បច្ចុប្បន្ននេះ បណ្តាញឧបករណ៍វេជ្ជសាស្ដ្រ និងបុគ្គលិកវេជ្ជសាស្ដ្រក៏ដូចជាគុណភាពនៃការពិនិត្យសុខភាព និងការព្យាបាលជំងឺនៅតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរវិជ្ជមាន។ យោងតាមការស្ថិតិរបស់គណៈកម្មាធិការជនជាតិ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ឃុំចំនួន ៩៩.៥% នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំមានមណ្ឌលសុខភាព ដែលក្នុងនោះមណ្ឌលសុខភាពចំនួន  ៨៣.៥% ឆ្លើយតបបានតាមស្តង់ដារជាតិ; មណ្ឌលសុខភាពចំនួន ៧៧.២% មានវេជ្ជបណ្ឌិត។ ជាពិសេស រដ្ឋមានគោលនយោបាយផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពឥតគិតថ្លៃដល់បងប្អូនជនជាតិភាគតិចដែលកំពុងរស់នៅក្នុងតំបន់មានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលដល់ជនជាតិភាគតិចក្នុងការពិនិត្យសុខភាព និងព្យាបាលជំងឺ។ ប្រសិនបើក្នុងឆ្នាំ ២០១៦ ជនជាតិភាគតិចចំនួន ៩១% មានប័ណ្ណធានារ៉ាប់រងសុខភាព គឺរហូតមកដល់ពេលនេះចំនួននេះគឺលើសពី ៩៦%។

leftcenterrightdel
រូបថតឧទាហរណ៍ (congthuong.vn)

យោងតាមលោក Phung Quoc Huy អនុប្រធានការិយាល័យគោលនយោបាយសង្គមនៃនាយកដ្ឋានគោលនយោបាយជនជាតិ គណៈកម្មាធិការជនជាតិបានឲ្យដឹងថា ទោះបីទទួលបានសមិទ្ធិផលជាច្រើន ជាពិសេសអត្រាជនជាតិភាគតិចមានប័ណ្ណធានារ៉ាប់រងសុខភាពខ្ពស់ក៏ដោយ ក៏ការពិនិត្យសុខភាព និងព្យាបាលជំងឺរបស់បងប្អូនជនជាតិភាគតិចនៅមានកម្រិត។ ប្រការនេះ បានមកពីស្ថានភាពសេដ្ឋកិច្ចលំបាក និងកន្លែងស្នាក់នៅឆ្ងាយពីមណ្ឌលសុខភាព ការធ្វើដំណើរមិនងាយស្រួល រួមជាមួយការយល់ដឹងរបស់ជនជាតិភាគតិចមួយផ្នែកនៅមានកម្រិតដែលប៉ះពាល់យ៉ាងខ្លាំងដល់ការទទួលសេវាកម្មសុខភាពរបស់ជនជាតិភាគតិច។

លើសពីនេះទៀត នាពេលបច្ចុប្បន្ននេះ តំបន់ជនជាតិភាគតិច្ចនៅកង្វះបុគ្គលិកវេជ្ជសាស្ដ្រមានសមត្ថភាពខ្ពស់ ហើយនៅមានមណ្ឌលសុខភាពចំនួន ២០% គ្មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ក្នុងការពិនិត្យសុខភាព និងព្យាបាលជំងឺ  ជាពិសេសកង្វះឧបករណ៍វេជ្ជសាស្រ ប្រការនេះបាននាំឲ្យស្ថានការណ៍ “ផ្ដល់ប័ណ្ណធានារ៉ាប់រងសុខភាពគ្រប់គ្រាន់ដោយឥតគិតថ្លៃ តែមិនសូវមានអ្នកទៅពិនិត្យសុខភាព” (ទោះបីជាអត្រាជនជាតិភាគតិចត្រូវបានផ្ដល់ប័ណ្ណធានារ៉ាប់រងច្រើនក៏ដោយ ក៏អត្រាជនជាតិភាគតិចទៅពិនិត្យសុខភាពនៅមានកម្រិតទាបនៅឡើយ)។ យោងតាមស្ថិតិរបស់គណៈកម្មាធិការជនជាតិ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អត្រាពិនិត្យសុខភាពរបស់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំស្ថិតនៅឃុំមានតែ ២០%។ នេះមានន័យថា ចំណាយទឹកប្រាក់សម្រាប់ការពិនិត្យសុខភាពនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំនៅមានច្រើននោះ វាបានប៉ះពាល់ដល់ប្រសិទ្ធភាពនៃគោលនយោបាយធានារ៉ាប់រងសុខភាព - គឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសុខុមាលភាពសង្គមសំខាន់របស់បក្សនិងរដ្ឋ។

ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការពិនិត្យសុខភាពនៅតំបន់ជនជាតិភាគតិច និងជួយបងប្អូនជនជាតិភាគតិចទទួលបានសេវាកម្មសុខភាពនិងគោលនយោបាយដែលកំណត់ដោយច្បាប់ស្ដីពីការធានារ៉ាប់រងសុខភាព នាពេលខាងមុខ ចាំបាច់ត្រូវបង្កើនការណែនាំនិងការផ្សព្វផ្សាយអំពីសិទ្ធិនិងអត្ថប្រយោជន៍នៅពេលពិនិត្យសុខភាពដល់បងប្អូនជនជាតិភាគតិច្ច ជំរុញការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឧបករណ៍វេជ្ជសាស្ដ្រ ជាពិសេសក្រុមកម្មាភិបាលននិងបុគ្គលិកវេជ្ជសាស្ដ្រនៅតំបន់ដើម្បីធានាឲ្យបាននូវបរិមាណនិងគុណភាពល្អ។ ទន្ទឹមនឹងនោះចាំបាច់ត្រូវបំពេញបន្ថែមគោលនយោបាយជួយការអភិវឌ្ឍផ្នែកវេជ្ជសាស្ដ្របុរាណដែលផ្សាភ្ជាប់ជាមួយការព្យាបាលជំងឺបែបប្រពៃណីជាមួយវេជ្ជសាស្ដ្រទំនើប រួមចំណែកជួយបងប្អូនជនជាតិភាគតិចអាចជ្រើសរើសនិងទទួលបានវិធីព្យាបាលសមស្រប៕

បកប្រែដោយ Pham Diep