នៅខេត្ត Gia Lai តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម ដោយមានបាវចនាថា "មិនទុកនរណាម្នាក់ចោល" នាពេលកន្លងមក គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានអនុវត្តព្រមៗគ្នានូវដំណោះស្រាយក្នុងកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ កម្មវិធីនេះបានជួយគ្រួសារជនជាតិភាគតិចរាប់ពាន់គ្រួសារ រួចផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ កសាងជីវភាពប្រសើរឡើងជាងមុនហើយ។

leftcenterrightdel
គ្រួសារជនជាតិភាគតិចជាច្រើននៅស្រុក Krong Pa (ខេត្ត Gia Lai) មានជីវភាពប្រសើរឡើង ដោយសារថវិកាពីកម្មវិធីគោលដៅជាតិ (រូបថត៖ vnanet.vn)

ចាប់តាំងពីអនុវត្តប្រកបដោយនិរន្តរភាពនូវកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ កាលពីឆ្នាំ២០១៦ មក ជារៀងរាល់ឆ្នាំ គ្រួសារក្រីក្រនៅឃុំ Ia Ka ទទួលបានជំនួយក្នុងថវិការាប់រយលានដុងដើម្បីអនុវត្តសកម្មភាពកាត់បន្ថយភាពក្រីក្រ។ គណៈកម្មាធិការប្រជាជនឃុំ Ia Ka បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ច ក្នុងការស្ថិតិបរិមាណគ្រួសារក្រីក្រ វិភាគមូលហេតុនៃភាពក្រីក្រ រួចអនុវត្តកម្មវិធីស្របតាមសេចក្តីប្រាថ្នារបស់គ្រួសារនីមួយៗ។

បាវចនារបស់មូលដ្ឋានគឺគាំទ្រប្រជាជនបង្កើតការងារ ផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើ ដើម្បីលើកទឹកចិត្តគ្រួសារទាំងឡាយរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ លោក Ro Cham Glai មេភូមិ Mrong Ngo លេខ៣ បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ ភូមិ Mrong Ngo លេខ៣ មានគ្រួសារក្រីក្រចំនួន ៥ គ្រួសារ ដែលត្រូវបានឧបត្ថម្ភពូជគោ។ បន្ទាប់មក មេគោពូជនឹងត្រូវបញ្ជូនឲ្យគ្រួសារក្រីក្រផ្សេងទៀត ព្រោះគ្រួសារដែលចិញ្ចឹមមុនមានជីវភាពធូរធាររួចហើយ ដូច្នេះគេបន្តជូនទៅគ្រួសារដែលជួបការលំបាក”។

នាពេលកន្លងមក ដោយអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ខេត្ត Gia Lai បានបញ្ចេញថវិកាជាង ១.៤០០ ពាន់លានដុង ដើម្បីឧបត្ថម្ភការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅស្រុក និងភូមិក្រីក្រ។

ក្នុងដំណាក់កាល ២០១៦-២០២១ ខេត្ត Gia Lai ទាំងមូលបានកាត់បន្ថយចំនួនគ្រួសារក្រីក្រ មកត្រឹម ១៥.៧៥% (ជាមធ្យមកាត់បន្ថយជាង ៣.១៥% ក្នុងមួយឆ្នាំ) ជាពិសេស អត្រាគ្រួសារជនជាតិភាគតិចក្រីក្របានថយចុះជាមធ្យមលើសពី ៥.៣៣% ក្នុងមួយឆ្នាំ។ ចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ខេត្តមិនមានគ្រួសារក្រីក្រដែលមានគុណបំណាច់ចំពោះបដិវត្តន៍ទៀតទេ។ អត្រាគ្រួសារក្រីក្រនៅក្នុងស្រុក និងឃុំដែលមានការលំបាកពិសេសក៏ថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹងការប្តេជ្ញាចិត្ត និងការប្ដេជ្ញាចិត្តរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន ភាពក្រីក្រនៅខេត្ត Gia Lai ត្រូវបានរុញថយក្រោយបន្តិចម្តងៗ៕

បកប្រែដោយ Thuy Anh