វៀតណាមមានកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងអាស៊ាន នៅឆ្នាំ២០២៥
កប.អនឡាញ - របាយការណ៍អន្តរជាតិនានាដែលចេញផ្សាយនាពេលថ្មីៗនេះបានកត់ត្រាទំនុកចិត្តកាន់តែកើនឡើងលើយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២៥ ខណៈដែលសសរស្តម្ភកំណើនសំខាន់ៗបានស្ដារឡើងវិញប្រកបដោយចីរភាព។
ជាមួយនឹងការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) ៨.២៣% នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៥ វៀតណាមនៅតែបន្តនាំមុខគេក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន-៦) ដោយវ៉ាដាច់ប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៥ GDP បានកើនឡើង ៧.៨៥% ដោយរក្សាតួនាទីជាសេដ្ឋកិច្ចមួយក្នុងចំណងសេដ្ឋកិច្ចមានការអភិវឌ្ឍលឿនបំផុតនៅក្នុងតំបន់។
អង្គការអន្តរជាតិមិនត្រឹមតែវាយតម្លៃខ្ពស់ចំពោះអត្រាកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតុល្យភាពនៃរចនាសម្ព័ន្ធកំណើនរបស់វៀតណាមផងដែរ។ វិស័យសេដ្ឋកិច្ចទាំងបីបានពង្រីកយ៉ាងខ្លាំង៖ ឧស្សាហកម្ម និងសំណង់បានកើនឡើង ៨.៦៩% សេវាកម្មបានកើនឡើង ៨.៤៩% និងកសិកម្មបានកើនឡើង ៣.៨៣%។
សូម្បីតែនៅក្នុងបរិបទនៃគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ នៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២៥ ឧស្សាហកម្មផលិតកម្មនៅតែរក្សាអត្រាកំណើនស្ថិរភាព។ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ សម្រេចបាន ៥៣.៨ ពិន្ទុ ដែលទាបជាងខែមុន ប៉ុន្តែនៅនៅតែខ្ពស់ជាងកម្រិត ៥០ ពិន្ទុ ដែលបង្ហាញថាបរិយាកាសអាជីវកម្មនៅតែបន្តត្រូវបានធ្វើឲ្យប្រសើរឡើង ហើយឧស្សាហកម្មកែច្នៃ និងផលិតកម្មរក្សាបាននូវសន្ទុះងើបឡើងវិញក្នុងរយៈពេល ៥ ខែជាប់ៗគ្នា។
ទិន្នន័យនាពេលថ្មីៗនេះរបស់នាយកដ្ឋានគយវៀតណាមក៏បានបង្ហាញផងដែរថា ពាណិជ្ជកម្មរបស់វៀតណាមបានបន្តពង្រីកគួរឱ្យចាប់អារម្មណ៍។ គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនៃការនាំចូល-នាំចេញសម្រេចបានជាង ៨០១ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។
សន្ទុះងើបឡើងវិញក៏ត្រូវបានពង្រឹងដោយកត្តាជំរុញសំខាន់ៗផ្សេងទៀតផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកក្នុងប្រទេសវៀតណាមក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២១.៣ ពាន់លានដុល្លារអាមេរិក ដែលជាអត្រាខ្ពស់បំផុតក្នុងវដ្ត ១០ ខែក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ ការប្រើប្រាស់ក្នុងស្រុកបានងើបឡើងវិញយ៉ាងខ្លាំង ដោយការលក់រាយក្នុងរយៈពេល ១០ ខែដំបូងបានកើនឡើង ៩.៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលផ្នែកទេសចរណ៍បានកើនឡើងជាមួយនឹងការទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ១៥.៤ លាននាក់ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ហើយវៀតណាមស្ថិតក្នុងក្រុមគោលដៅទេសចរណ៍ដែលមានអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោក។
ក្នុងតំបន់ ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាស៊ាន-៦ បានលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់វៀតណាម។ នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៥ ប្រទេសម៉ាឡេស៊ីបានកត់ត្រាអត្រាកំណើន ៥.២% ហើយប្រទេសឥណ្ឌូនេស៊ីរក្សាកំណើនស្ថិរភាពនៅ ៥%។
ផ្ទុយទៅវិញ សេដ្ឋកិច្ចធំៗជាច្រើនទៀតកំពុងប្រឈមមុខនឹងសម្ពាធក្នុងការបង្រួមកំណើន។ GDP របស់ប្រទេសហ្វីលីពីនបានធ្លាក់ចុះយ៉ាងខ្លាំងដល់ ៤% ដែលទាបជាងការព្យាករណ៍ ដោយសារការចុះខ្សោយនៃការប្រើប្រាស់គ្រួសារ និងការវិនិយោគឯកជន។ ប្រទេសសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍបំផុតនៅក្នុងតំបន់អាស៊ាន ក៏បានជួបប្រទះនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចផងដែរ ជាមួយនឹងការកើនឡើង GDP ត្រឹមតែ ២.៩% ប៉ុណ្ណោះ ដែលធ្លាក់ចុះយ៉ាងខ្លាំងពី ៤.៥% នៅក្នុងត្រីមាសទី ២ នៃឆ្នាំ២០២៥។ ប្រទេសថៃនៅតែបន្តនៅចំណុចទាបនៅក្នុងតំបន់ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រឹមតែ ១.២% នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២១។
កំណើនគួរឲ្យចាប់អារម្មណ៍របស់សេដ្ឋកិច្ចប្រទេសវៀតណាមបានបញ្ជាក់ពីតួនាទីជាកម្លាំងចលករថ្មីមួយរបស់អាស៊ាន ជាមួយនឹងអត្រាពង្រីកសេដ្ឋកិច្ចខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងតំបន់ច្រើនដង។ យោងតាមអ្នកសង្កេតការណ៍អន្តរជាតិ ប្រទេសវៀតណាមកំពុងចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដែលភាពបត់បែននៃគោលនយោបាយ គុណភាពនៃការផលិត និងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម និងការបើកចំហរនៃសេដ្ឋកិច្ច នឹងបន្តជាកត្តាសំខាន់ៗ ជួយរក្សាតួនាទីជាសេដ្ឋកិច្ចដែលមានការអភិវឌ្ឍលឿនបំផុតមួយនៅអាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
បកប្រែដោយ Thuy Anh