ឃុំ Vien An ដែលមានជនរួមជាតិខ្មែរជិត ៩០% រស់នៅ ផ្លូវបេតុងស្អាត និងផ្ទះរឹងសង់ជិតគ្នា បង្ហាញពីជីវភាពរស់នៅធូធាររបស់ប្រជាជន។ លោក Le Thanh Hoa ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vien An បានឲ្យដឹងថា ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នាពេលកន្លងមក មូលដ្ឋានក៏បានអនុវត្តគោលនយោបាយជួយឧបត្ថម្ភលំនៅដ្ឋាន ដីធ្លី និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទិញឧបករណ៍ផលិតជូនដល់ជនរួមជាតិខ្មែរក្រីក្រ ដូច្នេះជីវភាពពួកគេកាន់តែប្រសើរជាងមុន។ បច្ចុប្បន្ន ឃុំ Vien An បានបំពេញស្តង់ដារជនបទថ្មី ដោយមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់/ឆ្នាំ ឈានដល់ជាង ៥០ លានដុង។ នៅចុងឆ្នាំ២០២២ ក្រុមគ្រួសារក្រីក្រមានត្រឹមតែ ៣.២% ប៉ុណ្ណោះ។

leftcenterrightdel
ផ្លូវចូលភូមិ Cang ទីរួមស្រុក Tran De (ស្រុក Tran De) (រូបថត៖ baosoctrang.org.vn)

ដើម្បីជួយជនរួមជាតិខ្មែរផលិតប្រកបដោយប្រសិទ្ធភាព និងលើកកំពស់ផលិតភាព និងគុណភាពនៃដំណាំដាំដុះ និងសត្វ ស្រុក Tran De តែងតែបើកវគ្គបណ្តុះបណ្តាលលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការផលិត។ ទន្ទឹមនឹងនោះ ស្រុកក៏យកចិត្តទុកដាក់ និងជួយប្រជាជនខ្ចីដើមទុនរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ ពីធនាគារគោលនយោបាយសង្គម អង្គការ និងអង្គការមហាជន ដើម្បីអភិវឌ្ឍផលិតកម្ម ចិញ្ចឹមសត្វ និងធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។

តាមរយៈការស្វែងយល់ យើងបានដឹងថា នាពេលកន្លងមក ស្រុក Tran De បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ នៅឆ្នាំ២០២២ ស្រុក Tran De ត្រូវបានចែកថវិកាចំនួន ២៨.៤ ពាន់លានដុង។ ពីចំនួនថវិកានេះ និងប្រភពផ្សេងៗទៀត ស្រុកបានប្រគល់ដីលំនៅដ្ឋានដល់គ្រួសារចំនួន ៥៣ គ្រួសារ និងប្រគល់ផ្ទះដល់គ្រួសារចំនួន ៤២៨ គ្រួសារ ហើយជួយគ្រួសារ ២៣៣ គ្រួសារក្នុងការផ្លាស់ប្តូរការងារ ផ្តល់ទឹកស្អាតសម្រាប់គ្រួសារ ២៤៤ គ្រួសារដោយថវិកាជិត ២៤ ពាន់លានដុង។ល។ នៅឆ្នាំ ២០២៣ ស្រុកបន្តចែកថវិកាជាង ៣៦ ពាន់លានដុងសម្រាប់គម្រោងចំនួន ៦ ដោយរំពឹងថា ឆ្នាំនេះ ស្រុកនឹងសាងសង់សំណង់ថ្មីចំនួន ១០ ដែលមានតម្លៃសរុបជាង ៤២ ពាន់លានដុង និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរួមជាតិជាង ២ ពាន់នាក់ បង្កើតការងារកាន់តែច្រើន បង្កើនប្រាក់ចំណូលដល់ជនរួមជាតិជាង ៣,០០០ នាក់មកពីគ្រួសារជនជាតិភាគតិច និងគ្រួសារក្រីក្រ និងគ្រួសារជិតបន្ទាត់ក្រីក្រក្នុងស្រុក។

លោក Nguyen Trong Son ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tran De បានឲ្យដឹងថា កម្មវិធី និងគោលនយោបាយរបស់មជ្ឈិម និងគោលនយោបាយរបស់មូលដ្ឋាន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាបណ្តើរៗ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍផលិតកម្ម និងធ្វើឲ្យជីវភាពរបស់ប្រជាជនប្រសើរឡើង។ បច្ចុប្បន្ន ស្រុក Tran De មានឃុំចំនួន ៦/៩ ដែលត្រូវបានទទួលស្គាល់ថា បំពេញតាមស្តង់ដារជនបទថ្មី ក្នុងនោះមានឃុំចំនួន ២ ត្រូវបានទទួលជាជនបទថ្មីកម្រិតខ្ពស់។ គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងជួយដល់គ្រួសារក្រីក្រក្នុងការបង្កើតការងារ និងការអភិវឌ្ឍផលិតកម្ម ត្រូវបានអនុវត្តព្រមៗគ្នា។ នៅដំណាច់ឆ្នាំ ២០២២ ស្រុកនៅមានគ្រួសារក្រីក្រចំនួន ១,២០០ គ្រួសារ ស្មើនឹង ៤.០២% ក្នុងនោះគ្រួសារខ្មែរក្រីក្រចំនួន ៧៦៧ គ្រួសារ ស្មើនឹង ៥.៤៧% នៃចំនួនគ្រួសារជនជាតិខ្មែរសរុប។

ដោយទទួលបានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ និងមានការខិតខំរបស់ប្រជាជន ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅស្រុក Tran De កាន់តែមានភាពប្រសើរឡើង មុខមាត់ជនបទ ភូមិ មានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh