែទេសចរណ៍ក៏ទាក់ទាញភ្ញៀវទេសចរចំនួន ១.២ លាននាក់ កើនឡើង ២៥% បើធៀបនឹងឆ្នាំ ២០២២ ចំណូលទេសចរណ៍សរុបប្រមាណ ៧៩០ ពាន់លានដុង។

យោងតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំខេត្ត Gia Lai និងធុរកិច្ច និងក្រុមហ៊ុនទេសចរណ៍ Gia Lai មានសក្ដានុពល និងចំណុចខ្លាំងលេចធ្លោទាក់ទងនឹងអត្តសញ្ញាណវប្បធម៌ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិល្អ ជាមួយនឹងទេសភាពជាច្រើនអាច អភិវឌ្ឍផលិតផលទេសចរណ៍ប្លែកៗបាន។ តំបន់មូលដ្ឋានខ្លះបានធ្វើអាជីវកម្មដំបូងពីប្រភេទទេសចរណ៍ដែលជាប់ទាក់ទងនឹងការអភិរក្សវប្បធម៌ កំណត់បានផលិតផលទេសចរណ៍ជាមួយនឹងសកម្មភាពទាក់ទាញភ្ញៀវទេសចរជាច្រើន។

លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានឲ្យដឹងថា ការធ្វើអាជីវកម្មលើធនធានវប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប្រកបដោយនិរន្តរភាពកំពុងទទួលបានការយកចិត្តទុកដាក់ពិសេសពីខេត្ត Gia Lai។ ខេត្តបានបង្កើត និងអនុវត្តគម្រោង “អភិរក្ស និងលើកកំពស់តម្លៃលំហវប្បធម៌គងឃ្មោះនៅតំបន់ខ្ពង់រាបកណ្តាលខេត្ត Gia Lai ដំណាក់កាល ២០២៣-២០២៥”; គម្រោង “ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥។

ខេត្តមានគោលការណ៍ជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍តាមបាវចនាថា "ផលិតផលប្លែកៗ សេវាកម្មប្រកបដោយវិជ្ជាជីវៈ នីតិវិធីងាយស្រួល និងសាមញ្ញ តម្លៃប្រកួតប្រជែង បរិយាកាសស្អាត គោលដៅធម្មជាតិដ៏ទាក់ទាញ" និងកសាងគំរូទេសចរណ៍សហគមន៍ ភ្ជាប់ជាមួយកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី តាមទស្សនៈនៃការជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍទៅវិញទៅមក...

បកប្រែដោយ Minh Trung