ការពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនានា
កប.អនឡាញ - កិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេស គឺជាផ្នែកមួយដ៏សំខាន់នៃការទូតប្រជាជន ដែលជាផ្នែកមួយមិនអាចខ្វះបាននៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់វៀតណាម។ នោះគឺជាការអះអាងរបស់លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងសន្និសីទអន្តរជាតិលើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស និងដៃគូនានាសម្រាប់ការអភិវឌ្ឍដ៏រុងរឿង និងប្រកបដោយចីរភាព ដែលបានធ្វើឡើងនៅថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រតិភូជាង ៥០០ នាក់ ដែលតំណាងឱ្យក្រសួង ស្ថាប័ន តំបន់មូលដ្ឋាន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលបរទេស និងសហគ្រាសធុរកិច្ចជាច្រើន។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការទទួលបន្ទុកអង្គការមិនមែនរដ្ឋាភិបាលបរទេស និងសហភាពអង្គការមិត្តភាពវៀតណាម ដោយមានគោលបំណងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេសក្នុងដំណាក់កាល ២០១៩-២០២៥ បុកសរុបសង្ខេបមេរៀនបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រង និងការប្រើប្រាស់ជំនួយមិនមែនរដ្ឋាភិបាលពីបរទេស ហើយលើកឡើងទិសដៅ និងដំណោះស្រាយសម្រាប់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
    |
 |
|
ប្រតិភូអញ្ជើញចូលរួមថតរូបជាអនុស្សាវរីយ៍ |
ក្នុងរយៈពេល ២០១៩-២០២៥ ទោះបីជាបរិបទអន្តរជាតិបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅវៀតណាមក៏ដោយ ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ភាពច្នៃប្រឌិត ការគិតគូរគន្លងថ្មីជាដើមរបស់ក្រសួង ស្ថាប័ន អង្គការ និងមូលដ្ឋាននានា។ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៧៩ កំពុងធ្វើប្រតិបត្តិការជាប្រចាំនៅវៀតណាម ដែលមានតម្លៃជំនួយសរុបជិត ១.១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ២០២០-២០២៤។ គម្រោងនានាត្រូវបានរីករាលដាលគ្រប់ទីតាំងក្នុងប្រទេស ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ការថែទាំសុខភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការដោះស្រាយបញ្ហាសង្គម ការអប់រំ-បណ្តុះបណ្តាល ធនធានធម្មជាតិ ការកសាងសមត្ថភាពអង្គការ និងជំនួយផ្នែកច្បាប់ជាដើម។
ដោយទទួលស្គាល់ និងកោតសរសើរចំពោះការរួមចំណែកជាក់ស្តែង និងប្រកបដោយចីរភាពរបស់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូជាច្រើនចំពោះប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់អង្គការមិនមែនរដ្ឋាភិបាលបរទេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការកៀរគរចំណេះដឹង បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមអភិបាលកិច្ចពីសហគមន៍អន្តរជាតិចូលមកប្រទេសវៀតណាម ប្រការនេះបង្ហាញពីស្មារតីទទួលខុសត្រូវ ការស្រឡាញ់ និងការផ្តល់តំលៃចំពោះប្រទេស និងប្រជាជនវៀតណាមទាំងមូល។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល គឺជាផ្នែកមួយដ៏សំខាន់នៃការទូតរវាងប្រជាជន និងប្រជាជន ដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រីកតម្លៃមនុស្សធម៌ និងការពង្រឹងទំនាក់ទំនងរវាងវៀតណាម និងមិត្តភក្តិអន្តរជាតិ។ សារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការនេះ មិនត្រឹមតែមកពីធនធានហិរញ្ញវត្ថុដែលអង្គការនានានាំមកប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺមកពីចំណេះដឹង បទពិសោធន៍អន្តរជាតិ ភាពច្នៃប្រឌិត មនុស្សធម៌ និងវិធីសាស្រ្តថ្មីៗក្នុងការអភិវឌ្ឍសហគមន៍ - ជាកត្តាដែលមិនមែនបណ្តាញសហប្រតិបត្តិការណាក៏មាននោះទេ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា "កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស មិនត្រឹមតែមានអត្ថន័យបំពេញបន្ថែមប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដែលមិនអាចខ្វះបាននៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ"។
នៅក្នុងសន្និសីទនេះ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលនឹងបន្តមានគោលនយោបាយដើម្បីបង្កលក្ខណងាយស្រួលសម្រាប់រាល់អង្គការមិនមែនរដ្ឋាភិបាលបរទេស និងលើកទឹកចិត្តអង្គការមិនមែនរដ្ឋាភិបាលបរទេសឱ្យចម្លងគំរូសហប្រតិបត្តិការពហុភាគី។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យរាល់ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងតំបន់មូលដ្ឋាននានាមានភាពច្នៃប្រឌិតលើវិធីគិត និងការគ្រប់គ្រងរបស់ពួកគេ ឆ្ពោះទៅរកការផ្តោតលើការបម្រើប្រជាជន និងបម្រើការអភិវឌ្ឍសហគមន៍។ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីភាពអន្តរជាតិ សុច្ឆន្ទៈ និងភាពច្នៃប្រឌិត សន្និសីទនេះនឹងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មីៗ វិធីសាស្រ្តថ្មីៗ និងការប្តេជ្ញាចិត្តថ្មីៗនៅក្នុងរយៈពេលឆ្នាំ ២០២៥-២០៣០។
ជាមួយនឹងវគ្គពេញអង្គចំនួន ២ និងសិក្ខាសាលាចំនួន ៤ ដែលផ្តោតលើវិស័យក្តៅបំផុតនាពេលបច្ចុប្បន្ននេះ ដូចជាការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់... សន្និសីទនេះបានបង្កើតឱកាសដ៏សំខាន់មួយសម្រាប់ប្រតិភូក្នុងស្រុក និងបរទេស រួមទាំងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ អ្នកផ្តល់ជំនួយ អាជីវកម្ម និងអង្គការសង្គម ដើម្បីពិភាក្សា និងស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗ។
ជាពិសេស សន្និសីទបានឯកភាពគ្នាលើទស្សនៈថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការមិនមែនរដ្ឋាភិបាលបរទេសត្រូវការផ្លាស់ប្តូរយ៉ាងទូលំទូលាយពីកិច្ចសហប្រតិបត្តិការជំនួយទៅជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយរួមបញ្ចូលការគាំទ្រផ្នែកហិរញ្ញវត្ថុជាមួយនឹងការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍អន្តរជាតិ ការពង្រីកគំរូសហប្រតិបត្តិការពហុភាគី បង្កើនការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូនានាក្នុងស្រុកក្នុងការអនុវត្តគម្រោងទាំងអស់។ រាល់ការតម្រង់ទិសដៅរួមត្រូវបាន រំពឹងទុកថា នឹងបង្កើតសន្ទុះដើម្បីលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាមសម្រាប់រយៈពេល ២០២៦-២០៣០៕
បកប្រែដោយ Minh Trung