ទឹកចិត្តមនោសញ្ចេតនានៅតំបន់ជាយដែន Pu Nhi
កប.អនឡាញ - ឃុំ Pu Nhi (ស្រុក Muong Lat ខេត្ដ Thanh Hoa) មានព្រំប្រទល់ជាប់ប្រទេសឡាវប្រវែង ១៥ គីឡូម៉ែត្រ ដោយប្រជាជនជិត ៧៥% ជាជនជាតិ Mong (ម៉ុង)។ ក្នុងប៉ុន្មានឆ្នាំកន្លងនេះ Pu Nhi ត្រូវបានគេស្គាល់ថាជា "ចំណុចក្តៅ" សម្រាប់ឧក្រិដ្ឋកម្មគ្រឿងញៀន ហើយស្ថានភាពនៃការធ្វើចំណាកស្រុកបានធ្វើឱ្យស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់មានភាពស្មុគស្មាញយ៉ាងខ្លាំង។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះគឺលំបាកខ្លាំងណាស់។ ប៉ុន្ដែរហូតមកដល់ពេលនេះ Pu Nhi បានរីកចម្រើនបន្តិចម្តងៗ ឧក្រិដ្ឋកម្មគ្រឿងញៀនបានថយចុះយ៉ាងខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ប្រសើរឡើង។
ក្នុងឱកាសត្រឡប់មកឃុំ Pu Nhi វិញ នាពេលថ្មីៗនេះ យើងខ្ញុំបានឃើញថា ផ្លូវតភ្ជាប់ពីកណ្ដាលឃុំមកភូមិ Com ពីមុនត្រូវបានជំនួសដោយផ្លូវបេតុងធំទូលាយ។ សងខាងផ្លូវមានដើមឈើខៀវស្រងាត់ ផ្ទះថ្មីក៏បានច្រើនជាងមុនដែលបង្ហាញថា ជីវភាពរស់នៅតាមតំបន់ព្រំដែននេះប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមលោកស្រី Nguyen Thi Thu លេខាគណៈកម្មាធិការបក្សឃុំ Pu Nhi បានឲ្យដឹងថា ការផ្លាស់ប្តូរថ្ងៃនេះ គឺបានមកពីការជួយឧបត្ថម្ភពីស្ថាប័ន គ្រប់លំដាប់ថ្នាក់ រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបុគ្គលិកនៃក្រុមផលិតកម្មលេខ ៤ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៥ យោធភូមិភាគទី ៤។
    |
 |
កម្មាភិបាលនិងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៥ ណែនាំអ្នកឃុំ Pu Nhi អំពីបច្ចេកទេសចិញ្ចឹមសត្វ |
តាមរយៈការស្វែងយល់ យើងខ្ញុំដឹងថា ការឈរជើងនៅតំបន់ Pu Nhi ជាមួយនឹងភារកិច្ចជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ពង្រឹងការការពារជាតិ និងសន្តិសុខ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើការរកស៊ីរបស់បងប្អូនជនជាតិបានមកពីការបញ្ចុះបញ្ចូលរបស់កម្មាភិបាល និងបុគ្គលិកនៃក្រុមផលិតកម្មលេខ៤ ព្រោះច្រើនជំនាន់មកហើយ ប្រជាជននៅតំបន់នេះស្គាល់ពីការធ្វើស្រែចំការចាស់កម្រិល ហើយមិនជឿលើពូជស្រូវ ពូជពោត និងគោរបស់កងទ័ពអាចរីកលូតលាស់ និងចិញ្ចឹមល្អជាងពូជរបស់ពួកគេឡើយ។ ដោយយល់ពីគំនិតនិងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី និងគម្រោងនោះ កម្មាភិបាលនិងបុគ្គលិកនៃក្រុមផលិតកម្មលេខ ៤ បានប្រមូលផ្តុំ និងជួយដល់គ្រួសារកម្មាភិបាលនៅមូលដ្ឋាន និងព្រឹទ្ធាចា្យ មេភូមិក្នុងការសាកល្បងដាំពោត ដាំស្រូវសើម និងចិញ្ចឹមគោ...។
