ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនទីក្រុងហូជីមិញ ក្នុងគោលបំណងបូកសរុបសកម្មភាពស្ម័គ្រចិត្តអន្តរជាតិក្នុងក្របខ័ណ្ឌនៃយុទ្ធនាការរដូវក្តៅបៃតងលើកទី៣២ ព្រមទាំង បង្កើតឱកាសសម្រាប់យុវជនមកពីប្រទេសផ្សេងៗគ្នា ផ្លាស់ប្តូរ និងពិភាក្សាអំពីគំនិតផ្តួចផ្តើមស្ម័គ្រចិត្ត។

ព្រឹត្តិការណ៍នេះមានសកម្មភាពជាច្រើនដូចជា សិក្ខាសាលាអ្នកជំនាញ ការពិភាក្សាជាក្រុម ការស្វែងយល់អំពីវប្បធម៌អាស៊ាន និងលេងល្បែងប្រជាប្រិយ។

leftcenterrightdel
និស្សិតស្ម័គ្រចិត្តមកពីបណ្តាប្រទេសអាស៊ាន (រូបថត៖ giaoducthoidai.vn)

ក្នុងពិធីបូកសរុបដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល ប្រតិភូបានរំលឹកឡើងវិញអំពីដំណើរការក្នុងរយៈពេល ២៨ ថ្ងៃរបស់និស្សិតអន្តរជាតិជិត ២០០ នាក់ក្នុងយុទ្ធនាការរដូវក្តៅបៃតងឆ្នាំនេះ។ និស្សិតមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម... បានចូលរួមការបង្រៀន ការការពារបរិស្ថាន កែលម្អសោភណ្ឌភាពទេសភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

ក្នុងពិធីបូកសរុប លោកស្រី Saraswathy Kandasami ព្រឹទ្ធសមាជិក អនុរដ្ឋមន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិនៃប្រទេសម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា ភាពធន់ ការលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អ្នកស្ម័គ្រចិត្តអន្តរជាតិ គឺជាកម្លាំងចលករសម្រាប់សហគមន៍។ លោកស្រីព្រឹទ្ធសមាជិកក៏បានអះអាងពីតួនាទីត្រួសត្រាយរបស់យុវជនក្នុងការអនុវត្តចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ និងអំពាវនាវឲ្យមានការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព និងអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Thuy Anh