ការផ្លាស់ប្ដូរថ្មីនៅតំបន់ជនជាតិខ្មែរនៅស្រុក U Minh
កប.អនឡាញ - បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ សម្រាប់ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ (កម្មវិធីលេខ ១៧១៩) ស្រុក U Minh (ខេត្ត Ca Mau វៀតណាម) បានប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធភាព លើកទឹកចិត្តជនរួមជាតិភាគតិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាលំនឹងជីវភាពរស់។
ដោយអនុវត្តគម្រោងទី១ នៃកម្មវិធីលេខ១៧១៩ (ដោះស្រាយបញ្ហាខ្វះខាតដីលំនៅឋាន ដីផលិតកម្ម និងទឹកប្រើប្រាស់) រហូតមកដល់ពេលនេះ ស្រុក U Minh បានជួយឧបត្ថម្ភប្រជាពលរដ្ឋសាងសង់ផ្ទះបានចំនួន ៨៦ ខ្នង ផ្លាស់ប្ដូររបរសម្រាប់គ្រួសារចំនួន ៥៦ គ្រួសារ ផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារចំនួន ១១៩ គ្រួសារ។ ដោយអនុវត្តគម្រោងលេខ៣ ស្រុក U Minh ក៏បានអនុវត្តគម្រោងអភិវឌ្ឍន៍ផលិតកម្មសហគមន៍ចំនួន ១៣ ដែលមានដើមទុនសរុបជិត ៣.២ ពាន់លានដុង។
    |
 |
រូបថតឧទាហរណ៍ (mic.gov.vn) |
លោក Nguyen Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក U Minh បានឲ្យដឹងថា “ដើម្បីអនុវត្តកម្មវិធីលេខ១៧១៩ ប្រកបដោយប្រសិទ្ធភាព នាពេលកន្លងមកនេះ ស្រុក U Minh បានដោះស្រាយភ្លាមៗនូវការលំបាកនៅតំបន់ជនជាតិភាគតិច។ ក្នុងនោះ ស្រុកបានផ្តល់អាទិភាពដល់ភូមិដែលកង្វះហេដ្ឋារចនាសម្ព័ន្ធ ផ្តល់អាទិភាពដល់ការជួយគ្រួសារក្រីក្រ។ ស្រុកក៏បានឃោសនា និងចលនាប្រជាជនឲ្យបង្កើនការយល់ដឹង លើកកម្ពស់ឆន្ទៈខ្លួនទីពឹងខ្លួន ព្រមទាំងបង្កើតការស្រុះចិត្តគំនិតរបស់ប្រជាជនក្នុងការចូលរួមក្នុងការអនុវត្តគម្រោងនៃកម្មវិធីលេខ១៧១៩។ ពីនោះ ជួយតំបន់ជនជាតិភាគតិច មានការផ្លាស់ប្តូរជាវិជ្ជមាន ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង ហើយមុខមាត់ជនបទកាន់តែមានការផ្លាស់ប្ដូរថ្មី។ ទន្ទឹមនឹងការជួយឧបត្ថម្ភដីលំនៅដ្ឋាន ដីផលិតកម្ម និងទឹកស្អាត ស្រុក U Minh ក៏រៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារជូនពលករជនជាតិខ្មែរជិត ៣០០ នាក់ ព្រមទាំងជួយទិញឧបករណ៍ផលិតកម្មសម្រាប់គ្រួសារចំនួន ១៥០ គ្រួសារផងដែរ។
យើងអាចបញ្ជាក់បានថា ដោយមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីលេខ១៧១៩ ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅស្រុក U Minh កំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ កម្មវិធី និងគម្រោងវិនិយោគមួយចំនួន បាននាំមកនូវប្រសិទ្ធភាព និងអត្ថប្រយោជន៍ជាក់ស្តែង រួមចំណែកផ្លាស់ប្តូរមុខមាត់របស់ភូមិ៕
បកប្រែដោយ Thuy Anh