វាលស្រែរបស់គ្រួសារលោក Ho Chu Chinh នៅភូមិ Com ត្រូវបានកម្មាភិបាល និងបុគ្គលិកនៃក្រុមផលិតកម្មលេខ ៤ ជួយសាងសង់ប្រព័ន្ធទឹកពីទំនប់ Ca Top មកដល់វាលស្រែ ហើយក្នុងរដូវដំបូងដែលគ្រួសារគាត់ប្រមូលស្រូវបានជិត ១០ បាវ។ ទន្ទឹមនឹងនោះ ក្រុមផលិតកម្មលេខ ៤ បានជួយដល់គ្រួសារលោក Chinh នូវគ្រាប់ពូជពោត និងជី ១០ គីឡូក្រាម ហើយណែនាំអំពីបច្ចេកទេសធ្វើស្រែ។ ដោយមានពូជពោតថ្មីនិងវិធីសាស្រ្តដាំប្រកបដោយប្រសិទ្ធភាព ទិន្នផលពោតរបស់គ្រួសារលោក Chinh បានច្រើនជាងគ្រួសារដទៃទៀត។ ដោយឃើញបែបនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិបានមករកបុគ្គលិកនៃក្រុមផលិតកម្មលេខ៤ ដើម្បីសូមការណែនាំបច្ចេកទេសថែទាំ និងសូមជួយគាំទ្រគ្រាប់ពូជពោត និងជី។
លោកវរសេនីយ៍ត្រី Tran Quoc Thai ប្រធានក្រុមផលិតកម្មលេខ ៤ បានចែករំលែកថា៖ “ដើម្បីជួយប្រជាជនកាត់បន្ថយភាពក្រីក្រមួយជំហានម្តងៗ ក្រៅពីការកសាងគំរូដាំដុះស្រូវសើម និងពោត ក្រុមក៏ជួយឧបត្ថម្ភគោពូជដល់គ្រួសារមួយចំនួន និងណែនាំបច្ចេកទេសថែទាំទៀតផង។ គ្រួសារដែលទទួលបានគោពូជរួចហើយ យើងខ្ញុំចាត់កម្មាភិបាល និងបុគ្គលិកទៅជួយណែនាំនិងជួយសាងសង់ទ្រុងដែលមានចម្ងាយពីកន្លែងដែលពួកគេរស់នៅ និងជួយការដាំស្មៅដំរីទុកជាអាហារបម្រុងសម្រាប់សត្វគោ។
មិនត្រឹមតែជួយប្រជាជនចិញ្ចឹមសត្វ និងដាំដំណាំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ កម្មាភិបាល អ្នកស្ម័គ្រចិត្ត អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៥ ក៏បានបើកថ្នាក់បង្រៀនអក្សរដល់ប្រជាពលរដ្ឋនៅតំបន់ដែលអង្គភាពឈរជើងផងដែរ។ លោកស្រី Vi Thi Tham នៅភូមិ Na Tao បាននិយាយថា “កាលពីមុន ដោយមិនចេះអាន វាពិបាកណាស់សម្រាប់ធ្វើអ្វីទាំងអស់។ ចាប់តាំងពីថ្ងៃដែលកងទ័ព និងអ្នកស្ម័គ្រចិត្ដនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៥ បង្រៀនអក្សរខ្ញុំបានចេះអានសៀវភៅដើម្បីអនុវត្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វនិងបើកហាងលក់ទំនិញនេះ ជីវភាពរស់នៅមិនពិបាកដូចពីមុនទៀតទេ។ មិនត្រឹមតែគ្រួសារខ្ញុំប៉ុណ្ណោះទេ ថែមទាំងគ្រួសារជាច្រើនក្នុងភូមិផងដែរ ដោយសារតែការជួយ និងរៀនអក្សរពីកងទ័ពបានជួយអ្នកភូមិរួចផុតពីភាពក្រីក្របន្តិចម្តងៗ"៕
ក្រោយរយៈពេលជិត ២០ ឆ្នាំដែលឈរជើងនៅទឹកដី Muong Lat កម្មាភិបាលនិងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៥ មិនត្រឹមតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដោយសំណង់ និងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានកសាងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនទៀតផង៕
បកប្រែដោយ Pham Diep