លោក Ho Van Luong លេខាគណៈកម្មាធិការបក្សភូមិ Ta Bang បានមានប្រសាសន៍ថា៖ “ភូមិនេះភាគច្រើនជាជនជាតិ Van Kieu រស់នៅ។ ដោយសារទទួលបានជំនួយពីកម្មាភិបាល បុគ្គលិក និងនិយោជិតនៃក្រុមផលិតកម្មទី៣ (អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ នៃយោធភូមិភាគលេខ​ ៤) និងប៉ុស្តិ៍ការពារព្រំដែន Cu Bai (កងទ័ពការពារព្រំដែនខេត្ត Quang Tri) បានជាគ្រប់បញ្ហាជាកង្វល់តាំងពីយូរមកហើយរបស់បងប្អូននៅទីនេះ ដូចជាការចិញ្ចឹមសត្វពាហនៈ និងបសុបក្សីនៅក្រោមផ្ទះ; ការឈឺថ្កាត់មិនបានទៅពេទ្យតែអញ្ជើញគ្រូធ្មប់មកធ្វើពិធីសែនជាដើមត្រូវបានដោះស្រាយទាំងស្រុងជាដាច់ណាត់។ ប៉ុន្តែសប្បាយជាងគេនោះគឺ ក្មេងៗតាំងពីថ្ងៃមានសាលាមត្តេយ្យមក ពួកគេលែងត្រូវដើរតាមឳពុកម្តាយទៅស្រែចម្ការទៀតទេ តែអាចចូលសាលារៀនរាំ រៀនច្រៀង អានកំណាព្យ…។

leftcenterrightdel
អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ជួយណែនាំប្រជាជនចេះរបៀបដាំដុះដំណាំឱ្យមានទិន្នផលល្អ

ស្វែងយល់ យើងខ្ញុំបានដឹងថា ភូមិ Ta Bang ស្ថិតនៅត្រង់ចំណុចក្បាលទឹកនៃអូរ Se Bang Hieng ដែលពីមុនស្ទើរតែត្រូវកាត់ផ្តាច់ពពិភពខាងក្រៅ ដោយជួរភ្នំខ្ពស់ៗ និងអូរជ្រៅ ដូច្នេះហើយការរស់នៅរបស់ប្រជាជននៅក្នុងភូមិនេះខ្វះស្បៀងអាហារពេញមួយឆ្នាំ។ ជាមួយនឹងការវិនិយោគរបស់រដ្ឋ និងការជួយគាំទ្រពីអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ខ្សែផ្លូវពីកណ្តាលឃុំ Huong Lap ទៅភូមិ Ta Bang ត្រូវបានពង្រីក ហើយបណ្តាញអគ្គិសនីជាតិបានទៅដល់គ្រប់គ្រួសារទាំងអស់ហើយ។ លោកវរសេនីយ៍ទោ Nguyen Duy Thai ប្រធានក្រុមផលិតកម្មលេខ៣ បានចែករំលែកថា៖ “ជាមួយនឹងបាវចនា ៤ រួមគ្នា (ហូបរួមជុំគ្នា រស់នៅរួមជាមួយគ្នា ធ្វើការរួមជាមួយគ្នា និងនិយាយភាសាដូចគ្នា) បន្ទាប់ពីរស់នៅជាមួយភូមិជាង ១៥ ឆ្នាំមក បងប្អូនយើងខ្ញុំបានចលនាប្រជាជនឱ្យលុបបំបាត់ចោលនូវទំលាប់ធ្វើកសិកម្មដែលហួសសម័យជាបណ្តើរៗ បែទៅ អនុវត្តវិធីថ្មីក្នុងការធ្វើអាជីវកម្មដូចជា៖ ការចិញ្ចឹមសត្វតាមគំរូកសិដ្ឋាន ការកាប់ឆ្កាគាស់រានដីទំនេរតាមដងអូរដើម្បីធ្វើស្រែទឹក... អភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។

ក្រៅពីការអនុវត្តគម្រោងនានាប្រកបដោយប្រសិទ្ធភាព មន្ត្រី និងនិយោជិតនៃក្រុមផលិតកម្មលេខ៣ ក៏បានជ្រើសរើសគ្រួសារមួយចំនួនក្នុងភូមិសម្រាប់ការកសាងគំរូចិញ្ចឹមបសុសត្វ និងការធ្វើផលិតកម្មជាគំរូ បន្ទាប់នោះចម្លងតាមភូមិទាំងមូល។

យោងតាមលោក Ho Van Luong ដោយសារមានជំនួយពីកងទ័ពនោះ បានជាគ្រួសារជាច្រើននៅភូមិ Ta Bang បានចេះអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកទេសចូលក្នុងការចិញ្ចឹមសត្វពាហនៈ និងផលិតកម្ម ដូច្នេះហើយ អត្រានៃភាពក្រីក្របានថយចុះយ៉ាងខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Minh Trung